(ភ្នំពេញ)៖ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជួយពង្រឹងសុវត្ថិភាព និងសុខភាពការងារជាមួយកម្ពុជាជាលើកទី៤ រយៈពេល ៣ឆ្នាំទៀត (២០១៩-២០២២) ក្រោយអនុវត្តចំនួន៣លើកមកហើយតាំងពីឆ្នាំ២០១០មក។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានធ្វើឡើងរវាងលោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ ជាមួយលោក Chuil-woo LEE អនុប្រធានទីភ្នាក់ងារ KOSHA របស់សាធារណរដ្ឋកូរ៉េ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
ក្រោយបញ្ចប់កិច្ចចុះហត្ថលេខានេះ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ បានថ្លែងថា គោលបំណងនៃការអនុវត្តកិច្ចសហប្រតិបត្តិការស្ដីពីសុវត្ថិភាព និងសុខភាពការងារនេះ គឺដើម្បីគាំទ្រ និងកសាងសមត្ថភាពដល់ប្រទេសកម្ពុជាក្នុងវិស័យសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៃប្រទេសទាំងពីរផងដែរ។
បើតាមលោក ឡេង តុង ក្នុងការអនុវត្តគម្រោង៣លើកកន្លងមក ភាគីទាំងពីក៏បានបញ្ជូនអ្នកជំនាញ និងបណ្ដុះបណ្ដាលជនបង្គោលទៅវិញទៅមកផងដែរ។
លោកថា ទីភ្នាក់ងារ KOSHA មួយនេះបានជួយកម្ពុជាច្រើនណាស់ ក្នុងនោះមានដូចជា៖
១. ការពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារ តាមរយៈការដកស្រង់ស្តីពីសុខភាព និងសុវត្ថិភាពការងារនៅសាធារណរដ្ឋកូរ៉េ។
២. ការបញ្ជូនអ្នកជំនាញផ្នែកសុវត្ថិភាព និងសុខភាពមកបណ្តុះបណ្តាលមន្ត្រីផ្នែកសុវត្ថិភាព និងសុខភាពការងារកម្ពុជា។
៣. ការរៀបចំផលិតខិតបណ្ណណែនាំ ស្លាកសញ្ញាដើម្បីផ្សព្វផ្សាយ និងលើកការយល់ដឹងស្តីពីសុវត្ថិភាព និងសុខភាពការងារដល់កម្មករនិយោជិតនៅកន្លែងធ្វើការ។
៤. ចែករំលែកព័ត៌មាន ឯកសារបច្ចេកទេស និងឧបករណ៍ពាក់ព័ន្ធសុវត្ថិភាព និងសុខភាពការងារដល់ក្រសួងការងារ។
លោកបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការស្ដីពីសុវត្ថិភាព និងសុខភាពការងារនេះ ពិតជាបានរួមចំណែកយ៉ាងខ្លាំងក្នុងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សុវត្ថិភាពការងារ និងសុខមាលភាពរបស់កម្មករនិយោជិតនៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ដើម្បីឱ្យកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការបច្ចេកទេសអនុវត្តឱ្យបានទទួលជោគជ័យបន្ថែមទៀត ក្រសួងការងារបានស្នើសុំដល់ទីភ្នាក់ងារ KOSHA និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េគិតគូរនូវលទ្ធភាព ក្នុងការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីអធិការកិច្ចការងារលើការចុះអធិការកិច្ចការងារក្នុងវិស័យសំណង់ ការជួយក្នុងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ផ្តល់វគ្គបណ្តុះបណ្តាលរយៈវែងដល់មន្ត្រីនាយកដ្ឋានពេទ្យការងារ និងមន្ត្រីពាក់ព័ន្ធអំពីសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងផ្តល់ការឧបត្ថម្ភនូវឧបករណ៍ និងបរិក្ខាមន្ទីរពិសោធន៍ដែលប្រើប្រាស់រួចដល់ក្រសួងការងារ សម្រាប់បម្រើការងារសុវត្ថិភាព និងសុខភាពការងារ។
លោក ឡេង តុង បានបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការនេះក៏ស្របនឹងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ របស់់ក្រសួងការងារកម្ពុជាផងដែរ ដែលចង់រៀបចំប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារនេះឱ្យបានល្អប្រសើរចាប់ពីថ្នាក់ជាតិរហូតដល់សហគ្រាស៕