(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (លួចទូរស័ព្ទ)។
មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ សុខ ភាស់ អាយុ២៤ឆ្នាំ និងទី២៖ឈ្មោះ ថោង រតនា ហៅម៉ាប់ អាយុ១៩ឆ្នាំ។
ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ឃាត់ខ្លួននៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ១៧១ ផ្លូវ២៨២ កែងផ្លូវ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចទូរស័ព្ទដៃ០១គ្រឿង ម៉ាកiPhone6 ពណ៌ខ្មៅ របស់ប្រជាពលរដ្ឋដែលដាក់សាកថ្ម នៅហាងលក់កាហ្វេចំណុចខាងលើ តែត្រូវបានម្ចាស់ទូរស័ព្ទដឹងខ្លួនទាន់ក៏ស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះឃើញ បានដេញតាមចាប់ពួកគេ។ ភ្លាមនោះពួកគេបានយកកាំបិតចុងស្រួចមួយដែលទុកជាប់ខ្លួន បម្រុងចាក់លើប្រជាពលរដ្ឋដែលនៅក្បែរនោះ តែត្រូវបានកម្លាំងល្បាតអាវុធហត្ថបឹងកេងកង ចុះទៅទាន់ក៏ធ្វើការឃាត់ខ្លួនទាំង០២នាក់តែម្តង។
តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យទាំង០២នាក់ បានឲ្យដឹងថា កាលអំឡុងឆ្នាំ២០១៥ ពួកគេធ្លាប់ជាប់មណ្ឌលកែប្រែព្រៃស្ពឺ រយៈពេល០៦ខែ ដោយសាររូបគេហិតកាវ ជារៀងរាល់ថ្ងៃលុះចេញពីមណ្ឌលមកវិញ ពួកគេទាំង០២នាក់ បានទាក់ទងដើរជាមួយគ្នាដើម្បីធ្វើសកម្មភាព លួចសម្ភារមានតម្លៃរបស់ប្រជាពលរដ្ឋជាប្រចាំ និងប្រើប្រាស់គ្រឿងញៀនជាមួយគ្នា រយៈពេល០១ឆ្នាំកន្លងមកហើយ រាល់ពេលចេញធ្វើសកម្មភាពលួច ពួកគេតែងដាក់កាំបិតចុងស្រួចទុកជាប់ខ្លួនរហូត ទុកសម្រាប់គំរាមម្ចាស់របស់ពេលណាដែលម្ចាស់តាមទាន់៕