(សៀមរាប)៖ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះប្រធានកិត្តិយសក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ បានសុំបិណ្ឌបាត្រដល់ព្រះសង្ឃគ្រប់វត្តអារាមទាំងអស់ សូមបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរជាមួយអាជ្ញាធរជាតិអប្សរា ដែលមានសមត្ថកិច្ចថែរក្សា គាំពារសម្បត្តិបេតិកភណ្ឌក្នុងតំបន់អង្គរលើផ្នែកអភិរក្ស ការជួសជុល ក៏ដូចជាការគ្រប់គ្រងមរតកបុរាណៗ ដែលមានក្នុងវត្តឱ្យបានកាន់តែល្អប្រសើរគង់វង្សយូរអង្វែង។
ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ មានសង្ឃដីកានេះ គឺនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិកាអអាយស៊ីស៊ី-អង្គរ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។
ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ក៏បានលើកយកករណីវត្តប្រាសាទលលៃ ដែលព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តបានយល់ព្រមក្នុងការរំកិលកុដិ ដែលបានសង់នៅបរិវេណខាងទួលប្រាសាទលលៃមកគង់នៅខាងក្រោម ដែលកិច្ចការទាំងអស់នេះកើតឡើងបានអាស្រ័យដោយការយល់ដឹង និងផ្តល់តម្លៃខ្ពស់ទៅលើកិច្ចការអភិរក្សមរតកដូនតា ដើម្បីទុកឱកាសឱ្យអ្នកជំនាញបានជួសជុល ថែទាំប្រាសាទផង និងរក្សាបន្តដល់កូនចៅជំនាន់ក្រោយបានស្គាល់ សិក្សា ស្វែងយល់ផង និងដើម្បីបម្រើដល់វិស័យទេសចរណ៍ បង្កើតចំណូលជូនគ្រួសារថែមទៀត។
ពិសេសការរំកិលកុដិចេញពីបរិវេណខាងលើវត្តប្រាសាទលលៃ ក៏ជាគំរូមួយសម្រាប់វត្តអារាមដទៃទៀត ក្នុងការបញ្ជៀសការសង់សំណង់រំខានដល់សោភ័ណភាព និងតម្លៃជាប្រវត្តិសាស្ត្រប្រាសាទបុរាណ។
ដើម្បីសម្តែងនូវការថ្លែងអំណរព្រះគុណ និងដឹងគុណនូវទឹកព្រះទ័យដ៏ប្រពៃ ក្នុងការរួមចំណែកអភិរក្សសប្បត្តិបេតិកភណ្ឌមនុស្សជាតិជាមួយអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានប្រគេនបណ្ណសរសើរថ្វាយព្រះមហាវិមលធម្ម ពិន សែន សិរីសុវណ្ណោ ព្រះសង្ឃ និងប្រគល់ជូនអាចារ្យ ទីប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ ចំពោះការលះបង់ និងយល់ច្បាស់ពីតម្លៃនៃមរតកមនុស្សជាតិ៕