(ម៉ានីល)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ខកខានទទួលបានមេដាយសំរឹទ្ធ ក្រោយចាញ់គូប្រជែង U22 របស់មីយ៉ាន់ម៉ា ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-៥ បន្ទាប់ពីប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ២-២ នៅព្រឹត្តិការណ៍កីឡា SEA Games 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន។
ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial ដែលស្ថិតក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីននារសៀលថ្ងៃអង្គារ ទី១០ ខែធ្នូនេះ កម្ពុជាបានបើកការនាំមុខ ១-០ ត្រឹមចាប់ផ្តើមលេងបានតែ ១៨វិនាទីប៉ុណ្ណោះដោយកីឡាករ សៀង ចន្ធា មុនពេលកីឡាករ កែវ សុខផេង ពាក់លេខ១៤ ជួយឲ្យកម្ពុជាតាមស្មើ ២-២ នៅនាទីទី៧២ ដោយបាល់ហ្វ្រីឃីក មុនពេលឈានដល់កាត់ទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ១១ម៉ែត្រ ក្នុង ១ក្រុម ទាត់ ៥នាក់ ដោយសម្រេចជាលទ្ធផល កម្ពុជា ទាត់ចូល ៤គ្រាប់ ជាមួយនឹងគ្រាប់ទី៥ កាត់សេចក្តី កែវ សុខផេង ទាត់អត់ចូល គ្រាដែល U22 មីយ៉ាន់ម៉ា នាំមុខ ៥គ្រាប់មុនទៅហើយនោះ។
ទន្ទឹមនឹងការខកខានដណ្តើមមេដាយសំរឹទ្ធជាលើកដំបូងក្នុងប្រភេទកីឡាបាល់ទាត់នេះដែរ កម្ពុជាបានបំបែកកំណត់ត្រាដល់ទៅ៣ រួមមាន៖
ទី១៖ កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៧ ក្នុងតារាងមេដាយ ដ្បិតកាលពី SEA Games 2017 នៅប្រទេសម៉ាឡេស៊ី បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៨។
ទី២៖ កម្ពុជា ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (វគ្គ ៤ក្រុមចុងក្រោយ) លើកដំបូងក្នុង SEA Games ប្រភេទកីឡាបាល់ទាត់។
ទី៣៖ កម្ពុជា ស៊ុតចូលទីលឿនបំផុតនៅ SEA Games ដោយប្រើពេលត្រឹមតែ ១៨វិនាទីប៉ុណ្ណោះ ស៊ុតដោយកីឡាករវ័យក្មេង សៀង ចន្ធា៕