(ព្រះសីហនុ)៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយបានសហការពី មន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ បង្គារ មឹកស្រស់ ងៀតក្បាលត្រីពោ សាច់ក្រក និងត្រីងៀត ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់នៅលើម្ហូបអាហារខាងលើ និងពុំមានការដាក់តាំងលក់ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់នោះទេ។
បន្ទាប់មកមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕