(បន្ទាយមានជ័យ)៖ ដូចអ្វីដែលប៉ងប្រាថ្នាជាយូរណាស់មកហើយ នៅពេលនេះប្រជាពលរដ្ឋរស់នៅភូមិខ្ទុមជ្រុំ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបានផ្លូវថ្មីសម្រាប់ធ្វើដំណើរ ឡើងវិញហើយ ក្រោយមានការរំលោភយកដីផ្លូវពីស្ដ្រីម្នាក់ ប្រវែងជាង ១០០ម៉ែត្រ និងទទឹង៤ម៉ែត្រ។
ការទទួលបានដីផ្លូវមកវិញនេះ ក្រោយមានការសុំកិច្ចអន្ដរាគមន៍ពីឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងមានសម្របសម្រួលដោះស្រាយពី លោក អ៊ុ រាត្រី អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីគណៈអភិបាលស្រុកមង្គលបុរី អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ។
អភិបាលស្រុកមង្គលបុរី បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះថា កាលពីម្សិលមិញ អភិបាលខេត្ត លោក និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានបន្ដចុះសម្របសម្រួលនេះឡើងវិញ ហើយនៅពេលនេះភាគីទាំងពីរ បានព្រមព្រៀងគ្នាដោយធ្វើផ្លូវវៀងថ្មីមួយទៀតសម្រាប់ធ្វើដំណើរ។
លោកថា «ដំណោះស្រាយនេះ អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានសម្រេចជួយធ្វើការឈូសឆាយធ្វើផ្លូវថ្មីជូនពលរដ្ឋដោយក្រាលថ្មមិច មានប្រវែង៨៦ម៉ែត្រ និងទទឹង៤ម៉ែត្រ ដែលឯកឧត្តមអភិបាលខេត្ត ខ្ញុំ និងឃុំជួយចេញ»។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ដែលបានណែនាំទៅរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ រហូតមានដំណោះស្រាយថ្មីជូនពួកគាត់ នៅពេលនេះ ហើយក៏អរគុណដល់អភិបាលខេត្ត និងអភិបាលស្រុក ដែលបានចុះអន្ដរាគមន៍ភ្លាមៗផងដែរ។
គួរជម្រាបថា ប្រជាពលរដ្ឋនៅក្នុងភូមិ ធ្លាប់បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ ដែលមានប្រវែង១២០ម៉ែត្រ និងទទឹង៤ម៉ែត្រ ជាផ្លូវតាំងពីចាស់បូរាណមក ហើយពួកគាត់នៅក្នុងភូមិបានដើរ ជិះកង់ បើកម៉ូតូ បើកគោយន្ត និងរហូតបើកឡានបាននោះ ឆ្លងកាត់រាល់ថ្ងៃចូលទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់។
ជាមួយគ្នានេះលោកអភិបាលស្រុក និងមន្រ្តី ក៏បាននាំយកអំណោយ និងថវិកាមួយចំនួនទៅផ្តល់ជូនស្រ្តីម្នាក់ ដែលធ្លាក់ខ្លួនចូលពេទ្យ ដោយសារតែតវ៉ារឿងនេះផងដែរ៕