(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី៤ ជូនគរុនិស្សិតចំនួន ២៦៨នាក់ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
គរុនិស្សិតជិត៣០០នាក់នេះ ភាគច្រើនមកពីខេត្តឆ្ងាយៗនិងកំពុងស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន សិក្សារៀនសូត្រ ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំនៅកម្ពុជា។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កក្រក បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការគិតគូរ សួរសុខទុក្ខ និងកោតសរសើរដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន និងបុគ្គលិកអប់រំទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ចំណេះដឹង ដើម្បីបង្ហាត់បង្រៀនដល់គរុនិស្សិតទាំងអស់ ដែលជាធនធានមនុស្សវ័យក្មេងឱ្យក្លាយជាទំពាំងស្នងឫស្សីនាថ្ងៃអនាគត។
លោកបណ្ឌិត សិត សេង នាយកវិទ្យាស្ថាន តំណាងឱ្យបុគ្គលិកអប់រំ និងគរុនិស្សិតទាំងអស់ បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរជានិច្ច និងបន្ដឧបត្ថម្ភ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គរុនិស្សិតទាំងអស់។
គួរបញ្ជាក់ផងដែរថា ទីណាមានទុក្ខលំបាក ទីនោះ គឺមានវត្ដមានមាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល អ្នកម្ដាយតែងតែខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីកៀរគរ សប្បុរជនជាតិ អន្ដរជាតិ ស្វែងរកថវិកា សម្ភារផ្សេងៗ សម្រាប់បន្ដផ្គត់ផ្គង់ និងបំពេញរាល់តំរូវការរបស់កូនៗទូទាំងប្រទេស ដែលជួបនូវការលំបាក ឬបញ្ហាប្រឈមនានាផ្សេងៗ។
ក្នុងឱកាសជួបសំណេះសំណាលនោះនៅរសៀលនោះផងដែរ គរុនិស្សិតចំនួន ២៦៨នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ និងថវិកា ២០០,០០០រៀល៕