(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia បាននិងកំពុងពង្រីកឱកាសទីផ្សារពង្រឹងទំនុកចិត្ត និងកំពុងទាក់ទាញការវិនិយោគវិស័យអចលនទ្រព្យ ពីសំណាក់អ្នកវិនិយោគបរទេស។
លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងក្នុងមហាសន្និបាតប្រចាំឆ្នាំ លើកទី២នៃគ្រួសារ Century 21 ប្រចាំកម្ពុជា ដោយមានអ្នកចូលរួមជាង៧០០នាក់ និងមានការ ផ្តល់ពានរង្វាន់ដ៏សម្បូរបែប ដល់សមាជិករួមគ្រួសារ នារាត្រីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ថា ភាគជោគជ័យនៃការមកដល់របស់ Century21 Cambodia បានធ្វើឲ្យយើងអាចពង្រីកការិយាល័យបាន២៣ ហើយទិសដៅរបស់យើងនឹងពង្រីកនៅគ្រប់ខ័ណ្ឌទាំងអស់ នៃឆ្នាំ២០២០ និងពង្រីកសមាជិកជាភ្នាក់ងារឲ្យបាន៧០០នាក់។
លោកស្រីបន្តថា ការលក់របស់យើង បាននិងកំពុងកើនឡើង ហើយយើងមានជំនឿជឿជាក់ថា វិស័យនេះ នឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត ហើយតាមរយៈវត្តមានរបស់ Century21 Cambodia បានធ្វើឲ្យទីផ្សារនេះ កាន់តែមានភាពប្រសើរឡើង ហើយការលក់របស់យើងបានបន្តកើនឡើង ដោយសារតែភាពស្មោះត្រង់ ការផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត ព្រោះយើងធ្វើការដោយបេះដូងជាមួយអតិថិជន។
ព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី២នេះ ត្រូវបានរៀបចំឡើងកាន់តែធំជាងមុន ហើយវត្តមានអ្នកចូលរួមគឺមានទាំងពីសមាជិកគ្រួសារ Century 21 នៅកម្ពុជាទាំង ២៣ ក្រុមហ៊ុន និងពីសមាជិកគ្រួសារ Century 21 ពីសហរដ្ឋអាមេរិក ជប៉ុន ចិន កូរ៉េ តៃវ៉ាន់ សឹង្ហបុរី ហុងកុង និង តំណាងស្ថាប័នឯកជនធំៗ ដូចជា ម្ចាស់សហគ្រាស ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងតំណាងពីធនាគារ។
លោកស្រី Grace Rachny Fong បានថ្លែងថា ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់ដៃគូរសហការណ៍បានស្គាល់ និងប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដើម្បីពង្រីកបណ្តាញទំនាក់ទំនងពាណិជ្ជកម្ម និងដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ លោកស្រីបន្តថា សម្រាប់អ្នកចូលរួមពីបណ្តាប្រទេសជឿនលឿនជាច្រើន នេះគឺជាលើកទីមួយដែលពួកគាត់មកប្រទេសកម្ពុជា ។
លោកស្រីបន្ថែមថា «កត្តានេះឆ្លុះបញ្ចាំងថា ពួកគាត់សម្លឹងឃើញឱកាសល្អ និងបានដឹងពីសក្តានុពល វិស័យអចលនទ្រព្យកម្ពុជា ហើយយើងសង្ឃឹមថា ពួកគាត់នឹងមានការសម្រេចចិត្ត ក្នុងការវិនិយោគនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ។ ការទទួលបានពានរង្វាន់ របស់ក្រុមហ៊ុនជាសមាជិកគ្រួសារ Century 21 នាពេលនេះ គឺឆ្លុះបញ្ជាំងពីការតាំងចិត្តខ្ពស់ របស់ម្ចាស់ក្រុមហ៊ុននីមួយៗ ក្នុងការផ្តល់សេវាកម្មអចលនទ្រព្យ ប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ទីផ្សារដីធ្លី ខុនដូ បុរី និង ទីផ្សារអចលនទ្រព្យផ្សេងទៀតនៅកម្ពុជា»។
លោកស្រី Grace Rachny Fong បានបន្ថែមថា «យើងនឹងបន្តរួមសាមគ្គីគ្នា ក្នុងការកសាងទំនុកចិត្តដល់ម្ចាស់អចលនទ្រព្យ និងវិនិយោគិនក្នុងវិស័យនេះ តាមរយៈការផ្តល់ជូនសេវាកម្មអចលនទ្រព្យទាំងមុន និងក្រោយពេលទិញ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីបន្តជំរុញការអភិវឌ្ឍន៍ វិស័យអចលនទ្រព្យកម្ពុជាប្រកបដោយចីរភាព»។
វិស័យអចលនទ្រព្យកម្ពុជា នឹងបន្តរីកចម្រើនដោយភាពរឹងមាំ នាពេលខាងមុខទៀត ដោយសារស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនចំនួនប្រជាជន។ តួលេខជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ បានបង្ហាញថា ប្រជាជនសរុបនៅឆ្នាំ ២០១៩ មានចំនួន ១៥,២៨ លាននាក់ គឺកើនឡើង១៤ភាគរយពីឆ្នាំ២០០៨ ដែលមានចំនួន ១៣,៣៩ លាននាក់។ កំណើននេះឆ្លុះបញ្ជាំងថា តម្រូវការផ្ទះ និងអគារពាណិជ្ជកម្មនឹងបន្តកើនឡើង។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោកចេញផ្សាយកាលពីថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០១៩ សេដ្ឋកិច្ចកម្ពុជានឹងនៅរក្សាបានភាពស្វាហាប់ និងមានកំណើន៧ភាគរយក្នុងឆ្នាំ២០១៩។ ធនាគារពិភពលោកបានបង្ហាញថា វិស័យសំណង់នៅបន្តសកម្មភាពគគ្រឹកគគ្រេង ដែលឆ្លុះបញ្ចាំងឲ្យឃើញថា មិនទាន់មានភាពនឿយណាយ នៃការវិនិយោគលើវិស័យនេះនៅឡើយទេ។ ជាលទ្ធផល ការនាំចូលដែកសំណង់បានស្ទុះឡើងយ៉ាងគំហុក ដល់ទៅ៦៣,៥ភាគរយ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ ពី ២៧,៧ភាគរយ ក្នុងឆ្នាំ២០១៨។
លោក Ken Lo នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty Co., Ltd ដែលជាសមាជិកការិយាល័យមួយរបស់ Century 21 Cambodia បានលើកឡើងថា «កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ ប្រចាំឆ្នាំនឹងជះឥទ្ធិពលល្អ ដល់វិស័យអចលនទ្រព្យកម្ពុជា ស្របពេលកំណើនចំនួនប្រជាជន និងកំណើនគម្រោងវិនិយោគ ពីក្រៅប្រទេសមកកម្ពុជា នឹងបង្កើនតម្រូវការទីតាំងស្នាក់នៅ ទីតាំងអាជីវកម្ម និងទីតាំងសម្រាប់ផលិតកម្ម»។
លោក Ken Lo បន្តថា ព្រឹត្តការណ៍ដែលប្រមូលផ្តុំការជួបជុំមហាគ្រួសារ Century 21 ជាលើកទី២ ដោយមានការផ្តល់ពានរង្វាន់ បញ្ជាក់ពីសមទ្ធិផលរបស់សមាជិកនាពេលនេះ ឆ្លុះបញ្ជាំងពីការលើកទឹកចិត្ត និងសាមគ្គីភាពរឹងមាំ ក្នុងចំណោមសមាជិកគ្រួសារ Century 21 ដែលវានឹងរួមចំណែកបង្កើនទំនុកចិត្តដល់អតិថិជន។
លោកបញ្ជាក់ថា «វាឆ្លុះបញ្ជាំងថា យើងគឺជាក្រុមហ៊ុនដែលមានវិជ្ជាជីវៈច្បាស់លាស់ និងជាសមាជិកមួយនៃគ្រួសារ Century 21 ដែលល្បីល្បាញជាងគេលើពិភពលោក។ វាជាសារដ៏សំខាន់មួយ ទៅដល់ម្ចាស់អចលនទ្រព្យ នៅកម្ពុជា ឲ្យបានដឹងពីសារៈសំខាន់ នៃក្រុមហ៊ុនភ្នាក់ងារស្របច្បាប់ ដែលមានយីហោទទួលស្គាល់កម្រិតអន្តរជាតិ មានចុះបញ្ជីការត្រឹមត្រូវនៅកម្ពុជា នឹងជាក្រុមហ៊ុនរួមចំណែកយ៉ាងសកម្មដល់ការបង់ពន្ធ និងបង្កើនចំណូលរដ្ឋ»។
យោងតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេលពីខែមករា ដល់ខែវិច្ឆិកាឆ្នាំ ២០១៩នេះ ក្រសួងបានអនុម័តលើគម្រោង ស្នើសុំវិនិយោគលើវិស័យសំណង់ ដែលមានទុនវិនិយោគសរុបជាង ៨.៧៥ពាន់លានដុល្លារ គឺកើនឡើង៦៧ភាគរយធៀបនឹងរយៈពេល១១ខែដូចគ្នា ឆ្នាំ២០១៨។
ចំពោះក្រុមហ៊ុនដែលបានចុះបញ្ជី និងមានសុពលភាពកំពុងប្រកបអាជីវកម្មសាងសង់ និងសិក្សាគម្រោងប្លង់នៅកម្ពុជាមានចំនួន ១ ០៨១ ក្រុមហ៊ុនក្នុងនេះ មានក្រុមហ៊ុនបរទេសចំនួន៤៨៥ ក្រុមហ៊ុន គឺមកពីប្រទេសចិន កូរ៉េ ជប៉ុន ថៃ វៀតណាម សឹង្ហបុរី ម៉ាឡេស៊ី បារាំង អាមេរិក អង់គ្លេស ឥណ្ឌូនេស៊ី អូស្រ្តាលី កាណាដា និងប្រទេសជាច្រើនទៀត។
លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនCentury21 Cambodia បានថ្លែងថា នេះជាកម្មវិធីលើកទី២ហើយ ដែលមហាគ្រួសារ Century 21 Cambodia បានរៀបចំឡើងនៅកម្ពុជា ហើយព្រឹត្តការណ៍លើកនេះ យើងមានអ្នកចូលរួម ដល់ទៅជិត៧០០នាក់ ដែលរួមមានទាំងសមាជិកមហាគ្រួសារ Century 21 Cambodia និង Century 21 អន្តរជាតិ ព្រមទាំងមានការចូលរួមពីសហគ្រិនប្រចាំកម្ពុជា និងធនាគារជាដៃគូ។
លោកបន្តថា វត្តមានចូលរួមរបស់បងប្អូនទាំងអស់គ្នា បានធ្វើឲ្យកម្មវិធីរបស់យើង មានការជួបជុំប្រកបដោយភាពសប្បាយរីករាយ ។ ប្រទេសកម្ពុជា ជាប្រទេសទី៧៥ ដែលក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ បានឈានជើងចូលក្នុងទីផ្សារ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យអចលនទ្រព្យ។ ចាប់តាំងពីពេលបើកសម្ពោធដំណើរការ ជាផ្លូវការដំបូង រហូតមកទល់ពេលនេះ យើងមានអាយុកាល៥ឆ្នាំហើយ។ ហើយយើងបានបម្រើ សេវាកម្មទិញលក់ ជួល អចលនទ្រព្យគ្រប់ប្រភេទ ដល់បងប្អូនប្រជាជនខ្មែរ និងអ្នកវិនិយោគមកពីបណ្តាប្រទេសផ្សេងៗ៕