(បាងកក)៖ គណៈកម្មការបោះឆ្នោតថៃបានសម្រេចនៅថ្ងៃពុធនេះថា នឹងស្វះស្វែងរកការរំលាយគណបក្សអនាគតឆ្ពោះទៅមុខ ឬ FFP ជុំវិញការទទួលយកប្រាក់បរិច្ចាគដោយខុសច្បាប់ ដែលត្រូវបានគេចោទប្រកាន់ថា ជាប្រាក់កម្ចីលួចលាក់នោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។
មន្ត្រីទាំងអស់នៅក្នុងគណៈកម្មការបោះឆ្នោតថៃ បានសម្រេចចេញនូវដំណោះស្រាយមួយ ក្នុងការរុញរឿងក្តីរំលាយគណបក្ស FFP ខាងលើនេះទៅកាត់តុលាការធម្មនុញ្ញថៃ ដើម្បីធ្វើការកាត់សេចក្តីថា តើគណបក្សនយោបាយមួយនេះគួរតែត្រូវរំលាយចោលដែរ ឬយ៉ាងណា ពាក់ព័ន្ធការទទួលយកប្រាក់បរិច្ចាគ ១៩១លានបាត ឬស្មើនឹង ៦.៣លានដុល្លារ ខណៈមានការចោទប្រកាន់ថា តាមពិតទៅវាជាប្រាក់កម្ចីទៅដល់លោក ថាណាថន ចងរូងរួងឃីត (Thanathorn Juangroongruangkit) ដែលជាប្រធានបក្សមានទំនោរ ប្រឆាំងរបបដឹកនាំយោធាមួយនេះ ដើម្បីធ្វើសកម្មភាពនយោបាយទៅវិញទេ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍មុននេះ លោក Thanathorn Juangroongruangkit ត្រូវបានតុលាការធម្មនុញ្ញសម្រេចថា លោកពិតជាមានទោសដូចការចោទប្រកាន់មែន នោះគឺការបន្តកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនព័ត៌មាន V-Luck Media នៅពេលដាក់ពាក្យឈរឈ្មោះធ្វើជាតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតសកលនៅប្រទេសថៃ ដែលបានប្រព្រឹត្តទៅកាលពីខែមីនា ឆ្នាំ២០១៩ ហើយវាជាការបំពានច្បាប់ធ្វើនយោបាយ។ លោក Thanathorn ធ្លាប់បានអះអាងថា លោកបានផ្ទេរភាគហ៊ុនទាំងនោះអស់ទៅហើយ នៅមុនការចាប់ផ្តើមយុទ្ធនាការបោះឆ្នោត។
ជុំវិញសាលក្រមដែលបានចេញកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក Thanathorn Juangroongruangkit បានបាត់បង់តួនាទីជាសមាជិកសភា ហើយក៏មិនអាចធ្វើនយោបាយបានទៀតនោះដែរ។ គណបក្ស Future Forward របស់លោក ស្ថិតក្នុងចំណោមសម្ព័ន្ធបក្សប្រឆាំងនៅប្រទេសថៃ ដែលបានចោទប្រកាន់អតីតរដ្ឋាភិបាលយោធាថៃថា បានកែប្រែច្បាប់បោះឆ្នោត ដើម្បីធានាឲ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា អាចបន្តកាន់តំណែងនៅក្នុងរដ្ឋាភិបាលស៊ីវិលថ្មី។ គណបក្សនេះ ទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេទី ៣ ក្នុងការបោះឆ្នោតកាលពីខែមីនា បន្ទាប់ពីគណបក្ស ភឿថៃ (Pheu Thai) និងគណបក្សផាឡាងប្រាឆារ៉ាត់ (Palang Pracharat)៕