(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក អួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺនបានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ គឺជាសសរស្តមដ៏រឹងមាំក្នុងការ ការពារអធិបតេយ្យភាព ឯករាជ្យភាពជាតិ បូរណភាពទឹកដី និងថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណរបស់សង្គមជាតិ សេចក្តីសុខរបស់ប្រជាជន និងចូលរួមអភិវឌ្ឍន៍ប្រទេស។
ការបញ្ជាក់បែបនេះ របស់លោកឧត្តមសេនីយ៍ឯក អួន សារឿន បានធ្វើឡើងនាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ក្នុងឱកាសដែល លោកឧត្តមសេនីយ៍ បានអញ្ជើញជាតំណាង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ចាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល នាយទាហានរងជាន់ខ្ពស់ ជំនាន់ទី១១ និងបើកវគ្គបណ្តុះបណ្តាលនាយទាហានរងជាន់ខ្ពស់ជំនាន់ទី១៦ បើកវគ្គបំប៉នជំនាញទ័ពព្រៃ ជំនាន់ទី៦ កងទ័ពជើងគោក និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន វគ្គបណ្តុះបណ្តាលនាយទាហាន រងជាន់ខ្ពស់ជំនាន់ទី១១ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ្រ និល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ឯកបានថ្លែងថា ការហ្វឹកហ្វឺនបណ្តុះបណ្តាល និងការកសាងធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ពិតជាបានឆ្លើយតបយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅកសាងពង្រឹងសមត្ថភាព ជំនាញពិតប្រាកដ មានវិជ្ជាជីវៈឱ្យដល់កងទ័ពក្នុងការអភិវឌ្ឃន៍ប្រទេស និងភាពរឹងមាំលើវិស័យការពារជាតិ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ អួន សារឿន បានអញ្ជើញបំពាក់ឋានន្តរសក្តិជូនដល់នាយទាហានរងវគ្គនាយទាហានជាន់ខ្ពស់ជំនាន់ទី១១ និងប្រគល់ជូនវិញ្ញាបនបត្រ បណ្ណសរសើរ លិខិតបញ្ជាក់ការសិក្សាដល់សិក្ខាកាមបញ្ចប់វគ្គជាបន្តបន្ទាប់ ។
លោកឧត្តមសេនីយ៍ឯក អួន សារឿន បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ត្រឹមត្រូវ ប៉ិនប្រសព និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រទេសជាតិបានស្ថិតនៅក្នុងសុខសន្តិភាព សុវត្ថភាព ស្ថិរភាព និងការអភិវឌ្ឃន៍។ ទន្ទឹមនឹងនោះក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការកងទ័ពជើងគោក បានខិតខំយកចិត្តទុកដាក់ បើកវគ្គហ្វឹកហ្វឺនបំប៉ន ឱ្យដល់កងទ័ពជាប្រចាំ ដើម្បីបង្កើនធនធានមនុស្ស និងផ្តល់ជំនាញ និងចំណេះដឹងពិតប្រាកដ ជូនដល់ពួកគាត់ជាបន្តបន្ទាប់។
លោកឧត្តមសេនីយ៍ឯក អួន សារឿន បានគូសបញ្ជាក់បន្ថែមទៀតថា នាយទាហាន ពលទាហាន គ្រូយោធាចារ្យ គណៈគ្រប់គ្រងវគ្គទាំងអស់ ត្រូវឈរលើមូលដ្ឋានជាប់ជាប្រចាំ និងដោយយកចិត្តទុក្ខដាក់ខ្ពស់ ខិតខំពុះពាររាល់ការលំបាក ដោះស្រាយបញ្ហាប្រឈមលើការហ្វឹកហ្វឺន ប្រកបដោយគុណភាព បរិមាណ ឆ្លើយតបទៅនឹងភារកិច្ចការពារជាតិ សំដៅកសាងធនធានមនុស្សប្រកបដោយសមត្ថភាពគ្រប់គ្រាន់ ក្នុងជួរកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គ ពេលវិលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងទៅប្រើប្រាស់ ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ត្រូវបន្តពង្រឹងសាមគ្គីភាពបានល្អជានិច្ច។ រីឯសិក្ខាកាមដែលត្រូវហ្វឹកហ្វឺនរៀនសូត្រ បន្តត្រូវយកចិត្ត ដាក់រៀនសូត្រ បន្តស្រាវជ្រាវឯកសារបន្តែម ត្រូវមានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ ត្រូវមានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រ ឱ្យបានម៉ត់ចត់ មានអត្តចរិកល្អសាកសមជាកងយោធពលភូមិន្ទ និងបានសំណូមពរដល់គ្រូយោធាចារ្យ ត្រូវខិតខំរិះរកគន្លឹះ និងទ្រឹស្តីល្អៗ ធ្វើយ៉ាងណាឱ្យសិក្ខាកាមងាយយល់ពេលបញ្ចប់វគ្គ ទទួលបានលទ្ធផលល្អ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ បន្តគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីថែរក្សា សុវត្ថិភាពស្ថេរភាព និងការអភិវឌ្ឃន៍ប្រទេស និងរាល់សមិទ្ធផលនានាលើគ្រប់វិស័យ ដែលបានមកដោយការលំបាក ក្នុងរយៈពេល៤០ឆ្នាំកន្លងមក។
បើតាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ ពេជ សំអុន នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺន បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរងជាន់ខ្ពស់ជំនាន់ទី១១ ដែលប្រារព្ធបិទនាពេលនេះ ហ្វឹកហ្វឺននេះមានរយះពេល ០៦ខែស្មើរ១៨២ថ្ងៃ។ ចាប់បើកពិថ្ងៃទី១៧ ខែមិថុនារហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ មានសមាសភាពកម្មសិក្សាការីចូលរួមរៀនសូត្រចំនួន ១២៤នាក់។ លទ្ធផលក្រោយពេលបញ្ចប់វគ្គទទួលបាននិទ្ទេសល្អណាស់ចំនួន ០២នាក់ ល្អចំនួន ៥០នាក់ ល្អបង្គួរចំនួន ៦៧នាក់ មធ្យមចំនួន ០៣នាក់ ខ្សោយចំនួន ០២នាក់។
ចំពោះវគ្គថ្មីចំនួន ០២ទៀត ដែលត្រូវដំណើរការបើកបន្តរួមមាន៖ វគ្គបណ្តុះបណ្តាលនាយទាហានរងជាន់ខ្ពស់ជំនាន់ទី១៦ និងវគ្គបំប៉នជំនាញទ័ពព្រៃ ជំនាន់ទី៦ ហ្វឹកហ្វឺនរៀនសូត្រមានរយៈពេល ០៣ខែ ស្មើរ៩១ថ្ងៃ។ ចាប់បើកពិថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសិក្សាលើខ្លឹមសារមេរៀនរួមមាន៖ យោធារួម ជំនាញយុទ្ធវិធីថ្មើរជើង បច្ចកទេសអាវុធថ្មើរជើង អប់រំចិត្តសាស្ត្រ និងជំនាញទ័ពព្រៃ៕