(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់បច្ចេកទេសថ្នាក់ខេត្ត ពិភាក្សាលើប្លង់គោលគំនិត និងវិធីសាស្រ្តនៃការរៀបចំផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តកែប ឆ្នាំ២០២០-២០២៣។
កិច្ចប្រជុំនេះ បានធ្វេីឡេីង ក្រោមអធិបតីភាព លោក នី ផល្លី អនុរដ្ឋលេខាធិការ តំណាងបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ព្រំ គន្ធិ អភិបាលរងខេត្តកែប មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក អាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកែប ជាច្រើនរូបផងដែរ។
ក្នុងកិច្ចពិភាក្សា លោកអនុរដ្ឋលេខាធិការ បានជម្រាបជូនដល់អង្គប្រជុំ ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែបនេះ នឹងរៀបចំឡើងស្របតាមផែនការយុទ្ធសាស្រ្ត និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកខេត្តកែបជាគោលដៅទេសចរណ៍ សម្រាកកម្សាន្តបែបប្រណិត ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការរៀបចំផែនការពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត។
លោក នី ផល្លី បន្តថា ក្នុងនោះក៏មានការគាំពារដល់ធនធានធម្មជាតិ ការថែរក្សាបរិស្ថាន ការគ្រប់គ្រងសំណល់រឹង-រាវឲ្យបានហ្មត់ចត់ ការអភិវឌ្ឍផលិតផល និងគោលដៅទេសចរណ៍ថ្មីៗ និងពិសេសការអភិវឌ្ឍធនធានមនុស្សលើជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីធានាបាននូវការផ្តល់សេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព និងភាពកក់ក្តៅ ដែលទាំងនោះ គឺជាកត្តាគន្លឹះចាំបាច់ក្នុងការទាក់ទាញភ្ញៀវទេសចរ កម្រិតខ្ពស់មកលេងកម្សាន្តខេត្តកែបរយៈពេលយូរ និងម្តងហើយម្តងទៀត។
ជាមួយគ្នានោះ ក្នុងដំណាក់កាលនៃការប្រមូលពត័មាន និងទិន្នន័យ លោកអនុរដ្ឋលេខាធិការ បានស្នើដល់រដ្ឋបាលខេត្តកែប មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុកក្នុងខេត្ត ផ្តល់ជូនក្រុមការងារនូវឯកសារ និងផែនការអភិវឌ្ឍតាមវិស័យនីមួយៗរៀងៗខ្លួន ដើម្បីបានជាមូលដ្ឋានបន្ថែមក្នុងការវិភាគ និងការធ្វើបច្ចុប្បន្នភាពស្ថានភាពទេសចរណ៍ក្នុងខេត្តកែប។
គួរបញ្ជាក់ផងដែរថា ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែប ឆ្នាំ២០២០-២០២៣ នឹងដើរតួរជាត្រីវិស័យសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តកែប ប្រកបដោយចីរភាព និងឧត្តមភាពប្រកួតប្រជែងខ្ពស់កម្រិតតំបន់ និងអន្តរជាតិក្នុងការទាក់ទាញទាំងអ្នកវិនិយោគគុណភាព និងភ្ញៀវទេសចរកម្រិតខ្ពស់មកខេត្តកែប៕