(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យ លោក អាំចាទ អាលី ហ្សៀរ ( Amjad Ali Sher) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំនៅកម្ពុជា ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា។

លោក អាំចាទ អាលី ហ្សៀរ បានជម្រាបសម្តេចពីលទ្ធផលបេសកកម្មការទូតរបស់ខ្លួន ក្នុងរយៈពេល ៦ឆ្នាំកន្លះមកនៅកម្ពុជា ដោយបានចូលរួមចំណែកក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប៉ាគីស្ថាន និងកម្ពុជាឲ្យកាន់តែរឹងមាំឡើង។ រយៈពេលជាង៦ឆ្នាំក្នុងការស្នាក់នៅកម្ពុជា លោកឯកអគ្គរដ្ឋទូត បានរៀនសូត្រ និងដកស្រង់បទពិសោធន៍ជាច្រើនពីកម្ពុជា ជាពិសេស លោកបានចាត់ទុកកម្ពុជាជាស្រុកកំណើតរបស់ខ្លួន។

លោក អាំចាទ អាលី ហ្សៀរ បានមានប្រសាសន៍ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថាន ដែលមានតាំងពីយូរមក បានរីកចម្រើនរឹងមាំជាលំដាប់ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ស្ថាប័ននីតិប្បញ្ញត្តិសភាប្រទេសទំាងពីរ បានគំាទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភា។ កាលពីកន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំសភាប៉ាគីស្ថាន បានអញ្ជើញមកចូលរួមវេទិកាអន្តរសភា ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្តបន្ទាប់ រួមមានមហាសន្និបាតប្រចំាឆ្នាំសភាតំបន់អាស៊ី (APA) និងកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) ជាដើម។

លោកឯកអគ្គរដ្ឋទូត បានគោរពអញ្ជើញសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅពេលវេលាសមស្របណាមួយ។

 

សម្តេចប្រធានរដ្ឋសភាបានទទួលយកការគោរពអញ្ជើញនេះ។ ជាមួយគ្នានេះ សម្តេច ហេង សំរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិបេសកកម្មការទូតរបស់ លោក អាំចាទ អាលី ហ្សៀរ នៅកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ប៉ាគីស្ថាន ឱ្យមានការរីកចម្រើនថែមមួយកំរិតទៀត។

សម្តេចសង្កត់ធ្ងន់ថា ស្នាដៃដ៏ប្រសើរនេះ មិនត្រឹមតែនាំមកនូវឧត្តមប្រយោជន៍ ដល់ប្រជាជាតិទាំងសងខាងប៉ុណ្ណោះទេ គឺបានរួមចំណែកយ៉ាងខ្លាំងក្លាដល់ការថែរក្សាសុខសន្តិភាព នៅក្នុងតំបន់ និងសកលលោក ផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសូមអរគុណប៉ាគីស្ថាន ដែលបានបញ្ជូនអ្នកសង្កេតការណ៍ឋានៈខ្ពស់សមាជិកព្រឹទ្ធសភា មកចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ កាលពីឆ្នំា២០១៨ កន្លងទៅ និងបានគ្រំាទ្រដល់ដំណើរការបោះឆ្នោតនោះ៕