(កោះកុង)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការជាមួយរដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីមហោស្រពបង្ហោះខ្លែងខ្មែរលើកទី២៣ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅទីលានប្រកួតបាល់ទាត់ខេត្តកោះកុង។
ក្នុងពិធីនេះមានការចូលរួមពីលោក អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឱវាទ ព្រមទាំងមន្រ្តីពាក់ព័ន្ធអបអរសាទរយ៉ាងច្រើនកុះករផងដែរ។
លោកស្រី ឈុន រ៉ាវុធ បានថ្លែងថា ខេត្តកោះកុងមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយពិធីមហោស្រពបង្ហោះខ្លែងខ្មែរ លើកទី២៣ ហើយក៏ជាលើកទី២ សម្រាប់ខេត្តកោះកុងដែរ និងមានគ្រប់បណ្តាខេត្តអញ្ជើញចូលរួមប្រកួតប្រជែងដែរ។
លោកស្រី បានបន្ថែមថា ការរៀបចំពិធីមហោស្រពបង្ហោះខ្លែងខ្មែរនេះ គឺចង់ឲ្យកូនខ្មែរចង់ចាំថាប្រវត្តិសាស្រ្តខ្លែងឯកដើម្បីកុំឲ្យភ្លេចប្រវត្តិសាស្រ្តខ្លែង ហើយខ្លែងខ្មែរក៏មានការទទួលស្គាល់ ក្នុងលំដាប់អន្តរជាតិផងដែរ។
លោក អ៊ុក សុជាតិ បានថ្លែងឲ្យដឹងថា បច្ចុប្បន្នខ្លែងខ្មែរបាន និងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងក្លាគ្រប់មជ្ឈដ្ឋានជាតិ-អន្តរជាតិក។ ជារៀងរាល់ឆ្នាំ ក្រសួងវប្បធម៌ តែងតែប្រារព្វពិធីមហោស្រពបង្ហោះ ខ្លែងខ្មែរ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសដើម្បីជ្រើសរើសយកទេពកោសល្យក្នុងការធ្វើ និងបង្ហោះខ្លែងដើម្បីចូលរួមប្រកួតប្រជែលជាមួយឆាកអន្តរជាតិ។
លោកបានបន្តទៀតថា នៅលើឆាកអន្តរជាតិ ខ្លែងខ្មែរបានចូលរួមមហោស្រពខ្មែរបានចូលរួមលើកទី៦៦ ហើយនេះក៏ជាឱកាសល្អបំផុតក្នុងការផ្សព្វផ្សាយវប្បធម៌ប្រពៃណី នៃការរីកចម្រើនរបស់កម្ពុជាមាតុភូមិអង្គរដ៏បវរ ជូនពិភពលោកឲ្យស្គាល់ចាប់អារម្មណ៍រួមចំណែកអូសទាញអ្នកវិនិយោគទុន និងអ្នកទេសចរណ៍អន្តរជាតិ ចូលរួមកំសាន្តប្រទេសកម្ពុជា ឲ្យមានកំណើនបន្ថែមទៀត ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ និងអរិយ្យធម៌របស់កម្ពុជាយើងដែលដូនតាបន្សល់ទុកតាំងយូរឆ្នាំមកហើយ។
សូមបញ្ជាក់ថា ពិធីមហោស្រពបង្ហោះខ្លែងខ្មែរលើកទី២៣នេះ មានការចូលរួមប្រកួតប្រជែងខ្លែងមានចំនួន២៣ខេត្ត ហើយខេត្តតាកែវ បានជ័យលាភី បានលេខ១ ខេត្តកំពង់ឆ្នាំងបានលេខ២ និងខេត្តមណ្ឌលគិរីបានលេខ៣៕