(ភ្នំពេញ)៖ ក្រៅពីការចាក់ដីរំលោភយកដីប្រឡាយបឹងហា, ក្រុមហ៊ុនផ្ទះល្វែងយីហោ «តាតា» ក៏រងការចោទថា លួចធ្វើបណ្ណកម្មសិទ្ធិ និងចាក់ដីរំលោភយកដីរបស់ពលរដ្ឋមួយកន្លែង ស្ថិតនៅជាប់ប្រឡាយបឹងហា និងមានព្រំប្រទល់ជាប់ដីរបស់ក្រុមហ៊ុមក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ជឹម ផល អាយុ៥៣ឆ្នាំ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះថា ក្រុមហ៊ុននេះ ចាប់ផ្ដើមចាក់ដីរំលោភយកដីគាត់នៅមុនថ្ងៃបុណ្យអុំទូកកន្លងទៅ ដែលពេលនោះគាត់បានទៅប្ដឹងសុំការអន្តរាគមន៍ពីសំណាក់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យឲ្យជួយ ប៉ុន្តៃអាជ្ញាធរខណ្ឌអត់រវីរវល់ឃាត់សិនទេ បណ្ដោយឲ្យភាគីក្រុមហ៊ុនចាក់ដីលើដីគាត់តាមអំពើចិត្តតែម្ដង។
លោក ជឹម ផល បាននិយាយថា ដីដែលត្រូវបានក្រុមហ៊ុនសំណង់ផ្ទះល្វែង តាតា រំលោភយកទាំងកម្រោលដោយឥតអៀនខ្មាស់នេះមានទំហំ៤០អារ ក្នុងចំនួនសរុប ៧៥អារ។
លោកបានរៀបរាប់ពីប្រវត្តិដីថា លោកបានកាន់កាប់នៅឆ្នាំ១៩៨១ ដោយបានអាស្រ័យផលដូចជាការដាក់លប និងដាក់ដាយ យកត្រីលក់ និងធ្វើម្ហូបនៅលើដីនោះ ហើយបានថែរក្សារហូតមកដល់ឆ្នាំ១៩៨៩ ទើបទទួលបានសិទ្ធិគ្រប់គ្រាន់ក្នុងការកាន់កាប់ដីខាងលើពេញលេញ។ អាជ្ញាធរនាពេលនោះបានចេញបង្កាន់ដៃទទួលពាក្យស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លីដីលេខ១៣៩/៨២ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៨៩ និងបង្កាន់ដៃលេខ១១៣៧ ភ ព ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៨៩។
លោកថា លុះរហូតមកដល់ពេលថ្មីៗនេះស្រាប់តែក្រុមហ៊ុន បានចាក់ដីរំលោភយកទាំងកម្រោល ពេលនោះគាត់បានរារាំង និងសុំឲ្យក្រុមហ៊ុនយកឯកសារមកផ្ទៀងផ្ទាត់គ្នា ដើម្បីរកព្រុំត្រឹមណា សិនដែរ តែក្រុមហ៊ុនមួយនេះមិនព្រមស្ដាប់ឡើយនៅតែចាក់យកទាំងបំពាន ទើបគាត់ប្ដឹងទៅកាន់អាជ្ញាធរភូមិ និងសង្កាត់ចោមចៅទី១ ឲ្យជួយអន្តរាគមន៍ ពេលនោះអាជ្ញាធរសង្កាត់រួម និងមន្ត្រីសូរិយោដី ខណ្ឌពោធិ៍សែនជ័យ បានចុះទៅដើម្បីធ្វើការវាស់វែង តែក្រុមហ៊ុននេះ មិនត្រឹមតែមិនព្រមស្ដាប់ប៉ុណ្ណោះទេ ថែមទាំងលោតធាក់គំនូសពង់ចោល និងដេញចេញទៀត។
លោកថា មិនតែប៉ុណ្ណោះគាត់ក៏បានសុំការអន្តរាគមន៍ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យដែរ ប៉ុន្តែអត់មានចំណាត់ការភ្លាមៗទេ បណ្ដោយឲ្យក្រុមហ៊ុនមួយនេះចាក់រំលោភយកដីគាត់តាមចិត្តតែម្ដង ដូច្នេះពេលនេះលោកទទូចសុំអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំពាក់ព័ន្ធ សូមជួយដល់លោកផង ព្រោះលោកមានកូនដល់ទៅ១៩នាក់ ហើយពឹងផ្អែកលើដីជាង ៧០អារទុកចែកកូនៗ របស់លោក ប៉ុន្តែពេលនេះបែរជាត្រូវក្រុមហ៊ុនខាងលើរំលោភយកអស់ជិត ៤០អារទៅហើយ។ នៅពេលនេះ លោកក៏បានដាក់ពាក្យប្ដឹងចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំដីការក្សាការពារដីនោះរួចហើយដែរ។
បន្ទាប់ពីទទួលព័ត៌មាននៃការចាក់ដីរំលោភយកប្រឡាយ និងដីរបស់ពលរដ្ឋខាងលើនេះ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ចោមចៅទី១ ដោយមានការចូលរួមពីមន្រ្តីការិយាល័យភូមិបាលខណ្ឌ ក្រោមការដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ បានចុះទៅធ្វើការវាស់វែងលើដីទំនាស់នោះហើយ។
ប៉ុន្តែលោកអភិបាលរងខណ្ឌ មិនបានអត្ថាធិប្បាយជុំវិញបញ្ហានេះទេ ចំណែកមន្រ្តីភូមិបាលបាននិយាយថា ការចុះវាស់វែងនាពេលនេះ ដើម្បីគូសព្រុំទៅតាមការស្នើសុំរបស់ម្ចាស់ដី យោងទៅលើបណ្ណកម្មសិទ្ធិដែលចេញនៅឆ្នាំណា និងដើម្បីសង្កត់មើលថា តើការចាក់ដីនេះចូលប្រឡាយឬអត់ ហើយបើចូលប្រឡាយត្រូវតែកាយចេញវិញ។
សូមបញ្ជាក់ថា ប្រឡាយមេខាងលើតភ្ជាប់រហូតដល់ក្នុងភូមិសាស្រ្តខណ្ឌដង្កោ និងខណ្ឌមានជ័យ ជាប្រឡាយធម្មជាតិ ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បង្ហូររំដោះទឹកចេញពីតំបន់ទួលពង្រ និងខណ្ឌពោធិ៍សែនជ័យស្ទើរតែទាំងមូល ត្រូវបានក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតាTATA» ចាក់ដីរំលោភទាំងកម្រោល ដែលមុននិងចាក់បានសុំច្បាប់ទៅកាន់អាជ្ញាធរខណ្ឌ និងសង្កាត់ចាក់តែត្រឹមដីរបស់ខ្លួន ប៉ុណ្ណោះ លុះក្រោយពេលបានច្បាប់អនុញ្ញាតបែរជាចាក់រំលោភយកទាំងប្រឡាយថែមទៀតបែបនេះ។
លោក កង វ៉ង ចៅសង្កាត់ចោមចៅ១បាននិយាយថា បញ្ហានេះលោកមិនត្រឹមតែបានដឹងប៉ុណ្ណោះទេ ហើយក្រុមហ៊ុននេះមិនត្រឹមតែចាក់ដីលុបរំលោភយកដីបឹងនិងប្រឡាយប៉ុណ្ណោះទេ តែនូវបានរំលោភយដីមេភូមិ និងដីប្រជាពលរដ្ឋថែមទៀតផង។ ក្រោយពេលទទួលបានដំណឹងនោះហើយលោកក៏បាយកម្លាំងចុះទៅធ្វើការត្រួតពិនិត្យវាស់វែងប្រឡាយនោះថែមទៀតផង ប៉ុន្តែពេលទៅដល់ត្រូវបានក្រុមហ៊ុននោះស្ដីឲ្យថា «ចៅសង្កាត់និងមានសិទ្ធិអីទៅមើលកន្លែងនិង មានសិទ្ធិអីទៅនិយាយរឿងនិងទេ មានតែសូរិយោដីខណ្ឌនិងចៅហ្វាយខណ្ឌទេ លោកក៏បានតបវិញថា អាជ្ញាធរដែនដៃចុះមើលឬអត់មិនចាំបាច់ស្នើរសុំអ្នកឯងទេ អ្នកឯងបំពានហើយឲ្យគេធ្វើលិខិតស្នើរសុំអ្នកឯងទៀត»។
លោកចៅសង្កាត់បានបន្តថា បឹងនោះឈ្មោះបឹងហា ដែលមានទទឹង ៥៧ម៉ែត្រ ក្នុងនោះកាត់ចេញជាផ្លូវម្ខាង ១៥ម៉ែត្រ និងប្រឡាយមេ ២៧ម៉ែត្រ ប៉ុន្តែពេលនេះត្រូវចាក់លុបជិតអស់ហើយ ដោយឡែកកាលពីថ្ងៃទី៣ ខែធ្នូ កម្លាំងសង្កាត់ និងសូរិយោដីខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យមើលម្ដងទៀត ហើយខណៈនោះតែបាញ់ពង់ឲ្យចាក់ដីត្រឹមនេះត្រឹមនោះ តែទើបតែបាន១ប៉ុណ្ណោះស្រាប់តែម្ចាស់ក្រុមហ៊ុននោះ បានប្រើឲ្យកម្មកររបស់គេលោតធាក់ពង់ចោលអស់ ហើយកម្មកររបស់គេមានរហូតដល់ជាង ១០០នាក់ឯណោះ។ ជាងនេះទៀតត្រូវក្រុមនោះដេញវាយទៀតផង ហើយការប្រមាថនេះ បានធ្វើឲ្យលោកឈឺចាប់ខ្លាំងណាស់ ព្រោះក្រុមហ៊ុននេះកំពុងប្រមាថអាជ្ញាធរខ្លាំងណាស់ ហើយអាជ្ញាធរអន់ណាស់៕