(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅពេលណាដែលមន្ទីរពេទ្យកាល់ម៉ែត សាងសង់ និងបំពាក់ឧបករណ៍បច្ចេកទេសទំនើបរួចហើយ សម្តេចនឹងពិចារណាបញ្ឈប់ទៅធ្វើការពិនិត្យ និងព្យាបាលជំងឺ នៅក្រៅប្រទេសទៀតហើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS ជិត៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកមានលទ្ធភាពទៅព្យាបាលនៅវៀតណាម នៅថៃ នៅសាំងហ្កាពួរ ប៉ុន្តែនៅពេលដែលមន្ទីរពេទ្យ (កាល់ម៉ែត)នេះ រៀបចំសព្វគ្រប់ទៅជាពហុឯកទេស ខ្ញុំកំពុងគិតខ្លួនឯងថា ខ្ញុំបញ្ចប់ការទៅពិនិត្យ និងព្យាបាលខ្លួនឯងនៅខាងក្រៅ (ប្រទេស)។ ខ្ញុំប្រើប្រាស់អ្នកឯកទេសខ្មែរតែម្តង ព្រោះនៅមន្ទីរពេទ្យកាល់ម៉ែត មានកន្លែងរៀបចំសម្រាប់តាំងពីព្រះមហាក្សត្រ តាំងពីឥស្សរជននានា ក៏មាននៅមន្ទីរពេទ្យកាល់ម៉ែតដែរ»។
លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលមានបណ្ណក្រីក្រ បណ្ណសមធម៌ និងបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (បសស) នឹងទទួលបានការពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែតដោយមិនបង់ថ្លៃ។ ដោយឡែកអ្នកមានលទ្ធភាព ត្រូវបង់ថ្លៃសម្រាប់ការព្យាបាល។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឲ្យបងប្អូនជនរួមជាតិ និងមិត្តបរទេស ជួយចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកាល់ម៉ែត ឲ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ ដែលមានលក្ខណៈទំនើប និងពហុឯកទេស។ យោងតាមបញ្ជីឈ្មោះសប្បុរសជន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានគិតត្រឹមរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ មានថវិកាជាង ៧២លានដុល្លារអាមេរិកហើយ ដែលប្រមូលបានពីសប្បុរសជននានា ដើម្បីសាងសង់អគារ និងបំពាក់ឧបករណ៍ គ្រឿងបរិក្ខារនានានៅមន្ទីរពេទ្យកាល់ម៉ែត។
តាមបញ្ជីឈ្មោះសប្បុរសជនបានបង្ហាញឲ្យឃើញថា ទឹកប្រាក់ដុល្លារមានចំនួន 72 425 871,00 និងទឹកប្រាក់រៀល 237 664 700,00 បូកសរុបទាំងកញ្ចប់ថវិការដ្ឋ ៣០លានដុល្លារទៀត ដូច្នេះថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យកាល់ម៉ែតមានចំនួនជាង ១០២លានដុល្លារហើយ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍យ៉ាងដូច្នេះថា «បងប្អូនជនរួមជាតិក៏ដូចជាមិត្តបរទេសដែលចង់រួមបរិច្ចាក ដល់មន្ទីរពេទ្យពេទ្យកាល់ម៉ែត សុំទាក់ទងចូលតាមរយៈលោក ឈាង រ៉ា ប្រធានមន្ទីរពេទ្យកាល់ម៉ែតទូរស័ព្ទលេខ 012 877 877។ គ្រប់ការចូលរួមរបស់សប្បុរសជននឹងមានប័ណ្ណថ្លែងអំណគុណ ដែលចុះហត្ថលេខាដោយខ្ញុំ ជានាយករដ្ឋមន្ត្រីផ្ទាល់»៕