(ឧត្តរមានជ័យ)៖ ក្រោមបទបញ្ជានាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំង គ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, កម្លាំងនគរបាលជំនាញ បានចុះស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែននៅភូមិសាស្រ្តខេត្តខេត្តឧត្តរមានជ័យ រហូតចាប់បានមេក្លោងជួញដូរចំនួន២នាក់ ជាជនជាតិថៃ ព្រមទាំងរឹបអូសថ្នាំញៀនបានជិត ៨គីឡូក្រាមផងដែរ។
យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានបង្ហាញថា ប្រតិបត្តិការបានធ្វើឡើងកាលពីរសៀល ម្សិលមិញ ក្រោមការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
របាយការណ៍បានបញ្ជាក់ថា នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន «ក៩» បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿង ញៀនឆ្លងដែនពីថៃមកកម្ពុជា (ឆ្លងកាត់តាមច្រកព្រំដែនអូស្មាច់) ដោយមានការចូលពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តនៅចំណុច ផ្លូវជាតិលេខ៦៨ ស្ថិតនៅភូមិអូរពក ឃុំកូនក្រៀល ក្រុងសំរោងខេត្ត ឧត្ដរមានជ័យ។
ជនសង្ស័យទាំង២នាក់ ដែលឃាត់បានរួមមាន៖
*ទី១ ៖ ឈ្មោះ ប្រាក់ ស៊ុប ជនជាតិថៃ អាយុ៣៤ឆ្នាំ មុខរបរកសិករធ្វើស្រែ រស់នៅភូមិប្រាសាទ ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ
*ទី២ ៖ ឈ្មោះ ណាត ថាភុន អាយុ៤២ឆ្នាំ ជនជាតិថៃ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិប្រាសាទ ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ។ ដោយឡែកវត្ថុតាងជាសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន ០៨ដុំធំ ស្មើនឹងទម្ងន់ ៧.៩៧៩,៥៦ក្រាម និងរថយន្ត០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿង បន្តទៅតុលាការតាមនីតិវិធី៕