Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ពិនិត្យទំនិញនៅផ្សារដើមគរ បានដកហូតទំនិញម៉ាក MEI ZAN ម្សៅបំពងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២១កញ្ចប់ រួចដុតបំផ្លាញចោលភ្លាមៗ

12-12-2019 11:12

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលតែងតែគិតគូពីសុខភាពបងប្អូនប្រជាពលរដ្ឋ ក្នុងការទទួលទានប្រចាំថ្ងៃ ទើបនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីកាំកុងត្រូល មន្រ្តីមន្ទីរពិសោធន៍សហការមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារដើមគ ក្នុងខណ្ឌទួលគោក ចុះត្រួតពិនិត្យទំនិញ ម្ហូបអារហារវេចខ្ចប់ស្រេច ម្ហូបអាហារកែច្នៃក្នុងស្រុក ស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព និងទំនិញដែលមានហានិភ័យខ្ពស់ ដែលជនខិលខូចមួយចំនួន លួចបញ្ចេញមកលក់ ចែកចាយលើទីផ្សារ។

លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលដឹកនាំចុះពិនិត្យផ្ទាល់បានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ មន្ត្រីរបស់លោកបានយកគំរូចំនួន ៤៤គំរូ មកពិសោធន៍រថយន្ត ចល័តដើម្បី រកសារធាតុគីមីហាមឃាត់ ដោយជាលទ្ឋផលបានដកហូតម្សៅបំពងម៉ាក MEIZAN ផុតកំណត់ប្រើប្រាស់ចំនួន ២១កញ្ចប់ និងធ្វើការបំផ្លាញចោលនៅនឹងកន្លែងទៅតាមនីតិវិធី ហើយទំនិញផ្សេងទៀតពុំមានសារធាតុគីមីហាមឃាត់ទេ។

លោកបន្តថា មន្ត្រីកាំកុងត្រូលបានធ្វើការណែនាំនិងសំណូមពរដល់អាជីវករទាំងអស់ សូមកុំលួចលាក់បន្ថែមនូវសារធាតុគីមីផ្សេងៗ ដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ មិនតែប៉ុណ្ណោះអ្នកដែលប្រព្រឹត្តិនោះគឺមានគ្រោះថ្នាក់ខ្ពស់ជាងគេ ដោយសារតែគាត់នៅជិតនិងជាអ្នកប៉ះពាល់ដោយផ្ទាល់នៅសារធាតុនេះ។

លោកអនុប្រធានបញ្ជាក់ថា ដើម្បីឲ្យកាន់តែមានភាពងាយស្រួល និងមានទំនុកចិត្តខ្ពស់ចំពោះចំណីអាហារពីសំណាក់បងប្អូនប្រជាពលរដ្ឋ បច្ចុប្បន្ននៅតាមផ្សារមួយចំនួន គឺមានមន្រ្តីកាំកុងត្រូលនៅប្រចាំជាប់តែម្តង បើសិនជាប្រជាពលរដ្ឋណាមានការសង្ស័យថាបន្លែ ផ្លែឈើ ចំណីអាហារ និងគ្រឿងឧបភោគបរិភោគណាដែលមានសារធាតុគីមី អាចយកមកអោយមន្រ្តីកាំកុងត្រូលត្រួតពិនិត្យ ហើយបើសិនជាមានភាពមិនប្រក្រតីណាមួយនឹងធ្វើការដកហូតភ្លាមៗតែម្តង៕