(ភ្នំពេញ)៖ ក្រុមហ៊ុន អឺបេនលីវីងសូលូសិន ជាក្រុមហ៊ុនឈានមុខផ្នែកអភិវឌ្ឍលំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្ម បានរួមសហការជាមួយក្រុមហ៊ុនភ័ញធើប្រផឹធី រីកចម្រើនផ្នែកវិស័យអចលនទ្រព្យ ប្រារព្ធពិធីជួបជុំភ្ញៀវកិត្តិយស ធ្វើការបើកបង្ហាញគម្រោង «សៀមរាបខាងកើត» ជាផ្លូវការ និងផ្តល់ជូនពិសេស លើការលក់គម្រោងបុរីភូមិបាគង។
កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការចូលរូមពីភ្ញៀវកិត្តិយសជាង៣០០នាក់ ដែលភាគច្រើនជាភ្ញៀវ ដែលចាប់អារម្មណ៍ធ្វើការ កក់ផ្ទះរួចរាល់លើបុរីភូមិបាគង និងចង់ស្វែងយល់បន្ថែម ពីការអភិវឌ្ឍន៍ទីក្រុងរណបថ្មី ជុំវិញតំបន់នោះ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ខេត្តសៀមរាប។
យោងតាមការមើលឃើញ ពីចលនាឆ្ពោះទៅកាន់ទិសខាងកើត នៃខេត្តសៀមរាប ក្រុមហ៊ុនអឺបេនលីវីងសូលូសិន បាននឹងកំពុងអភិវឌ្ឍទីក្រុងរណបថ្មី ដែលមានផ្ទៃដីរហូតដល់២១៥ហិកតា ឈ្មោះថា «សៀមរាបខាងកើត» មានទីតាំងស្ថិតនៅឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចម្ងាយប្រមាណ១០នាទីពីក្រុង និង ៥នាទីពីបុរីរដ្ឋបាល។
ដំណាក់កាលអភិវឌ្ឍផ្តោតលើការបង្កើតតំបន់ទេសចរណ៍បន្ថែម និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឡើងវិញ ដោយកែប្រែក្រុងសៀមរាបទៅជាក្រុង ដែលគួរឲ្យចង់រស់នៅបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។
ដើម្បីការអភិវឌ្ឍន៍ប្រកប ដោយនិររន្តរភាព ក្រុមហ៊ុនសម្រេចធ្វើវឌ្ឍកម្មលើកត្តា៤យ៉ាង គឺ៖
១៖ វិស័យធុរកិច្ចក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ
២៖ ពង្រីកវិស័យទេសចរណ៍បន្ថែម លើសពីតំបន់គយគន់ប្រាសាទ
៣៖ វិស័យអប់រំអន្តរជាតិ
៤៖ បង្កើតឲ្យមាននូវការរស់នៅបែបសហគមន៍ទំនើប និងព័ទ្ធជុំវិញដោយធម្មជាតិបៃតង។
ជាក់ស្តែងគម្រោងបុរីភូមិបាគង ជាសមិទ្ធផលផ្តួចផ្តើមមួយ ក្នុងចំណោមវឌ្ឍកម្មទាំង៤ក្នុងទឹកដី «សៀមរាបខាងកើត» ដោយអតិថិជនជាច្រើន មានការកោតសរសើរយ៉ាងខ្លាំង ទៅលើប្លង់មេគម្រោងដែលកែច្នៃផ្ទៃដី៤.៧ហិកតា ទៅជាកន្លែងប្រមូលផ្តុំការរស់នៅ បែបសហគមន៍ដែលពុំធ្លាប់មានពីមុនមក។ គោលការណ៍មិនអនុញ្ញាត្តិយានជំនិះ បើកបរឆ្លងកាត់ និងជំនួសដោយការដើរថ្មើរជើង ត្រូវបានអនុវត្តសម្រាប់អ្នករស់នៅក្នុងតំបន់ភូមិបាគង។
គម្រោងនេះ ត្រូវបានគេឲ្យតម្លៃខ្ពស់ លើការរៀបចំប្រដូចនឹងទីក្រុងថ្មី ដោយរស់នៅអមជាមួយបរិយាកាសអំណោយផលពីធម្មជាតិ ទេសភាពភ្នំដែលមិនឆ្ងាយពីក្រុង បណ្តុំនៃសួនច្បារ២ហិកតា សាលារៀន ផ្សារ ចំណតយានយន្តរួម និងស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ ក្នុងខេត្តសៀមរាប។
លោក ងួន ឆាយលាង នាយកប្រតិបត្តិក្រុមហ៊ុនភ័ញធើប្រផឹធី បានថ្លែងថា «គម្រោងអភិវឌ្ឍន៍ទីក្រុងថ្មី ក្នុងតំបន់សៀមរាបខាងកើត ពិតជាមានលទ្ធភាព និងសក្ដានុភាពខ្ពស់ដោយដំណាក់កាលទីមួយ ក្រុមហ៊ុនមានទុនវិនិយោគជាង៣៥លានដុល្លារ និងការអនុវត្តផែនការទាំងស្រុង ក្រោមក្រុមរចនាប្លង់ទីក្រុង Gehl មកពីប្រទេសដាណឺម៉ាក ដែលជាក្រុមសិក្សា Master Plan ទីក្រុងដ៏ល្បីឈ្មោះទូទាំងពិភពលោក»។
លោក Esben Neander Kristensen នាយកគ្រប់គ្រងក្រុមហ៊ុនស្ថាបតយ្យកម្ម Gehl បានបង្ហាញអំពីការគូរប្លង់ «សៀមរាបខាងកើត» ទាំងមូលដោយសិក្សាពីតំណរភ្ជាប់លក្ខណៈរស់នៅ ប្រជាជនក្នុងទីក្រុង ទៅនឹងតំបន់ប្រាសាទបេតិកភ័ណ្ឌ ពិភពលោកដ៏អស្ចារ្យបំផុត។
លោក ថូនី សុជាតិ សក្តិស៊ុនលី ប្រធានគ្រប់គ្រងគម្រោងបុរី ភូមិបាគង បានលើកឡើងថា «សៀមរាបខាងកើត នឹងផ្តល់ផលវិជ្ជមានយ៉ាងខ្លាំង ដល់អតិថិជនដែលទិញលើគម្រោងបុរីភូមិបាគង ទាំងនេះជាការបោះជំហានវិនិយាគ ដ៏ត្រឹមត្រូវបំផុតលើវិស័យអចលនទ្រព្យទាំងភាពច្នៃប្រឌិត គុណភាពសំណង់ ក៏ដូចជាលើកស្ទួយវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាបផងដែរ»៕