(ក្រចេះ)៖ អាជ្ញាធរខេត្តក្រចេះ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំទិវា១ធ្នូ ដែលជាទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្ដជាតិមួយ ក្នុងការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍» នៅសាលមហោស្របខេត្តក្រចេះ ក្រោមអធិបតីភាព លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងមានការអញ្ជើញ ចូលរួមពីសំណាក់ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត យុវជន សសយក យុវជនស្ម័គ្រចិត្តកាកបាទក្រហម សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៣០០នាក់។
លោកវេជ្ជបណ្ឌិត ឈ្មាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត បានលើកឡើងថា បច្ចុប្បន្នដោយមានការខិតខំយកចិត្តទុកដាក់ពី រដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្ទីរពាក់ព័ន្ធសង្គមស៉ីវិល ដៃគូអភិវឌ្ឍន៍នានា បានធ្វើឲ្យអត្រាឆ្លងមេរោគអេដស៍ មានការថយចុះក្នុងចំណោមប្រជាជនទូទៅ ដោយអ្នកឆ្លងថ្មីមានការថយចុះ ៦២% ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៨។
លោកបន្តថា អ្នកស្លាប់ដោយសារមេរោគអេដស៍មានការថយចុះ ៤៨% ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៨ ស្រ្តីមានផ្ទៃពោះផ្ទុកមេរោគអេដស៍ បានទទួលឱសថប្រឆាំងមេរោគអេដស៍ មានការកើនឡើងពី ១១% នៅឆ្នាំ២០០៧ ដល់ទៅ ៩៤% នៅឆ្នាំ២០១៧ ការមាក់ងាយរើសអើងពីខាងក្រៅមានការថ្លាក់ចុះ ជាពិសេសការបដិសេធមិផ្ដល់ការងារបានថយចុះពី ៤៦% នៅឆ្នាំ២០១០ មកត្រឹម ២% នៅឆ្នាំ២០១៩ អ្នកបំរើសេវាកំសាន្ដសប្បាយមានអត្រាផ្ទុកមេរោគអេដស៍បានថយចុះពី ១៤% នៅឆ្នាំ២០១០ មកត្រឹម ៣,២%នៅឆ្នាំ២០១៦។
លោក ខ័ណ្ឌ ចំណាន បានអាននូវសុន្ទរកថារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា ដែលបានថ្លែងពីឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ មានន័យខ្លឹមសារថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងឆ្នាំ២០១៩នេះ ដែលកម្ពុជាយើងបានកំណត់ក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍» ជាប្រធានបទមានគោលបំណងបញ្ជាក់ពីការប្ដេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ឈានទៅសម្រេចបានគោលដៅបញ្ចប់បញ្ហាអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៥។
លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ផងដែរថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវផងដែរថា បើទោះបីកម្ពុជាយើងសម្រេចបាននូវសមិទ្ធផលធំធេង និងជោគជ័យជា បន្តបន្ទាប់យ៉ាងណាក៏ដោយ។ ដូច្នេះសូមអំពាវនាវ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជនរួមជាតិគ្រប់មជ្ឈដ្ឋាន រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍។
លោកក៏សូមអំពាវនាវដល់គ្រប់ ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ អង្គការសង្គមស៉ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រ និងអនុវត្តដោយម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្ត្រ ជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែនទីចង្អុលផ្លូវតែមួយគត់សម្រាប់ការងារប្រយុទ្ធ ទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា៕