(បន្ទាយមានជ័យ)៖ ក្រសួងធារណការ និងដឹកជញ្ជូន បានបើកវគ្គបណ្តុះបណ្តាលមួយ ស្តីពីការបើកបរប្រកបដោយសុវត្ថិភាព វិធានជួយសង្គ្រោះជនរងគ្រោះ និងហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាល័យមង្គលបូរី ស្ថិតក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា វគ្គបណ្តុះបណ្តាលដូចគ្នានេះ ក៏នឹងត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ផងដែរ។
លោកបន្តថា សុវត្ថិភាពចរាចរណ៍គឺជាបញ្ហាសុខភាពសាធារណៈ និងការងារអភិវឌ្ឍន៍ដ៏ចំបង ដែលទាមទារឱ្យមានការដោះស្រាយបន្ទាន់។ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍លើពិភពលោក នៅតែមានចំនួនខ្ពស់ និងបន្ដកើនឡើងយ៉ាងខ្លាំងដែលមានចំនួនប្រមាណ ១,៣៥លាននាក់ជារៀងរាល់ឆ្នាំ។
លោកបន្ថែមថា គ្រោះថ្នាក់ចរចរណ៍បានក្លាយជាបញ្ហាចម្បងទី១ ក្នុងសកលលោក ដោយបានឆក់យកជីវិតមនុស្សមានអាយុចន្លោះពី ៥ - ២៩ឆ្នាំ។ ប្រមាណ៥០% នៃអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ គឺជាអ្នកបើកបរទោចក្រយានយន្ដ អ្នកថ្មើរជើង និងអ្នកជិះកង់។
តាមរបាយការណ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩៨៨លើក នៅលើដងផ្លូវនៃព្រះរាជាណាចក្រកម្ពុជា ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៤៨៨នាក់ និងរបួសចំ នួន១,៤៩៤នាក់។
លោកបន្តថាមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺនៅតែបណ្តាលមកអំពីបើកប រល្មើសល្បឿនកំណត់ ៣៣%, ការមិនគោរពសិទ្ធិអទិភាព ២៧%, ការមិនប្រកាន់ស្តាំ ១៣%, ការវ៉ាជែង ១០%, ការបត់ ៩%, ស្រវឹង ៤%, កត្តាយាន ៣% និងងងុយ១%។ ប្រៀបធៀបនឹងឆមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន ៣២% ដែលក្នុងចំណោមចំនួនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ៨០% គឺជាអ្នកបើកបរម៉ូតូ។
គិតត្រឹមខែតុលា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានអ្នកស្លាប់ចំនួន១០០នាក់ និងរបួសធ្ងន់ធ្ងរចំនួន១២៩នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ។ ដោយឡែកខេត្តបាត់ដំបង អ្នកស្លាប់ចំនួន១០១នាក់ (កើន១៥%) និងរបួសធ្ងន់ធ្ងរចំនួន១៧៧នាក់ផ្សេងទៀតផងដែរ។
យុទ្ធនាការអប់រំផ្សព្វផ្សាយ និងវគ្គបណ្ដុះបណ្ដាលស្ដីពី ការបើកបរម៉ូតូប្រកបដោយ សុវត្ថិភាព ការសង្រ្គោះជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ និងកត្តាហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង សម្រាប់សិស្សនិស្សិត វិទ្យាល័យ និងសាកលវិទ្យាល័យតាម បណ្ដាដងផ្លូវសំខាន់ៗគឺជាកិច្ចគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវផែនការសកម្មភាពជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០១១២០២០ សំដៅកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវក្នុងប្រទេសកម្ពុជា៕