(ភ្នំពេញ)៖ មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានទទួលថវិកាបរិច្ចាគចំនួន៤០លានរៀល ពីក្រុមផលិតផលម៉ាកយីហោខ្មែរ T&L Natural។
ថវិកានេះក្រុមហ៊ុនរៃអង្គាសបានពីការរៀបចំមហាព្រឹតិ្តការណ៍ដ៏ធំជួបជុំ អបអរសាទរសមាជិកគ្រួសាររបស់ខ្លួន កាលពីពេលថ្មីៗនេះ។
លោកស្រី លាង ធារ៉ា ដែលជាម្ចាស់ក្រុមហ៊ុនផលិតផល ម៉ាកយីហោរខ្មែរ T&L Natural បានបញ្ជាក់ថា ដំបូងឡើយក្រុមហ៊ុនលោកស្រី បានរៀបចំព្រឹត្តិការណ៍ជួបជុំរបស់ស្ត្រី អប់រំ បង្ហាញពីចំណុចល្អៗរបស់ស្ត្រី ឲ្យចេះបំលាស់ទី ស្គាល់ពីតម្លៃនៃការរកស៊ី ឲ្យពួកគាត់ដឹងថា ចូលមកជាសមាជិកក្រុមហ៊ុននេះ គាត់ទទួលបានអត្ថប្រយោជន៍ច្រើន ហើយនៅក្នុងកម្មវិធីសមាជិក ក៏បានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលប្រមូលបាន ២១,៣៧១,៨៥០រៀល ហើយថវិកាក្រុមហ៊ុនផ្ទាល់ប្រគល់ជូនបន្ថែម ១៨,៦២៨,១៥០រៀល ដែលសរុបមានចំនួនទឹកប្រាក់ ៤០,០០០,០០០រៀល ហើយនៅថ្ងៃនេះ ក៏បានយកមកជូនដល់មន្ទីរពេទ្យផ្ទាល់តែម្តង។
លោកស្រីបានប្រាប់ទៀតថា ក្រុមហ៊ុនមានឆន្ទៈជួយស្ត្រីកម្ពុជា ឲ្យពួកគាត់ចេះអភិវឌ្ឍន៍ខ្លួន ដឹងពីតម្លៃរបស់ខ្លួន សមត្ថភាពរបស់ខ្លួនមិនដូចពាក្យចាស់ ពោលថា «ស្ត្រីវិលចង្ក្រានមិនជុំ» ទៀតឡើយ ព្រោះពេលនេះស្ត្រីពូកែមានសមត្ថភាព គឺមានកាន់តែច្រើន គឺផ្តើមចេញពីក្រុមហ៊ុនរបស់លោកស្រី ដែលតែងតែបណ្តុះបណ្តាលផ្នត់គំនិតស្ត្រី ឲ្យមានភាពរីកចម្រើនឲ្យពួកគាត់ស្គាល់ពីខ្លួនឯង ហើយនេះជាចំណែកមួយ ដែលក្រុមហ៊ុនបានជួយសង្គម ជួយកាត់បន្ថយបន្ទុកក្នុងសង្គម និងតែងតែចូលរួមធ្វើការងារសប្បុរសធម៌ផងដែរ៕