(ភ្នំពេញ)៖ អតីតប្រធានគណបក្សសមរង្ស៉ី លោក គង់ គាំ ដែលជាអតីតមនុស្សជំនិតរបស់លោក សម រង្ស៉ី ជាង១៧ឆ្នាំ បានទម្លាយថា ការរួបរួមរវាងលោក សម រង្ស៉ី និង លោក កឹម សុខា កាលពីឆ្នាំ២០១២ ដើម្បីបង្កើតអតីតគណបក្សសង្គ្រោះជាតិនោះ គឺធ្វើឡើងដោយបង្ខំចិត្ត និងការផ្សំផ្គុំដោយបរទេស។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកអះអាងថា ពេលនេះ លោក សម រង្ស៉ី និងលោក កឹម សុខា កំពុងតែបែកបាក់គ្នា ដែលស្តែងឱ្យឃើញតាមសកម្មភាព និងជំហរផ្សេងគ្នាជាបន្តបន្ទាប់មកនេះ។
លោក គង់ គាំ បានបង្ហោះសារនៅលើ Facebook របស់លោក នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «អតីតអ្នកនយោបាយ (CNRP រំលាយដោយតុលាការកម្ពុជា) ដែលទាំងមុន ទាំងក្នុងពេលចូលរួមគ្នា (សម រង្ស៉ី កឹម សុខា តែមួយ) គ្មានភាពរលូន និងជឿជាក់រវាងគ្នាសោះនោះ មកដល់ក្រោយពេលរំលាយ គេបានឃើញកាន់តែជាក់ស្តែងនូវការបែកបាក់គ្នាទាំងរវាងថ្នាក់ដឹកនាំ ទាំងរវាងសកម្មជន និងទាំងរវាងអ្នកគាំទ្រ»។
លោកបន្តថា៖ «ពេលនេះលេចធ្លោបំផុត គឺខាងកឹម សុខា មានកញ្ញា កឹម មនោវិទ្យា ជាថ្នាក់ដឹកនាំជាន់ខ្ពស់ផង ជាកូនស្រីបង្កើតផង ឈរម្ខាងជាមួយម្ខាងទៀតមាន កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ជាចៅសង្កាត់ស្រីវ័យក្មេងដ៏មានឈ្មោះបោះសំឡេងម្នាក់ ជាអ្នកគោរពជឿជាក់ចំពោះ សម រង្ស៉ី បំផុត សុទ្ធតែបានចេញមកជាតំណាងនៃទស្សនៈរបស់ក្រុម កឹម សុខា និងក្រុម សម រង្ស៉ី ដែលមជ្ឈដ្ឋានទូទៅនៅតែស្រពិចស្រពិលអំពីមន្តអាគម (សម រង្ស៉ី កឹមសុខា) ជាមនុស្សតែមួយ តើធាតុពិតវាយ៉ាងណា»។
ការបែកបាក់រវាងក្រុមរបស់ លោក សម រង្ស៉ី និង ក្រុមរបស់ លោក កឹម សុខា បានកើនឡើងកាន់តែធ្ងន់ធ្ងរ នៅពេលដែលក្រុមរបស់ លោកសម រង្ស៉ី បានតែងតាំងលោក សម រង្ស៉ី ជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ។ នៅពេលនោះ លោក កឹម សុខា និងក្រុមរបស់លោក បានចេញមុខប្រកាសមិនគាំទ្រ ឬទទួលស្គាល់លោក សម រង្ស៉ី នោះឡើយដោយអះអាងថា បានធ្វើខុសនឹងលក្ខន្តិកៈ។
ការបង្ហាញការបែកបាក់មួយទៀត បានកើតឡើងនៅពេលដែលក្រុមរបស់ លោក សម រង្ស៉ី រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមរបស់លោក កឹម សុខា ពុំគាំទ្រដល់សកម្មភាពឧទ្ទាមនេះឡើយ ហើយចេញមុខប្រឆាំងផងដែរ។ លោក កឹម សុខា តាមរយៈមេធាវី ក៏បានចេញមកប្រកាសថាលោករក្សាជំហរអហិង្សា ដោយមិនធ្វើអ្វីនាំឱ្យគ្រោះថ្នាក់ដល់ជាតិកម្ពុជានោះឡើយ។
លោក គង់ គាំ បានបញ្ជាក់ទៀតថា៖ «ទស្សនៈផ្ទុយគ្នាគឺថាក្រុមសម រង្ស៉ី ដែលប្រើ "យុទ្ធសាស្ត្រ ៩វិច្ឆិកា២០១៩" ដោយគ្រោងដឹកនាំផែនការរដ្ឋប្រហារផ្តួលរំលំ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាននាំទុក្ខនាំទោសចំពោះសកម្មជន ធ្វើឱ្យ CNRP បែកបាក់ ហើយប្រើកម្លាំងប្រជាពលរដ្ឋ កម្លាំងទ័ពឱ្យងើបបះបោរជារបាំងជាឈ្នាន់ និងជំរុញអន្តរជាតិវាយ ហ៊ុន សែន ឱ្យទ្រោមនោះ ដើម្បីក្រុមខ្លួនអាចដណ្តើមអំណាចក្រៅបែបផែនប្រជាធិបតេយ្យ គឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះប្រទេសជាតិ និងចំពោះប្រជាពលរដ្ឋទូទៅ។ ដូចនេះ នៅឆ្នាំ២០២០ លោក កឹម សុខា នឹងបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ហើយផ្តួចផ្តើមការផ្សះផ្សាជាតិដ៏ទូលំទូលាយមួយ ផ្ទុយពីក្រុមសម រង្ស៉ី។ល។ ចំណែកខាងក្រុម សម រង្ស៉ី បានការពារជំហរ លោកកឹម សុខា គ្មានទោស តម្រូវឱ្យទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកនយោបាយ CNRP ទាំងអស់ និងថាសម រង្ស៉ី-កឹម សុខា ជាមនុស្សតែមួយ (បើរួបរួម រស់ បើបែកបាក់ស្លាប់)។ល។»។
លោក គង់ គាំ ធ្លាប់ជាអ្នកដឹកនាំគណបក្សនយោបាយជាមួយ លោក សម រង្ស៉ី រយៈពេល ១៧ឆ្នាំ (ឆ្នាំ១៩៩៥-ឆ្នាំ២០១២) និងធ្លាប់ជាទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៥ឆ្នាំ (ឆ្នាំ២០១២-ឆ្នាំ២០១៧)។ លោកទទួលស្គាល់ថា លោក សម រង្ស៉ី និង លោកកឹម សុខា គឺបានបង្ខំចិត្តរួបរួមគ្នាទាំងគ្មានភាពជឿជាក់គ្នា ដោយមានអ្នកយុទ្ធសាស្ត្របរទេសជួយផ្សំផ្គុំ និងដោយសម្របតាមស្ថានភាពទឹកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ដែលចង់ឱ្យមានការផ្លាស់ប្តូរ ឬឱ្យមានជ័យជំនះលើគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោត។
លោកបានសម្តែងការសោកស្តាយ ចំពោះការដឹកនាំរបស់អតីតគណបក្សសង្រ្គោះជាតិ នាពេលកន្លងមក ក្នុងនោះមានទាំងការប្រើកម្លាំងប្រជាពលរដ្ឋក្រៅសំឡេងឆ្នោត (នៅឆ្នាំ២០១៣) និង ការអំពាវនាវឱ្យអ្នកគាំទ្រដេកផ្ទះ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ដើម្បីលាបពណ៌គណបក្សនយោបាយចូលរួមការបោះឆ្នោតថា (ឥតន័យ)។
លោកបន្តថា នៅឆ្នាំ២០១៩ អតីតអ្នកនយោបាយ CNRP ពិសេសក្រុមលោក សម រង្ស៉ី បានប្រើជាថ្មីនូវយុទ្ធសាស្ត្រប្រើកម្លាំងប្រជាពលរដ្ឋ កម្លាំងទ័ពចូលរួមគម្រោងដឹកនាំរដ្ឋប្រហារ ដើម្បីផ្តួលរំលំអំណាចរាជរដ្ឋាភិបាលដែលកើតពីការបោះឆ្នោត ធ្វើឱ្យមានការចោទពីបទសន្ទិដ្ឋិភាព-បទដឹកនាំរដ្ឋប្រហារ) បញ្ចប់ជោគវាសនា អតីត CNRP និងអតីតអ្នកនយោបាយ CNRP) តាមរបៀបត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់ជាងរៀងរហូត»៕