(សៀមរាប)៖ ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ នៃគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ពីការប្ដេជ្ញាអនុវត្តគម្រោងជួសជុលហេដ្ឋារចនាសម្ពន្ធមួយចំនួននៅតំបន់អង្គរ ព្រមទាំងបន្តការលើកកម្ពស់សោភ័ណភាពនៅរមណីយដ្ឋាននេះ ឲ្យកាន់តែមានភាពទាក់ទាញ នៅឆ្នាំ២០២០។
លោក ហង់ ពៅ បានបន្តថា អាជ្ញាធរជាតិអប្សរា បានសហការជាមួយបណ្ដាដៃគូអន្តរជាតិជាច្រើន ក្នុងការងារជួសជុល អភិរក្ស និងថែរក្សា ប្រាសាទបុរាណនោះ អាជ្ញាធរជាតិអប្សរាខ្លួនឯង ក៏មានគម្រោងជាច្រើនសម្រាប់ការជួសជុលហេដ្ឋារចនាសម្ពន្ធ ការងារលើកកម្ពស់សោភ័ណភាពរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានភាពទាក់ទាញថែមទៀត នៅឆ្នាំ២០២០ខាងមុខ។
អគ្គនាយករួបនេះបានបញ្ជាក់ទៀតថា គម្រោងជួសជុលផ្លូវមួយចំនួននោះ មានដូចជាការកសាងផ្លូវក្នុងទីក្រុងអង្គរធំ ការជួសជុលផ្លូវពីផ្លូវជាតិលេខ៦ ចូលប្រាសាទបាគង និងព័ទ្ធជុំវិញប្រាសាទបាគង ការជួសជុលផ្លូវមុខប្រាសាទបន្ទាយក្តី និងផ្នែកខាងជើងស្រះស្រង់ ការជួសជុលផ្លូវពីចំណុចស្វាយធំផ្លូវជាតិលេខ៦ ទៅដល់រង្វង់មូលកូនដំរី ការជួសជុលផ្លូវពីវង់ធំក្នុងភូមិព្រះដាក់ឆ្លងកាត់ប្រាសាទ បន្ទាយសំរែ ភ្នំបូក រហូតដល់ចំណុចស្ពានឆេះផ្លូវជាតិលេខ៦៦ ការជួសជុលផ្លូវពីប្រាសាទអង្គរវត្តមកព្រលានយន្តហោះអន្តរជាតិសៀមរាប ការជួសជុលផ្លូវពីព្រលានយន្តហោះ អន្តរជាតិសៀមរាប មកផ្លូវជាតិលេខ៦ ត្រង់ចំណុចភ្លើងស្តុប និងការកែលម្អផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន ចាប់ពីចំណុចបំបែកផ្លូវហ្សាលដឺហ្គោលរហូតទៅដល់រង្វង់មូលអប្សរា និងពីរង្វង់មូលអប្សរាទៅដល់ផ្លូវ ជាតិលេខ៦។
ចំពោះគម្រោងពាក់ព័ន្ធការលើកកម្ពស់សោភ័ណភាពប្រាសាទ ដែលនឹងត្រូវដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ២០២០នោះ មានដូចជាគម្រោងរៀបចំប្រព័ន្ធស្វ័យប្រវត្តិស្រោចស្រពវាលស្មៅក្នុងបរិវេណ ប្រាសាទអង្គរវត្តឱ្យមានភាពបៃតងជានិច្ច។
ពាក់ព័ន្ធនឹងសោភ័ណភាពបរិវេណមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា នឹងបន្តពង្រីកតំបន់ទេសភាពបៃតង ដើម្បីប្រែក្លាយទីនោះឱ្យកាន់តែស្រស់ស្អាត ព្រោះកន្លងមកអាជ្ញាធរជាតិអប្សរា បានអនុវត្តរួចហើយនូវការដាំស្មៅ ដាំកូនឈើ ដាំដើមផ្កានៅផ្នែកខាងត្បូងមុខប្រាសាទអង្គរវត្តនៅពាក់កណ្តាលឆ្នាំ២០១៩។ ដូច្នេះការងារពង្រីកតំបន់ទេសភាពបៃតងនឹងត្រូវពង្រីកបន្តទៀត។
រីឯផ្លូវកៅស៊ូមុខប្រាសាទអង្គរវត្តប្រវែង ៣៥០ម៉ែត្រ ក៏នឹងត្រូវជួសជុលកែលម្អដោយមានការរៀបចំប្រព័ន្ធរំដោះទឹក ដាំកូនឈើ ផ្លូវដើរ ចញ្ចើមផ្លូវ និងសួនច្បារ៕