(កំពត)៖ វិនិយោគិនមួយក្រុម បានចាប់ដៃសហការគ្នាបោះទុន១៨លានដុល្លារ វិនិយោគបង្កើតគម្រោងផ្ទះវីឡាលំហែរកាយ បែបទំនើបលើកដំបូង លើផ្ទៃដី១៣ហិកតា នៅខេត្តកំពត។
គម្រោងផ្ទះវិឡាលំហែរកាយ ដែលទើបបើកដំណើរការសាងសង់នៅដើមខែធ្នូ ឆ្នាំ២០១៩នេះ ត្រូវបានដាក់ឈ្មោះថា «Forest Hamony» ដែលមានទីតាំងស្ថិតនៅក្នុងភូមិផារី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយត្រឹម ១៨គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តកំពត។
អ្នកជំនាញអចលនទ្រព្យ លោក SERAJ Sutton ដែលជា COO របស់ Century 21 Cambodia លើកឡើងថា ខេត្តកំពតកំពុងមានការរីកចម្រើនខ្លាំង និងមានសក្តានុពលជាច្រើន សំរាប់ការអភិវឌ្ឍលើវិស័យសំណង់ និងអចលនទ្រព្យ ដោយសារខេត្តនេះមានភាពអំណោយផលមួយចំនួនដូចជា មានចម្ងាយជិតនឹងរាជធានីភ្នំពេញ មានការកសាងហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ មានការសាងសង់កំពង់ផែទឹកជ្រៅធំមួយ ដែលជាកំពង់ផែធំមួយបន្ទាប់ពីក្រុងព្រះសីហនុ។
លោកបន្តថា ជាមួយគ្នានេះថ្នាក់ដឹកនាំខេត្តកំពត មានឆន្ទៈយ៉ាងមុតមាំក្នុងការជួយជំរុញ និងសម្រួលការវិនិយោគនៅក្នុងខេត្ត ឲ្យមានភាពរីកចម្រើមនខ្លាំង។ ក្រៅពីមានសក្តានុពលលើទីតាំងភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ឋ វិស័យកសិកម្មរបស់ខេត្ត ក៏មានភាពល្បីល្បាញ ដូចជាម្រេច ធូរ៉េនជាដើម ពិសេសវិស័យទេសចរណ៍ក្នុងខេត្ត ក៏មានភាពរីកចម្រើនខ្លាំង។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong និងជាសហភាគហ៊ុនិកក្នុងគំរោង Forest Hamony បានសម្តែងភាពសប្បាយរីករាយ ដែលបានចូលរួមចំណែកវិនិយោគគំរោងនេះ ពិសេសជាការចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យ ក្នុងខេត្តកំពត ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
លោកថា «នេះជាគំរោងប្រវត្តិសាស្រ្តសំរាប់ខេត្ត ដែលនឹងជួយលើកកំពស់ការអភិវឌ្ឍ ក៏ដូចជាជំរុញឲ្យខេត្តកាន់តែមានភាពទាក់ទាញ ដោយសារគំរោង Forest Hamony សាងសង់ឡើងប្រកបដោយបទដ្ឋានអន្តរជាតិ និងផ្តោតលើការរស់នៅប្រកបដោយភាពបៃតង និងការលំហែរប្រកបដោយស្តង់ដាអន្តរជាតិ»។
គម្រោងថ្មី Forest Hamony នេះ បាន និងកំពុងជួយជំរុញបន្ថែមទៀត លើសក្តានុពលដែលមានស្រាប់នៅក្នុងខេត្តកំពត ដែលជាតំបន់កំពុងមានការវិនិយោគយ៉ាងច្រើនលើលំនៅដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ ប៉ុន្តែសម្រាប់ទស្សនទាននៃការអភិវឌ្ឍរបស់គំរោង Forest Hamony ជាស្ទីលថ្មីមួយ ដែលផ្តល់ឲ្យអ្នកវិនិយោគទទួលបានប្រាក់ចំណេញ និងសំរាប់ការលំហែរកំសាន្ត ប្រកបភាពស្រស់ស្រាយ។
គំរោង Forest Hamony មានផ្ទះវីឡាលំហែរ ដែលសាងសង់នៅប្របនឹងជើងភ្នំតូចៗ ដែលមានទេសភាពស្រស់បំព្រង ជាមួយនឹងបឹងទំហំ៤០០០ម៉ែត្រការ៉េ ដែលផ្តល់ឲ្យនូវខ្យល់អាកាសបរិសុទ្ធ។
គំរោងនេះមានផ្ទះសរុបចំនួន៩០ ដោយផ្ទះនីមួយៗ មានអាងហែលទឹកជាលក្ខណៈផ្ទាល់ខ្លួន មានសួនច្បារផ្ទាល់ខ្លួន ជាមួយទំហំដី២៤គុណនឹង៣០ម៉ែត្រការ៉េ។ ដោយផ្តោតលើការសម្របខ្លួន ជាមួយនឹងលក្ខខណ្ឌប្រែប្រួលអាកាសធាតុ ។ គំរោងនេះត្រូវបានស្ថាបត្យករគូរ និងសាងសង់ឡើងដោយឈរលើភាពបៃតង ដែលជួយសន្សំសំចៃអគ្គិសនី ដើម្បីធ្វើឲ្យអ្នករស់នៅមានផាសុខភាព។
ផ្ទះនិមួយៗក្នុងគំរោងនេះ នឹងសាងសង់ឡើងលើផ្ទៃដីធំទូលាយ មានរបងព័ទ្ឋជុំវិញ ដោយមានទំហំចាប់ពី ៣៦០ ទៅ ៧២០ម៉ែត្រការ៉េ កំពស់២ជាន់ និងមានការរៀបចំសួនច្បារយ៉ាងស្រស់ស្អាតសំរាប់ផ្ទះនិមួយៗ។ ចំណែកវីឡាលំហែកាយវិញ ចាប់ផ្តើមពីតម្លៃ១៧ម៉ឺនដុល្លារអាមេរិកដល់ជាង២២ម៉ឺនដុល្លារ ហើយតម្លៃផ្ទះនិមួយៗមានភាពខុសគ្នា អាស្រ័យលើទំហំដី ទីតាំង និងរចនាបទនិមួយៗ៕