(បាត់ដំបង)៖ នាយផ្នែកនគរបាលអន្ដោប្រវេសន៍ នៃច្រកទ្វារអន្ដរជាតិដូង ខេត្តបាត់ដំបង ដែលបាញ់បោះសេរីរហូតដល់១៤គ្រាប់ មិនត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបញ្ជូនទៅតុលាការនោះទេ ពោលត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីដាក់ពិន័យកងកម្លាំង។
មន្ដ្រីនគរបាលខេត្តបាត់ដំបង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះថា បន្ទាប់ពីបញ្ចប់ការសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកកំរៀង មន្ដ្រីនគរបាលអន្ដោប្រវេសន៍ច្រកទ្វារអន្ដរជាតិដូង ដែលផឹកស្រាស្រវឹងបាញ់បោះសេរី១៤គ្រាប់នោះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីដាក់ពិន័យកងកម្លាំង។
គួរជម្រាបថា ហេតុការណ៍បាញ់បោះសេរីដោយមន្ដ្រីនគរបាលច្រកទ្វារដូងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ មន្ដ្រីនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលជាមន្ដ្រីនគរបាលនេះ ឈ្មោះ នៅ លីដា អាយុ៣២ឆ្នាំ មានតួនាទីជា នាយផ្នែកនៃច្រកទ្វារអន្ដរជាតិដូង ហើយកាំភ្លើងដែលបាញ់បោះសេរីនេះ ម៉ាក Sig Sauer។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា មូលហេតុដែលមន្ដ្រីនគរបាលខាងលើ បង្កការបាញ់បោះសេរីរហូតដល់១៤គ្រាប់នេះ គឺស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ។ ក្រោយបង្កហេតុ ខ្មាន់កាំភ្លើងត្រូវបានកម្លាំងនគរបាលស្រុកកំរៀង ឃាត់ខ្លួនភ្លាមៗផងដែរ ដើម្បីធ្វើការសួរនាំ៕