(ស្ទឹងត្រែង)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចស្ដីពីការតែងតាំងលោក ហង់ កុង ជាប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង និងលោក កែវ វណ្ណា អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង ដែលត្រូវចូលជំនួសលោក ពុយ ចាន់ថាឡាក់ ទៅជាជំនួយការ គ.ជ.ប មានឋានៈស្មើអនុប្រធាននាយកដ្ឋានវិញ។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង។
លោក ឌឹម សុវណ្ណារុំ បានលើកឡើងថា ការផ្លាស់ប្ដូរនិងផ្ទេរភារកិច្ចនាឱកាសនេះ ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ក្នុងការដឹកនាំក្នុងគោលដៅរួមឲ្យមានប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាឱ្យលេខាធិការដ្ឋានរៀបចំការបោះឆ្នោតអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍ណែនាំរបស់ គ.ជ.ប ដែលបានដាក់ចេញ។
លោក ឌឹម សុវណ្ណារុំ បានផ្ដល់អនុសាសន៍ដល់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីកំណែទម្រង់ការបោះឆ្នោត ក្រោមការដឹកនាំរបស់ គ.ជ.ប និងដើម្បីពង្រឹងការដឹកនាំ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព តម្លាភាពក្នុងការបំពេញភារកិច្ចនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង ព្រមទាំងលុបបំបាត់រាល់បាតុភាពអសកម្មទាំងឡាយដែលកើតមាន ហើយពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងលេខាធិការដ្ឋានឱ្យបានល្អ។
លោក ឌឹម សុវណ្ណារុំ បានបន្ដថា លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង ក៏ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយអជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធផ្សេងៗទាំងអស់នៅក្នុងខេត្ត ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា។
លោកបានណែនាំឱ្យលោកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែងដែលទើបតែងតាំងថ្មីនេះ ត្រូវបង្កើនសមត្ថភាពជំនាញដល់មន្រ្តីក្រោមឱវាទឱ្យយល់ច្បាស់ពីច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត និងសម្រាប់ការបោះឆ្នោតបំប៉ន។
ម្យ៉ាងទៀត ត្រូវអភិវឌ្ឍន៍សមត្ថភាពជំនាញបច្ចេកទេស និងគ្រប់គ្រងការងាររដ្ឋបាលដល់មន្រ្តីក្នុងលេខាធិការដ្ឋាន និងបន្តបំពាក់បំប៉នស្មារតី ការទទួលខុសត្រូវខ្ពស់ក្នុងការងារដល់មន្រ្តីបោះឆ្នោតគ្រប់លំដាប់នៅក្នុងខេត្តស្ទឹងត្រែងទាំងមូល៕