(កំពង់ចាម)៖ លោក ឈឹម ចាន់ធឿន ត្រូវបានប្រកាសតែងតាំងជាប្រធានលេខាធិការដ្ឋានបោះឆ្នោតខេត្តកំពង់ចាម ជំនួសលោក មាង ម៉េងហួន ដែលចូលនិវត្តន៍។
ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមានលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប និងលោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម។
លោក កៅ សុខអាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុមចុះឈ្មោះបោះឆ្នោត មន្ត្រីបុគ្គលិក នៃគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់ លំដាប់ថ្នាក់ដែល ក្នុងរយៈពេលកន្លងមក បានខិតខំយកចិត្តទុកដាក់បំពេញការងារគ្រប់ដំណាក់កាល ក្នុងការរៀបចំការបោះឆ្នោត ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវជំហរអព្យាក្រឹត្យ ឥតលំអៀង អនុវត្តគោលការណ៍ច្បាប់ បទបញ្ជានីតិវិធី និងក្រមសីលធម៌បានយ៉ាងល្អ ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយសន្តិភាពសេរីត្រឹមត្រូវ យុត្តិធម៌ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះ ឆ្នោត។
លោក ហង្ស ពុទ្ធា បានថ្លែងថា ជាមន្ត្រី គ.ជ.ប ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ តាមព្រះរាជក្រឹត្យ។ មន្រ្តីរបស់យើងដែលត្រូវដល់អាយុចូលនិវត្តន៍ ត្រូវតែចូលនិវត្តន៍ ហើយការជ្រើសជ្រើសមន្ត្រីជំនួស ត្រូវតែធ្វើឱ្យមានភាពត្រឹមត្រូវបំផុត។ មន្ត្រីត្រូវអនុវត្តឱ្យបាននូវភារកិច្ចរបស់ខ្លួន និងទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋអ្នកមានអាយុ១៨ ឆ្នាំឡើង ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
លោកថា អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវតែបានបោះឆ្នោត និងសំឡេងឆ្នោតរបស់ពួកគាត់ត្រូវតែរាប់ឱ្យបានត្រឹមត្រូវ។ គ.ជ.ប មានយន្តការត្រួតពិនិត្យ ពង្រឹង និងកែលម្អដំណើរការគ្រប់គ្រង និអភិវឌ្ឍន៍ជាមនុស្សរបស់ គ.ជ.ប នោះគឺជាកិច្ចការ និងមានសារសំខាន់បំផុតប្រែក្លាយមន្រ្តីនៅក្នុងវិស័យសាធារណៈឱ្យកាន់តែមានសមត្ថភាពវិជ្ជាជីវៈច្បាស់លាស់ និងប្រសិទ្ធភាពក្នុងការបំពេញកិច្ចការងារបោះឆ្នោតស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ៕