(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវិស័យកងទ័ព នៃប្រទេសទាំងពីរកម្ពុជា-ថៃ រួមទាំងប្រជាជន និងប្រជាជន ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសអរគុណចំពោះការទប់ស្កាត់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានបំណងយកដីថៃ បង្កអសន្តិសុខដល់ប្រទេសកម្ពុជា។
ការវាយតម្លៃខ្ពស់បែបនេះរបស់នាយឧត្តសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ឯក ភីរោជ វីឡៃលុគ (Piroach Vilailug) នាយកនាយកដ្ឋានកិច្ចការព្រំដែនកងទ័ពភូមិន្ទថៃ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅបន្ទប់សំណេះសំណាលអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្នុងឱកាសដែលលោកដឹកនាំប្រតិភូ មកបំពេញដំណើរទស្សនកិច្ចការងារនៅលើទឹកដីកម្ពុជា។
ក្នុងជំនួបនាពេលនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសម្ដែងការស្វាគមន៍ និងជម្រាបជូនសង្ខេបអំពីស្ថានការណ៍ទូទៅនៅកម្ពុជា ពិសេសកម្ពុជា-ថៃ ដែលទើបតែបានធ្វើការបោះឆ្នោត រួចប្រកបដោយជោគជ័យ និងតម្លាភាព។
ពាក់ព័ន្ធដល់បញ្ហាទណ្ឌិត សម រង្ស៊ី, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់អំពីគោលការណ៍នេះថា ទណ្ឌិត សម រង្ស៊ី បានដើរឆ្លងផុតបន្ទាត់ក្រហម នៃលទ្ធិប្រជាធិបតេយ្យហើយៗ មួយទៀតលើផ្នែកនយោបាយទណ្ឌិត សម រង្ស៊ី កំពុងបង្ហាញនូវធាតុពិតរបស់ខ្លួន ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារដើម្បីផ្ដួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញរបស់កម្ពុជា ដែលជាអ្នកទោសក្បត់ជាតិ មិនអាចលើកលែងបានឡើយ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពភូមិន្ទថៃ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការ ដ៏ល្អជាមួយនឹងកម្ពុជា មិនបានផ្តល់ទឹកដីឱ្យដល់ ទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងបង្កើតចលនា បង្កនូវភាពវឹកវរណាមួយ ដែលនាំឱ្យមានមហន្តរាយ ដល់ការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា កន្លងមកបានទទួលយកសិក្ខាកាមកម្ពុជា ទៅបណ្ដុះបណ្ដាលលើជំនាញប្រឆាំងភេរវកម្ម នៅប្រទេសថៃ ហើយតាមរយៈនៃកិច្ចប្រជុំថ្នាក់នាយទាហាន សេនាធិការចម្រុះ រវាងក្រុមការងារ សេនាធិការចម្រុះ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន ជាមួយនឹងក្រុមការងារនាយទាហានសេនាធិការចម្រុះកងទ័ពភូមិន្ទថៃ នៅខេត្តសៀមរាប នាពេលកន្លងមក គឺបានទទួលលទ្ធផលជោគជ័យ និងភាពគ្នាយោគយល់គ្នា។
ឧត្តមសេនីយ៍ឯក ភីរោជ វីឡៃលុគ បានសម្ដែងនូវអំណរគុណ ចំពោះការទទួលបដិសណ្ឋារកិច្ច និងការបញ្ជាក់អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ជូនដល់លោកបានកាន់តែយល់ច្បាស់។ ក៏បានសំដែងនៅអំណរគុណផងដែរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់កងយោធពលខេមរភូមិន្ទ ពិសេសនាយឧត្តមសេនីយ៍ ផ្ទះមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន ដែលរហូតមកបានបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងពង្រីកចំណងទាក់ទងក្នុងការរឹតចំណងសាមគ្គីភាពមិត្តភាព រវាងរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពភូមិន្ទថៃ ជាមួយនិងរាជរដ្ឋាភិបាល ប្រជាជន និងកងយោធពលខេមរភូមិន្ទ កាន់តែមានភាពប្រសើរឡើង។
ឧត្តមសេនីយ៍ឯក ភីរោជ វីឡៃលុគ ក៏បានសំដែងនៅការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏ដូចជាអគ្គមេបញ្ជាការកងទ័ពប្រទេសទាំងពីរ ថៃ និងកម្ពុជា។
ឧត្តមសេនីយ៍ឯក ភីរោជ វីឡៃលុគ ក៏បានស្នើយោបល់ និងការអនុញ្ញាតសម្រេចពីអគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន អំពីការរៀបចំនៃកិច្ចប្រជុំថ្នាក់ នាយទាហានសេនាធិការ ចម្រុះថៃ-កម្ពុជា ដែលយើងបានដំណើរការធ្វើ ផ្លាស់ប្ដូរវេនគ្នា ជារៀងរាល់១ឆ្នាំម្តង ដោយផ្លាស់វេនគ្នាជាម្ចាស់ផ្ទះនោះ ដើម្បីបង្កើនទៅជាកម្រិតថ្នាក់អគ្គមេបញ្ជាការមុននឹង ចូលដល់កិច្ចប្រជុំ GBA ថ្នាក់របស់មន្ត្រី។
ជាមួយគ្នានោះដែរលោក ភីរោជ វីឡៃលុគ ក៏បានស្នើសុំផងដែរ ដល់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ថា រាល់កិច្ចប្រជុំប្រចាំឆ្នាំ សូមឱ្យមានការពង្រឹងពង្រីក និងចូលរួមផ្លាស់ប្ដូរគ្នាទៅវិញទៅមក ដាក់បញ្ចូលកម្មវិធីបង្ហាញអំពីវប្បធម៌ ការសម្ដែងសិល្បៈ និងកីឡា រួមទាំងការធ្វើបុណ្យផ្កាប្រាក់ ឬបុណ្យកឋិនទាន ក្នុងមួយឆ្នាំម្ដងទៅកាន់ប្រទេសថៃ ឬកម្ពុជា ដូចដែលកម្ពុជា ធ្លាប់បានធ្វើជាមួយប្រទេសវៀតណាម និងឡាវ។
ជាការឆ្លើយតបនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ជូនប្រតិភូថា តាមពិតទៅកម្ពុជា និងថៃ ពាក់ព័ន្ធអំពីវប្បធម៌ សិល្បៈ និងកីឡា ភាគីយើងទាំងពីរ តែងតែបានធ្វើជាញឹកញាប់ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ រវាងអង្គភាពកងយោធពលខេមរភូមិន្ទ ដែលឈរជើង តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងការពង្រឹងពង្រីក នៃការរឹតចំណងសាមគ្គីភាព មិត្តភាព សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន ដើម្បីពង្រឹងបានព្រំដែនសន្តិភាព រវាងប្រទេសទាំងពីរ។ប៉ុន្តែការបង្ហាញអំពីវប្បធម៌ ការសំដែងសិល្បៈ និងកីឡា ក្នុងពេលផ្លាស់ប្ដូរប្រតិភូចូលរួមក្នុងកិច្ចប្រជុំថ្នាក់កំពូល យើងពុំដែលមានមែន។ ប៉ុន្តែនាយឧត្តមសេនីយ៍ បានឯកភាពចំពោះសំណើនេះ ហើយសន្យាថា នឹងនាំសំណើនេះ ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដើម្បីសម្រេច និងអនុម័ត៕