(កណ្ដាល)៖ លោក គង់ សោភណ អភិបាលរងខេត្តកណ្ដាល បានផ្ដាំផ្ញើដល់អ្នកដេញថ្លៃភាស៉ីគ្រប់ប្រភេទ ត្រូវមានសមត្ថភាព បំពេញលក្ខណ និងគោរពតាមគោលការណ៍ច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការប្រកបអាជីវកម្មនានរបស់ខ្លួន។
លោកផ្ដាំផ្ញើបែបនេះ នៅក្នុងពីធីដេញថ្លៃភាស៉ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២០ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ។
ការដេញថ្លៃភាស៉ីផ្សារមាន៥កន្លែង មានចំនួន៧ផ្សាររួមមាន៖ ផ្សារបែកចាន ថ្នល់ទទឹង ព្រែកអញ្ចាញ រការកោង កំពង់កន្តួត កោះធំ និងផ្សារគគីរ ដោយផ្សារទាំង ៥កន្លែងនេះពុំមានទីតាំងចាក់សំរាម និងកន្លែងផ្ញើរកង់-ម៉ូតូរបស់រដ្ឋនោះទេ។
លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់អតិថិជន ដែលមកដាក់ពាក្យសុំចូលដេញថ្លៃត្រូវមានមធ្យោបាយដឹកជញ្ជូន និងត្រូវរកទីតាំងចាក់សំរាមដោយខ្លួនឯង និងមិនត្រូវយកភាស៉ីពីប្រជាពលរដ្ឋ ដែលគាត់លក់តាម កញ្ជើ ល្អីនោះឡើយ ព្រោះនេះជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។
លោកបានបន្តទៀតថា ចំពោះភាស៉ីកំពង់ចម្លង ក៏មាន ៥កន្លែងដែរ រួមមាន៖ ១- កំពង់ចម្លងកោះតេជោ-គគីរធំ ២- កំពង់ដតាខ្មៅ-ចំពុះក្អែក ៣- កំពង់ចម្លងឫស្សីដាច់-ក្បាលជ្រោយពោធិបាន ៤- កំពង់ចម្លងគ្រួសតាព្រហ្ម និង៥- កំពង់ចម្លងពាមសត្ថា-កំពង់អុស។
លោកក៏បានជំរុញឲ្យក្រុមការងារ មន្ទីរពាក់ព័ន្ឋត្រូវចុះសិក្សាដល់កន្លែងគាត់ប្រកបអាជីវកម្ម តើយាន្តចម្លងរបស់គាត់ត្រូវតាមលក្ខណៈបច្ចេកទេសដែរឬទេ និងមានកន្លែងសំចតរងចាំទេ។ ចំពោះសត្តឃាតដ្ឋានមាន ១ទីតាំង គឺនៅស្រុកខ្សាច់កណ្តាល។
លោក គង់ សោភ័ណ្ឌ ថែមទាំងបានផ្តាំផ្ញើដល់អាជីវករ ដែលបានដាក់ពាក្យសុំចូលដេញថ្លៃ ត្រូវពិចារណាលើមុខសញ្ញាឲ្យបានច្បាស់ ដើម្បីចៀសវៀងការដេញថ្លៃប្រកួតប្រជែងគ្នា ក្នុងតម្លៃខ្ពស់យកឈ្នះយកចាញ់ ប៉ុន្តែអនុវត្តការបង់ចំណូលជូនខេត្ត មិនបានពេញលេញនាំឲ្យមានជាប់បំណុលជាមួយរដ្ឋ៕