(បាត់ដំបង)៖ នគរបាលអន្ដោប្រវេសន៍ប្រចាំច្រកទ្វារអន្ដរជាតិដូង ខេត្តបាត់ដំបងម្នាក់ ស្រវឹងស្រាជោគជាំ បានដកកាំភ្លើងបាញ់បោះសេរីចំនួន ១៤គ្រាប់ បង្កការភ្ញាក់ផ្អើលដល់គេឯង និងសមត្ថកិច្ចមូលដ្ឋាន។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។
មន្ដ្រីនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលជាមន្ដ្រីនគរបាលនេះ ឈ្មោះ នៅ លីដា អាយុ៣២ឆ្នាំ មានតួនាទីជា នាយផ្នែកនៃច្រកទ្វារអន្ដរជាតិដូង ហើយកាំភ្លើងដែលបាញ់បោះសេរីនេះ ម៉ាក Sig Sauer។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា មូលហេតុដែលមន្ដ្រីនគរបាលខាងលើ បង្កការបាញ់បោះសេរីរហូតដល់១៤គ្រាប់នេះ គឺស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ។ ក្រោយបង្កហេតុ ខ្មាន់កាំភ្លើងត្រូវបានកម្លាំងនគរបាលស្រុកកំរៀង ឃាត់ខ្លួនភ្លាមៗផងដែរ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕