Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ាណែត ចាត់ឲ្យក្រុមការងារ ចុះសួរសុខទុក្ខ និងចែកលិខិតឧទ្ទេសនាមចូលរៀនដល់បេក្ខជន ទទួលបានអាហាររូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៦៩កន្លែង នៅខេត្តកំពត

11-12-2019 10:34

(កំពត)៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងព្រហ្មវិហារធម៌របស់លោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អមត) លោកបានចាត់ឲ្យក្រុមការងារប្រចាំខេត្តកំពត និងខេត្តតាកែវ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ចុះមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកលិខិតឧទ្ទេសនាម ចូលរៀនដល់បេក្ខជន ដែលបានទទួលអាហាររូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (កម្រិតបរិញ្ញាបត្រ)ឆ្នាំ២០១៩ ចំនួន ៦៩កន្លែង។

តំណាងរបស់លោក ហ៊ុន ម៉ាណែត រួមមាន៖ លោក លាង សំណាត់, លោក ខាំ សុផារី និងលោក ស្រី ម៉ាកនី ក្រុមការងារសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតសាខាខេត្តកំពត និងខេត្តតាកែវ។

ក្រៅពីការផ្តាំផ្ញើការសួរសុខទុក្ខពីលោក ហ៊ុន ម៉ាណែត រួចមក លោក ខាំ សុផារី បានថ្លែងថា នេះជាការផ្ដល់ឱកាសមាស សម្រាប់យុវជនក្រេបយកចំណេះដឹងដើម្បីមានឱកាសអភិវឌ្ឍន៍ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។ សូមបញ្ជាក់ថា កម្មវិធីបានរៀបចំនៅទី ស្នាក់ការសមាគម អ.ម.ត សាខាខេត្តកំពត-តាកែវ ស្ថិតក្នុងខេត្តកំពត៕