(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ មានរៀបចំសន្និសីទសារព័ត៌មាន បង្ហាញពីផែនការបន្លាស់ទីប្រជាពលរដ្ឋរួមមានជនជាតិវៀតណាម ខ្មែរ និងខ្មែរ-ឥស្លាម ពីការរស់នៅលើផ្ទះបណ្ដែតទឹកលើទន្លេសាប ឡើងមករស់នៅលើផ្ទៃដីទំហំប្រមាណ៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង។
សន្និសីទសារព័ត៌មាននេះ មានទិសដៅ និងគោលបំណង ពន្យល់បកស្រាយអំពីចម្ងល់របស់សាធារណជនពាក់ព័ន្ធការបន្លាស់ទីប្រជាពលរដ្ឋ រស់នៅលើផ្ទះបណ្ដែតទឹក ក្នុងភូមិសាស្ដ្រឃុំសង្កាត់ ចំនួន៩ ដែលបានរស់នៅលើផ្ទៃទឹកទន្លេសាបឱ្យឡើងមករស់នៅលើគោកវិញ តាមការរៀបចំរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ រៀបចំធ្វើឡើងបន្ទាប់ពីមានការផ្ទុះប្រតិកម្មពីប្រជាពលរដ្ឋខ្មែរមួយចំនួន។ ប្រជាពលរដ្ឋខ្មែរដែលប្រតិកម្មនោះ បានបង្ហាញការព្រួយបារម្ភថា ការផ្តល់ដីឱ្យជនជាតិវៀតណាមនោះនឹងនាំឱ្យកម្ពុជាបាត់បង់ដី ខណៈអ្នកខ្លះទៀតមានការយល់ច្រឡំថា ការផ្តល់ដីនោះ ជាការកាត់ដីឱ្យជនជាតិវៀតណាមជាដើម។
អាជ្ញាធរខេត្តកំពង់ឆ្នាំង បាននិងកំពុងរៀបចំប្រជាពលរដ្ឋខ្មែរ, ខ្មែរឥស្លាម និងអន្តោប្រវេសន៍វៀតណាម រួមទាំងការធ្វើអាជីវកម្មផ្សេងៗសរុបប្រមាណ ៣,៨៥១ខ្នងផ្ទះ ស្មើប្រមាណ ៤,៥៦៣គ្រួសារ ដែលកំពុងរស់នៅលើផ្ទៃទឹកទន្លេសាបជាប្រភេទផ្ទះបណ្តែតទឹកក្នុងភូមិសាស្ត្រឃុំ/សង្កាត់ចំនួន៩ ឱ្យទៅរស់នៅលើគោកជំនួសវិញ។ អាជ្ញាធរបានត្រៀមដីទំហំប្រមាណ ៤០ហិកតា នៅក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដើម្បីឱ្យប្រជាពលរដ្ឋទាំងនេះទៅរស់នៅ។
ឆ្លើយតបនឹងការប្រតិកម្មរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួននោះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានអះអាងថា ការរៀបចំបន្លាស់ទីនេះ ធ្វើឡើងក្នុងគោលបំណងថែរក្សាទន្លេសាប, ថែរក្សាបរិស្ថានទឹក, ថែរក្សាជីវៈចម្រុះ និងធនធានធម្មជាតិ។
អាជ្ញាធរបញ្ជាក់ថា ការបន្លាស់ទីនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានទទួលអនុសាសន៍ពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ឱ្យចាត់ចែងអនុវត្តផែនការនេះដោយម៉ត់ចត់ទាន់ពេលវេលា និងប្រុងប្រយ័ត្នខ្ពស់ស្របតាមច្បាប់របស់កម្ពុជា និងច្បាប់អន្តរជាតិផងដែរ ព្រមទាំងខិតខំដោះស្រាយសេវារដ្ឋបាលនៅកន្លែងថ្មីជូនប្រជាពលរដ្ឋទាំងនោះឱ្យបានល្អ។
នៅពេលរដ្ឋបាលខេត្តបានចាប់ផ្តើមអនុវត្តគម្រោងនេះ លោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងក្រុមការងាររបស់លោកស្រី ក៏បានអញ្ជើញមកពិនិត្យ តាមដាន និងឃ្លាំមើលដោយយកចិត្តទុកដាក់បំផុត។ ជាពិសេសពាក់ព័ន្ធជាមួយកិច្ចការពារសិទ្ធិមនុស្សជាសំខាន់។
លោកស្រី រ៉ូណាស្មីត បានសង្កត់ធ្ងន់ឱ្យរដ្ឋបាលខេត្តយកចិត្តទុកដាក់រៀបចំការងារនេះឱ្យបានល្អប្រសើរ ដូចជារៀបចំហេដ្ឋារចនាសម្ព័ន្ធ, ទឹកស្អាត, ភ្លើងអគ្គិសនី, សាលារៀន, សុខាភិបាល, សន្តិសុខ និងការគោរពទំនៀមទម្លាប់ប្រពៃណីជាដើម។
អាជ្ញាធរ ក៏បានអះអាងផងដែរថា ការចូលមករស់នៅលើទីតាំងដី៤០ហិកតានេះ ប្រជាពលរដ្ឋខ្មែរ ឬខ្មែរឥស្លាម ត្រូវទិញដីដែលរដ្ឋបានរៀបចំនោះក្នុងតម្លៃសមរម្យ។ ដោយឡែកអន្តោប្រវេសន៍វៀតណាម ត្រូវជួលស្របតាមច្បាប់អន្តោប្រវេសន៍កម្ពុជា។
អាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលខេត្ត នឹងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋតាំងទីលំនៅអចិន្ត្រៃយ៍ ឬធ្វើមូលដ្ឋានអាជីវកម្មផ្សេងៗនៅតាមផ្ទះបណ្តែតទឹកទៀតទេ។ អនុញ្ញាតឱ្យមានតែបែរចិញ្ចឹមត្រីដោយមិនមានលំនៅដ្ឋានរស់នៅអចិន្ត្រៃយ៍ ប៉ុន្តែត្រូវរៀបចំតាមបច្ចេកទេសរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានបង្ហាញជំហរមុតមាំដែរថា ខ្លួននឹងជំរុញ និងរៀបចំផែនការបន្លាស់ទីផ្ទះបណ្តែតទឹកយ៉ាងម៉ឺងម៉ាត់រហូតដល់រួចរាល់ជាស្ថាពរ។ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធចូលរួមជាមួយរដ្ឋបាលខេត្ត អនុវត្តគម្រោងការនេះឱ្យសម្រេចបានលទ្ធផលល្អ ដើម្បីរួមចំណែកការពារទន្លេសាប, បរិស្ថានទឹក, ជីវៈចម្រុះ និងធនធានធម្មជាតិឱ្យបានល្អសម្រាប់កូនចៅជំនាន់ក្រោយ៕