(សៀមរាប)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញសម្ភោធដាក់ ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ទឹកវិលទី២ របស់រដ្ឋាករទឹកស្វយ័តសៀមរាប ក្រោមឥណានសម្បទានរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្នុងទឹកប្រាក់សរុបជិត ១៣លានដុល្លារ។
ពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ទឹកវិលទី២នេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការនិមន្តចូលរួមពីសំណាក់ព្រះសុមង្គល សីលាចារ្យអាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប, លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា, លោក ទៀ សីហា អភិបាលខេត្តសៀមរាប, និងវត្តមានភ្ញៀវជាតិ-អន្តរជាតិ ដៃគូរអភិវឌ្ឍ តំណាងក្រសួង មន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ ១ពាន់អង្គ/នាក់។
លោក ចម ប្រសិទ្ធ បានថ្លែងថា ដោយក្នុងនីតិកាលទី៦នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានបន្តផ្ដោតការយកចិត្តទុកដាក់លើវិស័យអាទិភាព៤ គឺ «មនុស្ស ផ្លូវ ភ្លើង និងទឹក» ហើយបានកំណត់គោលនយោបាយលើវិស័យទឹកស្អាតគឺ «ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន ៩០% ដល់ឆ្នាំ២០២៣ នឹង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា ប្រកបដោយ «ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ»។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានគូសបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៨ ចំនួនគ្រួសារទទួលបានទឹកស្អាត់ប្រើប្រាស់មានប្រមាណ ១លានគ្រួសារ គឺកើនឡើង ៣៨% ធៀបនឹងឆ្នាំ២០១៧ ដែលមានប្រមាណតែ ៧២ម៉ឺនគ្រួសារ ជាមួយបរិមាណទឹកស្អាតកើនដល់ជិត ៣០៩លានម៉ែត្រគូប ដែលកាលពិ៥ឆ្នាំមុនមានតែ ១៧៦លានម៉ែត្រគូប។ បើគិតក្នុងរយៈពេល៩ខែកន្លងទៅនេះ ការផ្គត់ផ្គង់ទឹកស្អាតមានចំនួនដល់ ៣៣១លានម៉ែត្រគូប។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានទទួលស្គាល់ថា វិស័យទឹកស្អាតក៏កំពុងប្រមនឹងបញ្ហាចម្បងមួយចំនួនផងដែរ រួមមានទី១៖ ការប្រឈមនឹងការខ្វះប្រភពទឹក ជាពិសេសនៅពេលមានគ្រោះរាំងស្ងួតម្ដងៗ, ទី២៖ កង្វះទុកវិនិយោគលើការពង្រីកផលិតកម្ម ពង្រីកប្រព័ន្ធចែកចាយ និងការកែលម្អបច្ចេកទេស បច្ចេកវិទ្យា ជាពិសេសសម្រាប់វិស័យឯកជន និងទី៣៖ ការរងផលប៉ះពាល់បណ្ដាញ ផ្គត់ផ្គង់ទឹកស្អាតនៅកន្លែងខ្លះ ដែលកំពុងអភិវឌ្ឍន៍។ ក្នុងន័យនេះ ក្រសួងពិតជាត្រូវការចាំបាច់នូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជា៖ ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងបរិស្ថាន, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងការបន្តផ្ដល់ការគាំទ្រ រួមសហការគ្នា ជួយដោះស្រាយបញ្ហាប្រឈមទាំងនោះ ។
លោកបានលើកឡើងថា សម្រាប់នៅក្រុងសៀមរាប យើងត្រូវការគិតគូរទុកជាមុនក្នុងរយៈពេលវែង ពី១០ ទៅ២០ឆ្នាំខាងមុខ ដើម្បីត្រៀមដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកស្អាយជូនប្រជាពលរដ្ឋ និងបម្រើដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដែលនឹងមានការ រីកចម្រើនកាន់តែខ្លាំងថែមទៀត នៅប៉ុន្មានឆ្នាំខាងមុខ ព្រោះតម្រូវការទឹកស្អាត ក្នុងក្រុងសៀមរាប បច្ចុប្បន្ន បានកើនឡើង ដល់ប្រមាណ៦ម៉ឺនម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃៗ ក្នុងពេលដែលសមត្ថភាពផ្គត់ផ្គង់ទឹករបស់រដ្ឋាករទឹកស្វយ័តសៀមរាប មានតែ៣ម៉ឺនម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ។ ប្រសិនធៀបនឹងចំនួនប្រជាពលរដ្ឋក្រុងសៀមរាប សរុបប្រមាណ ៥ម៉ឺនគ្រួសារ ហើយ ៨០% នៃចំនួននេះ ស្ថិតក្នុងតំបន់អាទិភាព នៃការផ្គត់ផ្គង់ទឹកស្អាត ដែលស្មើនឹង ៤ម៉ឺនគ្រួសារ នោះគឺរដ្ឋាករទឹកស្វយ័តសៀមរាបផ្គត់ផ្គង់ទឹកស្អាត គ្របដណ្ដប់ប្រមាណតែ ៤០%នៅឡើយ។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធឱ្យដឹងថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ទឹកវិលទី២នេះ គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ របស់ប្រទេសកម្ពុជា-បារាំង និងជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅក្នុងសៀមរាប។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានឱ្យដឹងថា គម្រោងហិរញ្ញប្បទាននេះ ក្នុងទឹកប្រាក់សរុបប្រមាណ ១២.៧៧៨.០៣៩ដុល្លារ ដោយប្រើប្រាស់រយៈពេលសាងសង់ ២ឆ្នាំ ដោយចាប់ផ្ដើមកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មី ដែលជាគម្រោងឥណទានរបស់ AFD ជាមួយនឹងសមត្ថភាពជាមធ្យម ១៥.០០០ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ រួមទាំងបំពង់មេនាំទឹកទំហំ ៧០០ម.ម ប្រវែង ៦គីឡូម៉ែត្រ នឹងផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋនៅក្រុងសៀមរាប ជាង ៧ពាន់គ្រួសារទៀត ក្នុងការទទួលបានសេវាទឹកស្អាតពីគម្រោងនេះ។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានគូសបញ្ជាក់បន្ថែមថា ក្នុងទឹកដៅឈានឆ្ពោះទៅកាន់ការផ្គត់ផ្គង់សេវាគ្របដណ្ដប់ ១០០% លើក្នុងសៀមរាប ឆ្លើយតមនឹង «គោលនយោបាយទឹកស្អាតរបស់សម្ដេចតេជោ» រដ្ឋាករទឹកស្វយ័តសៀមរាប មានគម្រោងវិនិយោគមួយផ្សេងទៀត ក្រោមក្របខណ្ឌឥណទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JACA) ជាមួយនឹងទឹកប្រាក់ចំនួនប្រមាណ ១០៦លានដុល្លារ
សម្រាប់ការសាងសង់រោងចក្រទឹកស្អាត សមត្ថភាព ៦ម៉ឺនម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដោយយកប្រភពទឹកពី បឹងទន្លេសាប និងការដំឡើងបំពង់មេនាំទឹក និងបំពង់ចែកចាយទឹកស្អាតប្រវែងសរុប ២២០គីឡូម៉ែត្រ។
ដែលរដ្ឋាករទឹកស្វយ័តសៀមរាប បានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់រួចរាល់ជាស្ថាពរ ហើយក្រុមហ៊ុនក៏បានចាប់ផ្ដើមការងារជំហានដំបូង និងផ្គត់ផ្គង់សម្ភារពីក្រៅប្រទេសជាបន្តបន្ទាប់ រីឯការបញ្ចុះបឋមសិលា និងបើកការដ្ឋានជាផ្លូវការនឹងប្រព្រឹត្តទៅនាពេលដ៏ឆាប់ខាងមុខនេះ៕