Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាស្ត្រាចារ្យព័ត៌មាន៖ វីរភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាគម្រូបង្ហាញពីជីវិតតស៊ូ ដល់យុវជនខ្មែរជំនាន់ក្រោយ

10-12-2019 14:12

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យព័ត៌មាន ឆាយ សុផល និងជាអ្នកនិពន្ធសៀវភៅ បានលើកឡើងថា វីរភាព របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទប្រហមកម្ពុជា គឺជាគំរូដ៏ល្អ សម្រាប់យុវជនខ្មែរជំនាន់ក្រោយ ជាពិសេសស្ត្រី ដែលបានបង្ហាញពីការតស៊ូ ក្នុងឆាកជីវិតពិតរបស់ឧត្តមភរិយាមេដឹកនាំកម្ពុជា។

ការបញ្ជាក់បែបនេះ របស់លោកសាស្ត្រចារ្យ ឆាយ សុផល បានធ្វើឡើងនៅក្នុងពិធីសម្ពោធសៀវភៅ ដែលលោកបានខិតខំនិពន្ធកងឡើង ដែលចំណងជើងថា «ភរិយាបុរសខ្លាំងនៃកម្ពុជា» នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោកសាស្ត្រាចារ្យ ឆាយ សុផល បានថ្លែងថា មនុស្សគ្រប់គ្នាបានស្គាល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន្តែមានមនុស្សតិចតួច បានស្គាល់ពីដំណើរជីវិតរបស់សម្តេច តាំងពីនៅកុមារភាព។

លោកសាស្ត្រចារ្យ បានយ៉ាងដូច្នេះថា៖ «សៀវភៅនេះ បានឆ្លុះបញ្ចាំងអំពីជីវិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ ដែលលោកបានឆ្លងកាត់ កាលៈទេសៈដ៏លំបាក គ្រប់បែបយ៉ាង រហូតប្រទេសទទួល បានសុខសន្តិភាពទាំងស្រុង នាពេលបច្ចុប្បន្ន។ ពោលគឺសៀវភៅរៀបរាប់ចាប់តាំង ពីលោកនៅកុមារភាព ជាទ័ពព្រៃដៃកាន់កាំភ្លើង យាមយប់យាមថ្ងៃ ដើម្បីការពារជំរុំលាក់ខ្លួន ជាគ្រូពេទ្យ ជាអ្នកទោស ដែលត្រូវបានកងកម្លាំងខ្មែរក្រហម តាមសម្លាប់ទាំងម្តាយ និងកូន រហូតលោកបានក្លាយ ជាមាតាមនុស្សធម៌ និងជាស្ត្រីទី១ នៃប្រទេស»

លោកសាស្ត្រចារ្យ បានបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានឆ្លងកាត់សង្គ្រាម និងជាកងទ័ពរំដោះជាតិជាច្រើន។ អ្វីកាន់តែអស្ចារ្យ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចេះបាញ់កាំភ្លើង ជាច្រើនប្រភេទ រួមទាំងការបោកគ្រាប់បែកផងដែរ។

សាស្ត្រចារ្យនិពន្ធសៀវភៅរូបនេះបន្ថែមថា នេះទំនងមានតែសម្តេច តែមួយរូបគត់ដែលជាភរិយាថ្នាក់ដឹកនាំ កំពូលកម្ពុជា និងនៅក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក ដែលស្ទើរមួយជីវិតធ្លាប់ បានឆ្លងហែលជីវិត លំបាកគ្រប់រស់ជាតិ ផ្អែម ល្វីង ជូរចត់ ទុក្ខសោក ក្នុងវាលវដ្តសង្សារ ទម្រាំបានមកដល់សព្វថ្ងៃ។

សូមបញ្ជាក់ថា សៀវភៅនេះ មានចំនួនជាង៣០០ទំព័រ បោះពុម្ពចំនួន៣ម៉ឺនច្បាប់ សម្រាប់ដាក់លក់នៅតាមបណ្ណាគារធំៗ ព្រមទាំងនៅ Monument Book នៅផ្សារទំនើបអ៊ីអន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប។ សៀវភៅនេះ ក៏មានចែកជូនសាកលវិទ្យាល័យ និងបណ្ណាល័យធំៗក្នុងខេត្ត-ក្រុងផងដែរ ដើម្បីឱ្យជនរួមជាតិ បានអានជាពុទ្ធិ ជំនួយស្មារតី៕