(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជួយការសាងសង់អគារ និងបំពាក់ឧបករណ៍ នៅមន្ទីរពេទ្យកាល់ម៉ែត ឲ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ ដែលមានលក្ខណៈទំនើប និងពហុឯកទេស។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកដល់ពេលនេះ សប្បុរសជនបានជួយថវិកាជាង៧២លានដុល្លារ សម្រាប់សាងសង់អាគារ និងបំពាក់ឧបករណ៍គ្រឿងបរិក្ខា នៅអគារមន្ទីរពេទ្យកាល់ម៉ែត។ ដោយបូកថវិការដ្ឋ៣០លានដុល្លារទឹកប្រាក់សរុបមានចំនួនជាង១០២លានដុល្លារ។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត ៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កន្លងទៅមន្ទីរពេទ្យកាល់ម៉ែត បានសាងសង់អគារដោយទិញនូវឧបករណ៍ថ្មីៗ ដែលមានតម្លៃថ្លៃ ដោយបណ្តាក់ពីបរទេស ដោយខាងមន្ទីរពេទ្យ បានធ្វើការបង់ថ្លៃឧបករណ៍ ទាំងនោះតាមដំណាក់កាលៗ ដោយម៉ាស៊ីនឡេស័រ ក្នុង១គ្រឿងមានតម្លៃជិត៤លានដុល្លារ ដូច្នេះសូមប្រជាពលរដ្ឋ ដែលទៅស្វែងរកការព្យាបាលជំងឺ នៅក្នុងមន្ទីរកន្លងទៅ សូមមេត្តាយោគយល់ចំពោះចំណុចដែលខ្វះខាត។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរ ដែលមានលទ្ធភាពពួកគាត់បាននាំគ្នាសម្រុកចេញ ទៅព្យាបាលសុខភាពនៅឯបរទេស។ ដូច្នេះ នៅពេលដែលមន្ទីរកាល់ម៉ែត ត្រូវបានរៀបចំរួចរាល់ ទៅជាមន្ទីរពេទ្យកាល់ម៉ែត សាងសង់ និងបំពាក់ឧបករណ៍បច្ចេកទេសទំនើបរួចហើយ សម្តេចនឹងពិចារណាបញ្ឈប់ ការទៅពិនិត្យជំងឺនៅក្រៅប្រទេស។
ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរដែលមានបណ្ណក្រីក្រ បណ្ណសមធម៌ បណ្ណបេឡាជាតិរបបសន្តិសុខសង្គម នឹងទទួលបានការព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែតដោយមិនបង់ថ្លៃ។ ដោយឡែកអ្នកមានលទ្ធភាព ត្រូវបង់លុយសម្រាប់ការព្យាបាល។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឲ្យបងប្អូនជនរួមជាតិ និងមិត្តបរទេស ជួយចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកាល់ម៉ែត ឲ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ ដែលមានលក្ខណៈទំនើប និងពហុឯកទេស។
យោងតាមបញ្ជីឈ្មោះសប្បុរសជន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានគិតត្រឹមរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ មានថវិកាជាង៧២លានដុល្លារអាមេរិកហើយ ដែលប្រមូលបានពីសប្បុរសជននានា ដើម្បីសាងសង់អគារ និងបំពាក់ឧបករណ៍ គ្រឿងបរិក្ខារនានា នៅមន្ទីរពេទ្យកាល់ម៉ែត។
តាមបញ្ជីឈ្មោះសប្បុរសជន បានបង្ហាញឲ្យឃើញថា ទឹកប្រាក់ដុល្លារ មានចំនួន៧២,៤២៥,៨៧១ ដុល្លារ និងទឹកប្រាក់រៀល ២៣៧,៦៦៤,៧០០រៀល បូកសរុបទាំងកញ្ចប់ថវិការដ្ឋ ៣០លានដុល្លារទៀត ដូច្នេះថវិកាសម្រាប់ ជួយដល់មន្ទីរពេទ្យកាល់ម៉ែត មានចំនួនជាង ១០២លានដុល្លារហើយ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បាន យ៉ាងដូច្នេះថា «បងប្អូនជនរួមជាតិ ក៏ដូចជាមិត្តបរទេសដែលចង់រួមបរិច្ចាក ដល់មន្ទីរពេទ្យពេទ្យកាល់ម៉ែត សុំទាក់ទងចូលតាមរយៈ លោក ឈាង រ៉ា ប្រធានមន្ទីរពេទ្យកាល់ម៉ែត ទូរស័ព្ទលេខ ០១២ ៨៧៧ ៨៧៧ ។ គ្រប់ការចូលរួមរបស់សប្បុរសជន នឹងមានប័ណ្ណថ្លែងអំណគុណ ដែលចុះហត្ថលេខាដោយខ្ញុំ ជានាយករដ្ឋមន្ត្រីផ្ទាល់»៕