(ភ្នំពេញ)៖ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងគណៈប្រតិភូបណ្ឌិតសភា ផ្នែកឱសថបុរាណចិន លោកសាស្ដ្រាចារ្យ Tang Xudong ដែលជាប្រធាន ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង, លោក Tang Xudong បានថ្លែងថា ចិននឹងពង្រឹងកិច្ចសហប្រតិបត្ដិការវែងឆ្ងាយបន្ថែមទៀត លើការស្រាវជ្រាវ និងបណ្ដុះបណ្ដាលគ្រូពេទ្យកម្ពុជា ពីវេជ្ជសាស្ដ្របុរាណ។
ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នាទីស្ដីការក្រសួង លោកសាស្ដ្រាចារ្យ Tang Xudong បានថ្លែងឱ្យដឹងថា ខ្លួនចង់មកពង្រឹងកិច្ចសហប្រតិបត្ដិការ ជាមួយវិទ្យាស្ថានស្រាវជ្រាវឱសថបុរាណជាមួយកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវរួមគ្នាបន្ថែមទៀត ពិសេសបញ្ជូនគ្រូពេទ្យកម្ពុជាទៅសិក្សាទីនោះ។
ជាការឆ្លើយតបរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបញ្ជាក់ថា «នេះជាការងារមួយដ៏ល្អ ដើម្បីយើងសិក្សារួមគ្នា នៅក្នុងទិសដៅចម្បង ដូចជា បង្កើនសមត្ថភាពការយល់ដឹងស្រាវជ្រាវ នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវឱសថបុរាណ និងការអភិវឌ្ឍតំបន់ថែរក្សារុក្ខជាតិឱសថបុរាណនេះនៅកម្ពុជាយើង ជាពិសេស ការបណ្ដុះបណ្ដាលបន្ថែម ដល់អ្នកជំនាញឱសថសម័យនេះ ឱ្យទៅសិក្សានៅចិន ដើម្បីរៀនបន្ថែមពីចំណេះដឹងឱសថបុរាណ ដោយយើងមានសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ដែលមានឱសថសាស្ដ្រនៅទីនោះស្រាប់ដើម្បីបង្កើនចំណេះដឹងនេះបន្ថែមទៀត»។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា «ក្រៅពីនោះ ភាគីមិត្ដចិន ក៏បានចូលរួមចំណែកក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ខណៈដែលយើងបានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។ ដោយកាលពីកន្លងយូរមកហើយ យើងក៏ធ្លាប់បានយកឱសថបុរាណចិនមួយប្រភេទ ដើម្បីមកសម្លាប់មេរោគគ្រុនចាញ់ យ៉ាងមានប្រសិទ្ធិភាពខ្ពស់ផងដែរ»។
លើសពីនោះ ចិន ក៏បន្ដរួមសហការជាមួយកម្ពុជា ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ ឱ្យបានឆាប់រហ័ស ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយើង ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ទំាងស្រុងនៅកម្ពុជា នៅឆ្នាំ២០២០-២០២៥។
រដ្ឋមន្ដ្រីសុខាភិបាល បានបន្ដថា «ក្រោមកិច្ចសហការគ្នាវែងឆ្ងាយនេះ យើងចង់ពង្រីកផ្នែកឱសថបុរាណចិននេះ នៅក្នុងមន្ទីរពេទ្យមួយនៅកម្ពុជា ដើម្បីឱ្យប្រជាជនយើងបានព្យាបាលផង ជាពិសេស អ្នកដែលនិយមប្រើប្រាស់ឱសថបុរាណចិននេះ»។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានស្នើឱ្យចិន ចុះបញ្ជិការឱសថបុរាណចិននៅកម្ពុជា ជាភាសារអង់គ្លេស ជំនួសភាសាចិន នៅលើសំបក និងកញ្ចប់ថ្នាំរបស់ចិន ទាំងរូបមន្ដ និងរបៀបប្រើប្រាស់ ដើម្បីផ្ដល់ភាពងាយស្រួលដល់ខាងក្រសួង និងប្រជាជនប្រើប្រាស់។
ជាមួយគ្នានេះ រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានថ្លែងនូវការកោតសរសើរចំពោះសមិទ្ធផលដ៏ធំធេង និងថ្លែងអំណរគុណដល់ភាគីមិត្តចិន ដែលជានិច្ចកាល តែងតែចូលរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការ លើវិស័យសុខាភិបាលកម្ពុជា ជាពិសេសផ្នែកវិជ្ជសាស្រ្ដបុរាណ ដែលជាផ្នែកមួយដ៏ល្អ និងចំណេញច្រើន ទាំងតម្លៃសមរម្យ គុណភាពខ្ពស់ ងាយស្រួលដល់ប្រជាជនយើង ប្រើប្រាស់នៅតាមភូមិ ឃុំ៕