(កោះកុង)៖ ដើម្បីរឹតចំណងមិត្តភាពសាមគ្គីភាព និងចងសម្ព័ន្ធមិត្ត ទប់ស្កាត់នៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឆ្លងដែនរវាងកម្ពុជា-ថៃ, អាជ្ញាធរខេត្តកោះកុង និងអាជ្ញាធរខេត្តត្រាត បានបើកកិច្ចប្រជុំពិភាក្សាស្ថិតនៅរីសត ក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
កិច្ចប្រជុំនេះក្រោមការដឹកនាំដោយ លោក ផៃ ធូនផ្លាមកេស អភិបាលរងខេត្តកោះកុង, លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា រួមទាំងមន្ត្រីក្រោមឱវាទ។ ភាគីខាងថៃ ដឹកនាំដោយលោក សុភមិត ឈិនស៊ី អភិបាលរងខេត្តត្រាត, លោក ផីរ៉ាក់ ការុណ អភិបាលស្រុកខ្លងយ៉ៃ រួមកម្មមន្ត្រីក្រោមឱវាទផងដែរ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩។
លោក សុភមិត ឈិនស៊ី អភិបាលរងថៃ បានថ្លែងថា សូមសមត្ថកិច្ចកម្ពុជា មានវិធានការឲ្យរឹងមាំ ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន ដែលមានជនខិលខូចចរាចរនាំឆ្លងដែន នៅតាមព្រំដែនកម្ពុជា-ថៃទាំង២។ ដូច្នេះហើយលោកសុំឲ្យសមត្ថកិច្ចកម្ពុជា មានការត្រួតពិនិត្យ ឲ្យមានតម្លាភាពកាន់តែរឹងមាំ ក្នុងចរាចរគ្រឿងញៀនតាមច្រកទ្វារអន្តរជាតិ ឬច្រករបៀង -ល- ដែលជនល្មើសប្រើគ្រប់រូបភាព ដើម្បីធ្វើចរាចរណ៍ឆ្លងដែន។
ភាគីថៃ ក៏បានសំណូមពរឲ្យសមត្ថកិច្ចដាក់សម្ពាធ ទៅលើក្រុមកម្មករអូសរទេះឆ្លងដែន និងកម្មករដឹកឥវ៉ាន់របស់ភ្ញៀវទេសចរឆ្លងដែន ឬ ឥវ៉ាន់របស់ប្រជាពលរដ្ឋចេញចូល ត្រូវឲ្យម្ចាស់អីវ៉ាន់ មកជាមួយមិនត្រូវឲ្យកម្មករ ដឹកទៅមុន ហើយម្ចាស់អីវ៉ាន់មកតាមក្រោយនោះទេ ព្រោះមួយរយៈកន្លងមកមានជនល្មើស ប្រើគ្រប់រូបភាពដូចខាងលើនេះ ដល់ពេលសមត្ថកិច្ចឆែកឃើញ មានសារធាតុញៀន ជនល្មើស បានរត់គេចខ្លួនបាត់។
លោក សុភមិត ឈិនស៊ី សុំឲ្យសមត្ថកិច្ចទាំងទ្វេភាគី មានការត្រួតពិនិត្យឲ្យបានល្អិតល្អន់ មុននឹងឲ្យភ្ញៀវទេសចរ ឬម្ចាស់អីវ៉ាន់ដឹកឆ្លងដែន បើមានបញ្ហានេះកើតឡើង សូមឲ្យសមត្ថកិច្ចទាំងសងខាង ផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកឲ្យរហ័ស។
លោក ផៃធួន ផ្លាមកេសន បានថ្លែងថា សមត្ថកិច្ចទាំងទ្វេភាគី រួមសហការគ្នា ដើម្បីទប់ស្កាត់ចរាចរណ៍គ្រឿងញៀនឆ្លងដែន ដើម្បីកាត់បន្ថយអ្នកប្រើប្រាស់គ្រឿងញៀន ហើយសមត្ថកិច្ចទាំងទ្វេភាគី ទៅធ្វើការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីខេត្តទាំងពីរ។ លោកបានបញ្ជាក់ថា កម្ពុជាពេញចិត្តក្នុងការរួមសហការជានិច្ច រាល់កិច្ចការងារក្នុងការលើកកម្ពស់របស់ថៃ។
លោកសូមឲ្យភាគីថៃធ្វើយ៉ាងណា ផ្តល់ព័ត៌មានជូនសមត្ថកិច្ចកម្ពុជា ឲ្យបានលឿនដើម្បីងាយស្រួល ក្នុងការបង្រ្កាបលើជនសង្ស័យ ជាមុខសញ្ញាតាមចាប់ខ្លួនពីប្រទេសថៃ ដែលរត់ចូលមកក្នុងទឹកដីខេត្តកោះកុង សូមឲ្យសមត្ថកិច្ចថៃ មិនត្រូវលាក់ព័ត៌មានឡើយ ហើយផ្តល់ព័ត៌មាននៅបានលឿន ដល់សមត្ថកិច្ចកម្ពុជាដើម្បីស្រាវជ្រាវ រកជនល្មើសមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕