(ម៉ានីល)៖ ក្រុមអត្តពលិកកម្ពុជា បានបញ្ចប់បេសកកម្មការប្រកួតទាំងស្រុងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីនហើយ ដោយទទួលបានចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម ១១ប្រទេស បន្ទាប់ពីដណ្ដើមបានមេដាយសរុប ៤៦គ្រឿង រួមមានមេដាយមាស៤, ប្រាក់៦ និងសំរឹទ្ធ៣៦ ក្នុងចំណោម ៣១ប្រភេទកីឡាដែលកម្ពុជាបញ្ជូនអត្តពលិកទៅប្រកួតលើកនេះ។
តាមរយៈលទ្ធផលមេដាយដែលទទួលបានខាងលើនេះ បានធ្វើឲ្យកម្ពុជា បន្តឈរនៅលេខរៀងទី៨ ក្នុងតារាងមេដាយ នៅព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ ចំនួន ៣សម័យកាលជាប់ៗគ្នា ពោលគឺ SEA Games 2015 នៅប្រទេសសិង្ហបុរី និង SEA Games 2017 នៅប្រទេសម៉ាឡេស៊ី។
លោក វ៉ាត់ ចំរើន នាយបេសកកម្មកីឡាស៊ីហ្គេមរបស់កម្ពុជាបានឲ្យដឹងថា ការប្រកួតកីឡាទាំងអស់របស់កម្ពុជា ក៏ដូចជាការប្រកួតផ្សេងៗ បានបញ្ចប់ជាស្ថាពរហើយ រង់ចាំតែពិធីបិទការប្រកួតផ្លូវការដែលនឹងធ្វើឡើងនាល្ងាចថ្ងៃទី១១-ធ្នូនេះតែប៉ុណ្ណោះ។ ហើយលោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អត្តពលិកម្នាក់ៗ ទោះបីលទ្ធផលសម្រេចបាន មិនទាន់ឆ្លើយតបមហិច្ឆតាចង់បានរបស់កម្ពុជាក៏ដោយ។
លោកបានគូសបញ្ជាក់ថា បន្ទាប់ពីមានការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនី សហព័ន្ធកីឡាជាតិ ស្ថាប័នពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាល បានធ្វើឲ្យការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ បញ្ចប់ដោយគាប់ប្រសើរ ពិសេសផ្នែកបច្ចេកទេស ដែលអត្តពលិកម្នាក់ៗបានធ្វើការប្រកួតយ៉ាងស្វិតស្វាញទម្រាំដណ្ដើមបានមេដាយនីមួយៗ ជាក់ស្ដែងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គផ្ដាច់ព្រ័ត្រ សុទ្ធតែមានភាពស្វិតស្វាញ និងមានពិន្ទុប្រកៀកប្រកិតគ្នាបំផុត។
តួយ៉ាងកីឡាបាល់ទាត់ ទោះបីមិនអាចដណ្ដើមបានមេដាយជូនជាតិ ប៉ុន្ដែការបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ របស់ក្រុមជម្រើសជាតិ U22 កម្ពុជា គឺបានឆ្លងផុតវគ្គជម្រុះក្នុងពូល ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ដ្រ។ ម្យ៉ាងការប្រកួតនីមួយៗ សុទ្ធតែបញ្ចប់ដោយភាពតានតឹង ដែលសបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើនរបស់វិស័យកីឡាបាល់ទាត់កម្ពុជានាពេលបច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន។
យ៉ាងណាមិញ លោកបានគូសបញ្ជាក់ថា ការដណ្ដើមបានមេដាយមាស ៤គ្រឿងឆ្នាំនេះ មានប្រៀបជាងស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ីក៏ពិតមែន តែសមិទ្ធផលនេះមិនទាន់ឆ្លើយតបនឹងមហិច្ឆតារបស់កម្ពុជា ដែលគ្រោងដណ្ដើមមេដាយមាស ១០គ្រឿងនោះទេ ព្រោះកីឡាសក្ដានុពលមួយចំនួន មិនទាន់ឈ្នះមេដាយមាសនៅឡើយ។ ហេតុនេះត្រូវមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួចបេសកកម្មចម្បងរបស់ខ្លួន គឺដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ក្នុងនាមនាយបេសកកម្ម លោក វ៉ាត់ ចំរើន ក៏បានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣(CAMSOC) ក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ NOCC ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន និងដៃគូឧបត្ថម្ភ ដែលបានយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រប្រតិភូ និងអត្តពលិកកម្ពុជា រួមទាំងក្រុមការងារពាក់ព័ន្ធ ក្នុងកិច្ចសហការរួមចំណែក និងដោះស្រាយបញ្ហាផ្សេងៗធ្វើឲ្យបេសកកម្មនេះបញ្ចប់ដោយជោគជ័យ។
មិនតែប៉ុណ្ណោះ លោកក៏បានអរគុណ ចំពោះគ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីដណ្ដើមមេដាយជូនជាតិមាតុភូមិ ពិសេសប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង តាមរយៈបណ្ដាញសង្គម ដែលជំរុញឲ្យកីឡាករ-កីឡាការិនីម្នាក់ៗកាន់តែមានកម្លាំងចិត្ត និងខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរផងដែរ។
ចំពោះប្រភេទកីឡា និងមេដាយ ដែលកម្ពុជាដណ្ដើមបានសរុប ៤៦គ្រឿងមានដូចខាងក្រោម៖
១៖ គុនល្បុក្កតោ ប្រកួតកីឡា Arnis ឈ្នះមេដាយមាស១, ប្រាក់២ និងសំរឹទ្ធ១៧។
២៖ កីឡាប៉េតង់៖ ឈ្នះមេដាយមាស១ និងប្រាក់១។
៣៖ កីឡាតេក្វាន់ដូ៖ ឈ្នះមេដាយមាស១, ប្រាក់២ និងសំរឹទ្ធ១។
៤៖ កីឡា Juitjutsu៖ ឈ្នះមេដាយមាស១។
៥៖ កីឡាសីដក់ Sepaktakraw៖ ឈ្នះមេដាយប្រាក់១។
៦៖ កីឡាប្រដាល់គុនខ្មែរ៖ ឈ្នះមេដាយសំរឹទ្ធ៣។
៧៖ កីឡា Soft Tennis៖ ឈ្នះមេដាយសំរឹទ្ធ២។
៨៖ កីឡាចំបាប់៖ ឈ្នះមេដាយសំរឹទ្ធ៥។
៩៖ កីឡាប្រដាល់សកល៖ ឈ្នះមេដាយសំរឹទ្ធ៥។
១០៖ កីឡាប្រដាល់ Kick boxing៖ ឈ្នះមេដាយសំរឹទ្ធ៣៕