(ត្បូងឃ្មុំ)៖ លោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ និងលោក ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអ្នកនាំ គ ជ ប នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងប្រធាន-អនុប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ។
តាមសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតលេខ៤៦៨គជប.សសរ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ បានសម្រេចតែងតាំងលោក ហ៊ាង សុផល ជាប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ និងលោក គឹម សុខនី ជាអនុប្រធាន។ ចំណែកលោក សុខ ឈិន និងលោក ទុច សុខាល់ អតីតប្រធាន-អនុប្រធាន ដែលចូលនិវត្តន៍។
បន្ទាប់ពីពិធីប្រគល់សេចក្ដីសម្រេចនិងត្រារួចមកលោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានឡើងប្ដេជ្ញាចិត្ត៖ អនុវត្តឲ្យបានម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំរបស់ គ ជ ប ,គោរពគាំទ្រ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកម្មវិធីកំណែទម្រង់ការបោះឆ្នោត រចនាសម្ព័ន្ធនៃអគ្គលេខាធិការដ្ឋាន, លុបបំបាត់រាល់បាតុភាពអសកម្មទាំងឡាយដែលកើតមាន, បង្កើនកិច្ចសហប្រតិបត្តិការជាមួយសមាជិកទាំងអស់នៅក្នុងលេខាធិការដ្ឋាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា។
លោក កេង ប៊ុនណា អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ប្រកបដោយសុទិដ្ឋិនិយម ចំពោះស្មារតីដឹកនាំ គ្រប់គ្រងរបស់លោក សុខ ឈិន និងលោក ទុច សុខាល អតីតប្រធាន-អនុប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំបំពេញភារកិច្ចក្នុងការទទួលខុសត្រូវខ្ពស់ មានកិច្ចសហការល្អជាមួយគណបក្សនយោបាយ អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន ធ្វើឲ្យការបោះឆ្នោតគ្រប់អាណត្តិប្រព្រឹត្តទៅដោយរលូន។
ជាមួយគ្នានោះ លោក ហង្ស ពុទ្ធា ក៍បានផ្ដាំផ្ញើរដល់ ប្រធាន និងអនុប្រធាន ដែលទើបតែងតាំងថ្មីនេះ លើកកម្ពស់សមត្ថភាពបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ស្របតាមច្បាប់ស្ដីពីការបោះឆ្នោត ដោយតម្កល់ផលប្រយោជន៍ជាតិជាធំផងដែរ៕