(ភ្នំពេញ)៖ បន្ទាប់ពីត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិកូរ៉េម្នាក់ ពាក់ព័ន្ធការបោកលុយគេជិត ៣លានដុល្លារនោះ នៅពេលនេះស្រាប់តែ លេចមុខជនរងគ្រោះ ២នាក់បន្ថែមទៀត ដែលជាអ្នករកស៊ីជាមួយមកដាក់ពាក្យប្ដឹងថា ជនត្រូវចោទឈ្មោះ ផាក ហេយ៉ុង នេះធ្លាប់បោកលុយខ្លួនដូចគ្នាខ្ទង់ម៉ឺនដុល្លារ។
ទន្ទឹមនឹងមានជនរងគ្រោះបន្ថែមទៀតមកដាក់ពាក្យបណ្ដឹងនេះ ក៏មានព័ត៌មានថ្មីលេចលឺថា ជនត្រូវចោទ ផាក ហេយ៉ុង កំពុងមានការរត់ការខ្វែងដៃខ្វែងជើង ដើម្បីអន្ដរាគមន៍ដោះលែង ឲ្យនៅក្រៅឃុំផងដែរ។ នេះបើយោងតាមប្រភពព័ត៌មានពីតុលាការប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។
ម្ចាស់បណ្ដឹងទាំង ២នាក់ថ្មីនេះ សុទ្ធតែបានអះអាងថា បុរសជនជាតិកូរ៉េខាងលើ បានចែកសែកស្អុយ (សែកគ្មានលុយ) ម្នាក់ ២២ម៉ឺនដុល្លារ ហើយម្នាក់ទៀត ១លានដុល្លារឯណោះ ប៉ុន្ដែនៅពេលដែលពួកគេយកសែកនោះទៅបើកលុយនៅធនាគារ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថា សែកនោះគ្មានឡើយ។
តាមដំណើររឿងបុរសជនជាតិកូរ៉េនេះ បានបោកលុយដៃគូថា យកទៅទិញដី ប៉ុន្តែធាតុពិតគ្មានដីនោះឡើយ ហើយពេលសងលុយគេវិញ ក៏បានចេញសែក តែសែកនោះអត់មានលុយឡើយ។
គួរជម្រាបថា បុរសជនជាតិកូរ៉េម្នាក់នេះឈ្មោះ ផាក ហេយ៉ុង អាយុ៦៧ឆ្នាំ ថែមទាំងមានសញ្ជាតិខ្មែរផង ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧករណ៍ ដែលអាចជួញដូរបាន» តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ ដែលអាចជួញដូរបាន និងប្រតិបតិ្តការទូរទាត់សងប្រាក់។
សមត្ថកិច្ចរាជធានីភ្នំពេញ បានឲ្យដឹងថា ផាក ហេយ៉ុង បានបោកលុយជនរងគ្រោះជាជនជាតិកូរ៉េដូចគ្នា ជនជាតិចិន និងជនជាតិម៉ាឡេស៉ីមានប្រមាណជិត ៣លានដុល្លារអាមេរិក ហើយការចាប់ខ្លួនបានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា និងខណៈជនសង្ស័យទើបតែចុះពីលើយន្តហោះ។
សមត្ថកិច្ចបានបន្តទៀតថា ចុងក្រោយនេះបុរសឆបោកជនជាតិកូរ៉េ បានចេញសែកសងលុយទៅឲ្យក្រុមជនរងគ្រោះ ប៉ុន្តែជាសែកស្អុយ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ឈានដល់ការចេញដីកាតាមចាប់ខ្លួនតែម្តង។ ពាក់ព័ន្ធនឹងការចាប់ខ្លួនបុរសជនជាតិកូរ៉េរូបនេះ ក៏មានព័ត៌មានថា កំពុងមានការអន្តរាគមន៍យ៉ាងខ្វាត់ខ្វែងផងដែរ ដើម្បីដោះលែងឲ្យមានសេរីភាព៕