(កំពង់ស្ពឺ)៖ ដោយមើលឃើញពីភាពលំបាកខ្វះខាតនូវសម្ភារសិស្សា របស់សិស្សានុសិស្ស ដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ក៏ដូចជាពលរដ្ឋរស់ នៅក្នុងតំបន់នោះ សប្បុរសជនមកពីប្រទេសសិង្ហបុរី បានសហការជាមួយវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បាននាំយកសម្ភារសិក្សា និងសម្ភារប្រើប្រាស់ចំនួន ចុះចែកជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងភូមិត្រពាំងអំពិល ឃុំចាន់សែន ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
ពិធីនេះធ្វើឡើងក្រោមអធិបតីលោក ជួង ច័ន្ទអម្រិត ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ជានាយកវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជានាយកក្រុមហ៊ុន វិនិយោគអចលនទ្រព្យ CICI Land, សប្បុរសជនមកពីប្រទេសសិង្ហបុរី, លោកមេឃុំចាន់សែន, លោកគ្រូ អ្នកគ្រូ នៅក្នុងអនុវិទ្យាល័យ វិទ្យាល័យក្នុងឃុំចាន់សែន រួមទាំងប្រជាពលរដ្ឋសិស្សានុសិស្សជាច្រើនរូបទៀតផងដែរ។
លោក ជួង ច័ន្ទអម្រិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក លោកស្រី ដែលជាម្ចាស់ជំនួយទាំងអស់ ដែលជាសប្បុរសជនរបស់ប្រទេសសិង្ហបុរី ដែលបានយកចិត្តទុកដាក់ និងលះបង់ធនធានផ្ទាល់ខ្លួនរៀបចំជាអំណោយសប្បុរសធម៌ សម្រាប់ចែកជូនដល់សិស្សានុសិស្សក្រីក្រ នៃវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងសិស្សានុសិស្សនៅក្នុងឃុំចាន់សែន ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺនាពេលនេះ។
លោក ជួង ច័ន្ទអម្រិត បានបញ្ជាក់ទៀតថា ក្នុងរយៈពេលឆាប់ៗខាងមុខនេះ សម្រាប់ប្រជាជនក្រីក្រដែលរស់នៅក្នុងតំបន់នេះ លោកនឹងមានរៀបចំជាកម្មវិធីចែកជូនដី និងផ្ទះឱ្យពួកគាត់បានរស់នៅផ្ទាល់តែម្តង ដោយជាក់ស្តែងក្រុមហ៊ុន វិនិយោគអចលនទ្រព្យ CICI Land របស់លោកនៅក្នុងតំបន់ខេត្តកំពង់ស្ពឺនេះ មាន៣ទីតាំង ដែលមានដូចជាគម្រោង A ស្ថិតនៅក្នុងឃុំចាន់សែន មានទំហំផ្ទៃដី៧០ហិកតា, គម្រោង B ស្ថិតនៅក្នុងឃុំចាន់សែនដូចគ្នា មានចំនួន៥ហិកតា និងគម្រោង C ជាគម្រោងរមណីយដ្ឋាន ទេសចរណ៍វិមានពពកវិល ដែលវិនិយោគលើផ្ទៃដី១០០ហិកតា ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ឆ្លៀតក្នុងឱកាសនេះលោក ជួង ច័ន្ទអម្រិត ក៏បានបញ្ជាក់ទៀតថា កន្លងមកវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលមានទីតាំងនៅឃុំចាន់សែន ស្រុកឧត្តុង្គនេះ ដោយបានទទួលការគាំទ្រ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិទ្យាស្ថានបានផ្តល់ការបណ្តុះបណ្តាលជំនាញ ដល់ប្រជាពលរដ្ឋមួយចំនួនដូចជា ផ្នែកកសិកម្ម បច្ចេកទេសចិញ្ចឹមមាន់ បច្ចេកទេសចិញ្ចឹមត្រី ចិញ្ចឹមជ្រូក បច្ចេកទេសដាំបន្លែ បច្ចេកទេសព្យាបាលសត្វ ដើម្បីជាមូលដ្ឋានចំណេះដឹង ជំនាញសម្រាប់ជួយបង្កើនប្រាក់ចំណូល ជាលក្ខណៈគ្រួសារ ដើម្បីឱ្យពួកគាត់ទទួល បានប្រាក់ចំណូលកាន់តែល្អប្រសើឡើងផងដែរ។
សូមបញ្ជាក់ដែរថា វិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាវិទ្យាស្ថានដែលមានការរីកចម្រើនលូតលាស់ ប្រកបដោយឧត្តមភាព និងជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ លើឧត្តមភាពក្នុងការគ្រប់គ្រង ការស្រាវជ្រាវ ការអប់រំបណ្តុះបណ្តាល ដើម្បីជួយឱ្យសិស្សនិស្សិតក្រីក្រ មានលទ្ធភាពតិចតួច ទទួលបានអាជីពការងារពិត។ ជម្រាបថា អំណោយដែលបានចែកជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ មានដូចជា៖ សៀវភៅ ប៊ិច សម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ផ្សេងៗទៀតផងដែរ៕