(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ បានចាត់ទុកសកម្មភាពរបស់សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើពលរដ្ឋខ្មែរណាម្នាក់ថា ជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍អន្តរជាតិស្តីពីគោលការណ៍ស្មើភាព នៃអធិបតេយ្យ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។

ទន្ទឹមនឹងនេះក្រសួងការបរទេសកម្ពុជា ក៏បានចាត់ទុកថា បទបញ្ជាប្រតិបត្តិនេះគឺជាការវាយប្រហារប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមេដឹកនាំកំពូលប្រទេសទាំងពីរបានប្តេជ្ញានាពេលកន្លងទៅនេះ។

តាមរយៈសេចក្តីថ្លែងការណ៍នេះ បានឱ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការកំណត់ជ្រើសរើសដោយបំពាន នូវជនជាតិកម្ពុជាដែលបម្រើការងាររដ្ឋ និងក្នុងផ្នែកឯកជន ក្រោមច្បាប់សាកលម៉ានីតស្គី (Global Magnitsky Act) របស់អាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេស បានបន្តថា «ទង្វើនេះធ្វើឱ្យមានការស្រងាកចិត្តយ៉ាងខ្លាំង នៅពេលដែលបុគ្គលសាធារណៈរបស់ប្រទេសមួយ ត្រូវបានក្លាយទៅជាកម្មវត្ថុ នៃវិធានការទណ្ឌកម្មរបស់ ប្រទេសដទៃផ្សេងទៀត ដោយផ្អែកលើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការគោរពទាល់តែសោះចំពោះភាពឯករាជ្យនៃច្បាប់ និងយុត្តិធម៌របស់ប្រទេសមួយ។ ប្រការនេះគឺជាការបំពាន យ៉ាងធ្ងន់ធ្ងរលើគោលការណ៍អន្តរជាតិស្តីពីគោលការណ៍ស្មើភាពនៃអធិបតេយ្យ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិដ៏ទៃផ្សេងទៀត»

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានបញ្ជាក់ទៀតថា «បទបញ្ជាប្រតិបត្តិនេះគឺជាការវាយប្រហារប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់រវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈការផ្ញើសារទៅវិញទៅមកនាពេលថ្មីៗនេះរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកគោរពអធិបតេយ្យភាព កម្ពុជា ហើយមានបំណងដ៏មុតមាំក្នុងការលើកស្ទួយទំនាក់ទំនងទ្វេរភាគី ដោយឈរលើការគោរពគ្នាទៅវិញទៅមក»

អ្នកនាំពាក្យក្រសួងការបរទេស ក៏បានរំលេចផងដែរថា លោក គន់ គីម ត្រូវបានទទួលស្គាល់ជាសាធារណៈ ចំពោះការរួមចំណែកយ៉ាងច្រើនរបស់ឯកឧត្តម ក្នុងការការពារ និងថែររក្សាសុខសន្តិភាព ស្ថេរភាព និងសណ្តាប់សង្គម ហើយលោកឧកញ៉ា ទ្រី ភាព ក៏បានដើរតួនាទីដ៏សកម្មក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ បានសម្រេចដាក់ទណ្ឌកម្ម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកឧកញ៉ា ទ្រី ភាព ព្រមទាំងក្រុមគ្រួសារដោយចោទប្រកាន់ថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងប្រព្រឹត្តអំពើពុករលួយ។ ការដាក់ទណ្ឌកម្មនេះធ្វើឡើងក្រោមច្បាប់ Global Magnitsky៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖