(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា បានទទួលទេយ្យទានជាអង្ករចំនួន ៤តោន ពី ព្រះអង្គ ធិក ភឿកហូវ ព្រះចៅអធិការស្តីទី វត្តភឿកថាន់ទី ឃុំព្រែកតាទែន ខេត្តកណ្តាល។
ពិធីទទួលនេះ បានប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការស្តីទី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើទូលថ្លែងអំណរព្រះគុណចំពោះទឹកព្រះទ័យដ៏ជ្រះថ្លារបស់ព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានចែករំលែកនូវទេយ្យទានទាំងនេះ មកជូនកាកបាទក្រហមកម្ពុជា សម្រាប់បន្តចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។
តាមរយៈអំណាចនៃបុណ្យក្នុងថ្ងៃនេះ លោកស្រី បានបួងសួងដល់ព្រះសង្ឃគ្រប់ព្រះអង្គ សូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រជាពលរដ្ឋខ្មែរ និងមេដឹកនាំពិភពលោកផងដែរ ធ្វើការវាយតម្លៃខ្ពស់ថា ជាកុលធីតាកម្ពុជាមួយរូប ដែលបានធ្វើសកម្មភាពយ៉ាងក្លៀវក្លាក្នុងបុព្វហេតុមនុស្សធម៌ និងជានិមិត្តរូបដ៏ឧត្តុងឧត្តម នៃការជួយសង្រ្គោះជនរងគ្រោះនៅកម្ពុជាគ្រប់រូប ដោយមិនប្រកាន់និន្នាការ រើសអើងពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ ដែលជាហេតុ ទទួលបានការគំាទ្រឧបត្ថម្ភ ពីសប្បុរសជនជិតឆ្ងាយ ជាតិ និងអន្ដរជាតិ៕