(ភ្នំពេញ)៖ ក្រោមការលើកស្ទួយ និងគាំទ្រពេញទំហឹង ពីសំណាក់សម្តេចម៉ែ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជនមានពិការភាពទាំងឡាយ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រជាពលរដ្ឋទាំងមូល។
ជាក់ស្តែងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញ លោកស្រី ធូ រ សម្ផស្ស បានដឹកនាំសប្បុរសជន ទៅចូលរួមពិធីសំណះសំណាល និងផ្តល់អាហារបាយទឹក ដល់ជនមានពិការភាព និងចែកអំណោយដល់សមាគមតន្ត្រីសំនៀងជនពិការ ចំនួនជាង ២០០នាក់ គិតជាទឹកប្រាក់ជាង ៨លានរៀល។
ក្នុងឱកាសនោះ លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានឡើងធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាព និងការប្រឈមរបស់សមាគម។ លោកបានថ្លែងថា សមាគមនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ គឺដំបូងមានជនពិការត្រឹមជាង ២០នាក់ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ សមាគមមានសមាជិកជាង ២៥០នាក់ ដែលសុទ្ធសឹងតែជាជនមានពិការភាពភ្នែក និងកាយសម្បទា។
លោកបន្តថា កន្លងទៅនេះ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ សមាគមធ្លាប់បានជួលផ្ទះស្នាក់នៅចំនួន ៨កន្លែងរួចមកហើយ។ លុះដល់ឆ្នាំ២០១៦ ក្រោយទទួលបានការយកព្រះទ័យទុកដាក់ពីសម្តេចម៉ែ ទ្រង់បានប្រទានព្រះរាជទ្រព្យជាថវិកាចំនួន ៣៦០០០ដុល្លារអាមេរិក ដើម្បីចូលរួមទិញដី និងសាងសង់មណ្ឌលស្នាក់នៅ និងបណ្តុះបណ្តាល ដល់ជនមានពិការភាព។
លើសពីនេះ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា និងស្បៀងអាហារ ចាប់ពីឆ្នាំ២០១៤ ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ។ ក្រៅពីនេះ សម្តេចគិតព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាសម្រាប់ទិញដី និងសាងសង់មណ្ឌលស្នាក់នៅបង្ហើយតែម្តងផងដែរ។
បើតាមលោក ចាប តូ ថ្មីៗនេះ សម្តេចគតិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភរថយន្តក្រុង ៣០កៅអី ចំនួន១គ្រឿង និងផ្លូវចាក់ដោយបេតុង ១ខ្សែបន្ថែមទៀត។ លោករំលឹកថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត កាលពីឆ្នាំ២០១៧ ក៏បានឧបត្ថម្ភឧបករណ៍តន្រី្តមួយឈុតធំ ដល់សមាគមថែមទៀតផង។
លោក តាំង សុឃី បានរៀបរាប់ថា សមាគមតន្រី្តសំនៀងជនពិការនេះ កើតឡើងដំបូងដោយបាតដៃទទេ រហូតដល់សមាគម មានអគារស្នាក់នៅខ្លួនឯង។ ការតស៊ូ របស់ជនមានពិការភាព ធ្វើឲ្យជោគជ័យបានដូចក្តីប្រាថ្នា។
ជាមួយគ្នានេះ តំណាងសប្បុរសជន បានផ្តាំផ្ញើដល់ជនមានពិការភាពទាំងអស់ថា «ពិការតែកាយពិត ប៉ុន្តែបេះដូង និងចិត្តមិនពិការនោះទេ»។ ជនមានពិការភាព ត្រូវខិតខំបន្តទៀត ដើម្បីឲ្យសមត្ថភាព និងការងារកាន់តែមានភាពរីកចម្រើន ទាំងពេលបច្ចុប្បន្ន និងអនាគត។
ការចូលរួមរបស់សប្បុរសជន ក៏ដើម្បីចូលរួមអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងទិវាអន្តរជាតិជនមានពិការភាពលើកទី៣៧ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតំណាងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនផងដែរ។
តំណាងសប្បុរសជន បានបន្តថា នេះជាលើកទីមួយហើយ ដែលក្រុមរបស់ខ្លួន បានរៃអង្គាសថវិកា សម្រាប់ជួយដល់ជនមានពិការភាព។ ការជួយនេះ មិនមែនមានត្រឹមលើកទីមួយទេ ពោលនឹងមានលើកក្រោយៗទៀត តាមលទ្ធភាពដែលអាចធ្វើបាន។
នៅក្នុងឱកាសនោះ សប្បុរសជន បានឧបត្ថម្ភថវិកាចំនួន ៨លានរៀល និងមានអង្ករចំនួន ១ពាន់គីឡូក្រាម, ទឹកក្រូច, ទឹកសុទ្ធ, និងមីពីព្រះសង្ឈ ចំនួន១០កេស និងថវិកា ចំនួន ១៥ម៉ឺនរៀល។ បន្ថែមលើនេះ ឧកញ៉ា តាំង សុឃី និងគ្រួសារ ឧបត្ថម្ភថវិកា ១លានរៀល រីឯកញ្ញា ដួង សុរីដា ប្រធានសមាគមតារាបង្ហាញម៉ូតកម្ពុជា ឧបត្ថម្ភថវិកា ៥៣ម៉ឺនរៀល។
លោក ចាប តូ បានថ្លែងឲ្យដឹងទៀតថា កន្លងមកនេះសមាគមបានជួលផ្ទះគេស្នាក់នៅជាក្រុម ទទួលទានរួមគ្នា ចំណូលបានមកពីការចេញប្រគុំតន្ត្រីតាមរាជធានី/ខេត្ត ដោយប្រើឧបករណ៍ភ្លេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ឲ្យសមាគមគិតជាតម្លៃ ៣ម៉ឺនដុល្លារអាមេរិក។ ក្នុងន័យនេះ លោក ចាប តូ សូមថ្លែងអំណរអរព្រះគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្តេចម៉ែ, សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សប្បុរសជននានាទាំងអស់ ដែលបានព្រះរាជប្រទាន និងជួយដល់សមាគមរបស់លោក។
បុរសពិការភ្នែករូបនេះ សូមក្រាបថ្វាយព្រះពរ និងជូនពរដល់សម្តេចយាយ, សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សប្បុរសជននានាទាំងអស់ សូមមានព្រះជន្ម និងអាយុជាងរយវស្សា និងសូមថ្វាយព្រះពរព្រះកាយពលពលមាំមួន និងសុខភាពល្អបរិបូណ៌ជានិច្ច។
សូមជម្រាបថា សមាគមតន្ត្រីសំនៀងជនពិការ ត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១៣ ដោយលោក ចាប តូ ដែលជាជនពិការភ្នែកមើលមិនឃើញ។ សមាគមនេះមានទីតាំងស្ថិតនៅភូមិជំរាល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយក៏ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃផងដែរ។
អគារស្នាក់នៅ និងបណ្តុះបណ្តាលជំនាញជនពិការ កំពុងចាប់ផ្តើមបុកគ្រឹះសាងសង់ជារាងអក្សរ L មាន១ជាន់ ដែលរួមមានបន្ទប់ស្នាក់នៅចំនួន១៥ ហើយអគារអាចផ្ទុកមនុស្សស្នាក់នៅបាន ៦០ទៅ៨០នាក់។ បើតាមគម្រោងដែលបានគ្រោងទុក អគារនេះមានបន្ទប់ជំនាញចំនួន ៤បន្ទប់ សម្រាប់បង្រៀនចម្រៀងសម័យ ភ្លេងនិងចម្រៀងបុរាណ ព្រមទាំងមានបន្ទប់ម៉ាស្សា ចង្រ្កានបាយ រោងបាយរូម ឆាកសម្តែង កន្លែងទទួលភ្ញៀវមកទស្សនកិច្ចជាដើម។
អគារខាងលើសង់រួចរាល់ នឹងផ្តល់ផលប្រយោជន៍សម្រាប់ជនពិការភ្នែក មិនមែនតែក្នុងមណ្ឌលនេះទេ តែជនពិការនៅតាមបណ្តាខេត្តក៏អាចមកស្នាក់នៅ និងរៀនហាត់ជំនាញដើម្បីរកចំណូលចិញ្ចឹមជីវិត បានផងដែរ៕