(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៉ី បាននិយាយបង្ហាញភស្តុតាងបន្ថែមអំពីការឃុបឃិតគ្នាជាមួយបរទេស ក្នុងការសរសេរកម្មវិធីនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ ខណៈដែលមេធាវីលោក កឹម សុខា ស្វែងរកភស្តុតាងដោះបន្ទុក នៅពេលបើកសវនាការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខ។
ការជួយបន្ថែមភស្តុតាងពីសំណាក់លោក សម រង្ស៉ី បែបនេះ ត្រូវបានក្រុមអ្នកប្រឆាំងលើកឡើងថា តើលោក សម រង្ស៉ី មានចេតនាអ្វីឲ្យពិតប្រាកដ ឬមួយចង់ឃើញលោក កឹម សុខា បន្តជាប់នៅក្នុងពន្ធនាគារ ដើម្បីខ្លួនឯងមានការឱកាសគ្រប់គ្រងអតីតគណបក្ស និងកម្លាំងរបស់លោក កឹម សុខា ?
ទណ្ឌិត សម រង្ស៉ី បាននិយាយយ៉ាងដូច្នេះថា «លោក ហ៊ុន សែន ឯងត្រូវតែដឹងថា អ្នកណាអ្នកសរសេរកម្មវិធីនយោបាយឱ្យគណបក្សសង្គ្រោះជាតិ យើងមានអ្នកជំនាញ បរទេស ហើយអ្នកជំនាញបរទេសនោះមិនមែនមនុស្សធម្មតាទេ គឺជាអង្គការអាឡឺម៉ង់ ធំណាស់ពីរ ១៖ ឈ្មោះ ខុនរ៉ាត់ អាដាណូវើល ហ្វោនដេសិន មូលនិធិ ហើយមួយទៀតឈ្មោះ ហ្វេដឺរិកណោម៉ាន ហ្វោនដេសិន មូលនិធិណោម៉ាន់ អង្គការពីរហ្នឹង សរសេរកម្មវិធីនយោបាយឱ្យគណបក្សសង្គ្រោះជាតិ យើងគ្រាន់តែឱ្យគំនិតគេខ្លះទៅ គេផ្តល់គំនិតបន្ថែម គេរៀបចំឱ្យចេញជាកម្មវិធីនយោបាយ អញ្ចឹងមានន័យថា គណសង្គ្រោះជាតិ បានសមគំនិតជាមួយនឹងអាល្លឺម៉ង់ ជាមួយអង្គការអាឡឺម៉ង់ ធំៗទាំងពីរហ្នឹង»។
ការលើកឡើងច្បាស់ៗរបស់ទណ្ឌិត សម រង្ស៉ី បានធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីជាខេមរភាសា ដែលជាវិទ្យុបម្រើឲ្យនយោបាយសហរដ្ឋអាមេរិក នារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
សូមជំរាបថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវការ។ ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះ, ដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ។
ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម៖
ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា, ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ, គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
សំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសនឹងបើកសវនាការជំនុំជម្រះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខនេះ៕