(បាត់ដំបង)៖ លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង និងលោក មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអ្នកនាំ គ ជ ប នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញប្រកាសតែងតាំងប្រធាន អនុប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង អភិបាលក្រុងស្រុកលោកគ្រូ អ្នកគ្រូ សិស្សនិស្សិតមកពីសាលវិទ្យាល័យនានាចូលរួមជិត ២០០នាក់។

តាមសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ បានសម្រេចតែងតាំងលោក សុខ ហ៊ីង ជាប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង និងលោក កង សុជន ជាអនុប្រធាន។ ចំណែកលោក វន ពន និងលោក ហែម សិលា អតីតប្រធាន-អនុប្រធាន ដែលត្រូវផ្ទេរភារកិច្ចថ្មី និងចូលនិវត្តន៍។

បន្ទាប់ពីពិធីប្រគល់សេចក្ដីសម្រេច និងត្រារួចមកលោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង បានឡើងប្ដេជ្ញាចិត្តដោយអនុវត្តឲ្យបានម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំរបស់ គ ជ ប, គោរពគាំទ្រ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកម្មវិធីកំណែទម្រង់ការបោះឆ្នោត រចនាសម្ព័ន្ធនៃអគ្គលេខាធិការដ្ឋាន, លុបបំបាត់រាល់បាតុភាព អសកម្មទាំងឡាយដែលកើតមាន, បង្កើនកិច្ចសហប្រតិបត្តិការជាមួយសមាជិកទាំងអស់នៅក្នុងលេខាធិការដ្ឋានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត នៅកម្ពុជា។

លោក អ៊ុយ សុធាវី បានវាយតម្លៃខ្ពស់ប្រកបដោយសុទិដ្ឋិនិយម ចំពោះស្មារតីដឹកនាំគ្រប់គ្រងរបស់លោក វន ពន និងលោក ហែម សិលា អតីតប្រធាន-អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង ដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំបំពេញភារកិច្ចក្នុងការទទួលខុសត្រូវខ្ពស់ មានកិច្ចសហការល្អជាមួយគណបក្សនយោបាយអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន ធ្វើឲ្យការបោះឆ្នោតគ្រប់អាណត្តិប្រព្រឹត្តទៅដោយរលូន។

ជាមួយគ្នានោះ លោក មាន សទិ ក៏បានផ្ដាំផ្ញើរដល់ប្រធាន និងអនុប្រធាន ដែលទើបតែងតាំងថ្មីនេះ លើកកម្ពស់សមត្ថភាពបំពេញការងាររបស់ខ្លួនប្រកបដោយ វិជ្ជាជីវៈ ស្របតាមច្បាប់ស្ដីពីការបោះឆ្នោត ដោយតម្កល់ផលប្រយោជន៍ជាតិជាធំផងដែរ៕