(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ បានស្នើឲ្យប្រជាពលរដ្ឋបន្តរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ និងចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេស។
ការលើកឡើងបែបនេះរបស់លោក វេង សាខុន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតិក្នុងវេទិកាសាធារណៈ រៀបចំឡើងក្នុងបរិវេណវត្តឫស្សីជ្រោយ ក្នុងភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ។
វេទិកានេះ មានការចូលរួមពីសំណាក់ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ អភិបាលស្រុក សមាជិកក្រុម ប្រឹក្សាស្រុក ឃុំ ប្រធាន-អនុប្រធានការិយាល័យជុំវិញស្រុក និងបងប្អូនប្រជាពលរដ្ឋប្រមាណ៤៥០នាក់ ដែលបានអញ្ជើញមកពី ៨ភូមិគឺភូមិ៖ បឹងជ្រោយ ដូនដុំ សូទិព្វ ង៉ូង ថ្មី តាសែន ប៉ាណា និងភូមិស្គន់។
ពិធីនេះមានគោលបំណងតាមដាន ការអនុវត្តកម្មវិធីគោនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ពិសេសដើម្បីផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំ ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែស្អិតរមួត និងស៊ីជម្រៅដែលជាឱកាសល្អ សម្រាប់ថ្នាក់ដឹកនាំធ្វើការតាមដាន ពីសេចក្តីសុខទុក្ខ, បញ្ហាប្រចាំថ្ងៃ, តម្រូវការ សំណើ ឬសំណូមពរ និងដោះស្រាយបញ្ហាទាំងនោះជូនពលរដ្ឋជាបណ្តើរៗ។
លោក វេង សាខុន បានឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារ ចុះមូលដ្ឋានស្រុកជើងព្រៃ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា ទោះបីសម្តេចមិនបានអញ្ជើញ មកជួបសំណេះសំណាល ជាមួយបងប្អូនដោយផ្ទាល់ ប៉ុន្តែទឹកចិត្តគោរពស្រឡាញ់ក្តីបារម្ភគ្រប់បែប យ៉ាងរបស់សម្តេចមកលើពលរដ្ឋ នៅទូទាំងប្រទេសគ្រប់ពេលវេលា។
លោក វេង សាខុន បានជម្រាបជូនបងប្អូនថា ថ្ងៃនេះជាថ្ងៃទិវាសិទ្ធិមនុស្ស សូមឲ្យបងប្អូនប្រើប្រាស់ពេលនេះ ប្រើសិទ្ធិរបស់ខ្លួនសួរនាំពីបញ្ហាផ្សេងៗ ជុំវិញការដឹកនាំ របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានចំណេះដឹង និងព័ត៌មានបន្ថែមពីការវិវឌ្ឍន៍រីកចម្រើន របស់ប្រទេសជាតិ ក្នុងពេលបច្ចុប្បន្នពិតប្រាកដ ចៀសវាងការយល់ច្រឡំ យល់ខុស ស្តាប់ពាក្យបំភ្លៃការពិត ញុះញង់ លាបពណ៌ បំពុលបរិយាកាស ក្នុងសង្គមដោយពួកឧទ្ទាមខុសច្បាប់។
លោកបានរៀបរាប់ដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ពីដំណាក់កាលមួយ មកដំណាក់កាលមួយ ក្រោមការដឹកនាំប្រកបដ៏ភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាពពេញទូទាំងផ្ទៃប្រទេស និងកំពុងអភិវឌ្ឍន៍ប្រទេសជាបណ្តើរៗ សមស្របតាមតម្រូវការរបស់បងប្អូន គ្រប់បែបយ៉ាងមានដូចជា សន្តិសុខស្បៀងរឹងមាំ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី មន្ទីរពេទ្យ សាលារៀនគ្រប់កម្រិត ការពង្រឹង និងពង្រីកសេវាសាធារណ: ការអភិវឌ្ឍន៍វិស័យកសិកម្ម និងទីផ្សារនាំចេញកសិផល។
លោកបានបន្ថែមថា យោងលើសេចក្តីត្រូវការទាំងអស់នេះ រាជរដ្ឋាភិបាលបានដាក់ចេញ កម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលចាំបាច់ត្រូវធ្វើការអភិវឌ្ឍន៍ លើគ្រប់វិស័យជាជំហានៗ សមស្របតាមពេលវេលា និងធនធានរបស់ជាតិយើង។
លោកបានបញ្ជាក់ថា ដើម្បីឈានទៅដោះស្រាយ នូវរាល់សេចក្តីត្រូវការ ជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាព សូមផ្តាំផ្ញើសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក ឃុំ និងភូមិ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូនប្រជា ពលរដ្ឋមេត្តាបន្តរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេស និងប្រឆាំងដាច់ខាតនូវរាល់ចលនា ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោកបានស្នើចំពោះក្រុមការងារ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យមានការយកចិត្តទុកដាក់ និងអនុវត្តអនុសាសន៍របស់សម្តេចតេជោ ឲ្យបានខ្ជាប់ខ្ជួនទាន់ពេលវេលា និងមានប្រសិទ្ធភាព ជាពិសេសត្រូវបន្តផ្តល់សេវា ឲ្យបានកាន់តែល្អប្រសើរ និងប្រសិទ្ធភាព ជូនដល់ប្រជាជនគ្រប់រូប។
ក្នុងពិធីសំណេះសំណាលនេះ បងប្អូនប្រជាពលរដ្ឋបានផុលផុសចោទសួរ សំណូមពរ និងសំណើដូចជាស្តារប្រឡាយទឹក លូទឹក ជួសជុលផ្លូវលំស្នើគ្រួសក្រហម សម្រាប់ជួសជុលកែលម្អផ្លូវលំ និងសំលៀកបំពាក់ប្រជាការពារ។
ដើម្បីជួយសម្រាលទុក្ខលំបាកចែករំលែក និងដោះស្រាយសំណើលោក វេង សាខុន និងសហការីបានសម្រេចជួយឧបត្ថម្ភថវិកា តាមសំណើទាំងអស់រួមទាំង ប្រគេនបច្ច័យព្រះចៅអធិការវត្តឫស្សីជ្រោយ៤លានរៀល ទុកសម្រាប់កសាង និងដោយឡែកអ្នកដែលអញ្ជើញមកចូលរួមម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕