(ត្បូងឃ្មុំ)៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ លោក គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកផ្តល់ជូនដល់បងប្អូនរស់នៅជាមួយមេរោគអេដស៍ចំនួន១០០នាក់ មកពីក្រុងសួង ស្រុកត្បូងឃ្មុំ និងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ពិធីប្រគល់អំណោយមនុស្សធម៌នេះ បានធ្វើឡើងថាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ នៅក្នុងឱកាសប្រារព្ធទិវារប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០១៩ នៅមន្ទីរពេទ្យបង្អែក ព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្រុងសួង។
ក្នុងឱកាសនោះលោក គន់ សុភា ក៏បានពាំនាំនូវប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅ ហើយតែងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុកប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ដោយមិនរើសអើងពូជសាសន៍ ឬនិន្នាការនយោបាយឡើយ ពោលគឺឱ្យតែប្រជាពលរដ្ឋដែលរស់នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
ជាងនេះទៅ ទៀតចំពោះបងប្អូនដែលផ្ទុកមេរោគអេដស៍ គឺសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងដោយក្នុងមួយឆ្នាំៗ បានចំណាយថវិការរាប់ សិបលានដុល្លារ សម្រាប់ទិញថ្នាំព្យាបាល និងពន្យាជីវិតទុកផ្តល់ជូនបងប្អូនកើតអេដស៍ទាំងអស់។
លោក កែវ វណ្ណៈ បញ្ជាក់ផងដែរថា អ្នកផ្ទុកមេរោគអេដសន៍ទូទាំងខេត្តមាន ចំនួន១,៤៩១ ស្រី៨១៤នាក់ កុមារ៤៦ ដែលមន្ទីរបានយកចិត្តទុកដាក់ផ្តល់ការការថែទាំ និងផ្តល់ថ្នាំជាទាំងទាត់នៅមន្ទីរពេទ្យបង្អែកមេមត់ និងមន្ទីរពេទ្យនរោត្តមព្រះសីហនុត្បូងឃ្មុំ នៅក្រុងសួងនេះ។
ចំពោះអំណោយដែលចែកជូនមាន គ្រឿងឧបភោគបរិភោគ និងថវិកា ៣ម៉ឺនរៀលផងដែរ៕