(បន្ទាយមានជ័យ)៖ លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងប្រធានទីភ្នាក់ងារកិច្ចសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA) ព្រមទាំងប្រតិភូ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញធ្វើទស្សនកិច្ចនៅចំការមីននៃឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាគំរោងបោសសំអាតចំការមីន ដើម្បីភូមិសុវត្ថិភាព ដែលអនុវត្តន៍ដោយអង្គការ JMAS របស់ជប៉ុន និងអង្គភាព CMAC។ នេះបើតាមការឲ្យដឹងពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។
គំរោងសំអាតចំការមីន ដើម្បីភូមិសុវត្ថិភាពនេះ មានការបោសសំអាតមីន និងគាំទ្រករអភិវឌ្ឍន៍ជនបទ ដូចជាសាងសង់សាលារៀន ធ្វើផ្លូវជនបទផងដែរ។
គួររំលឹកថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ អង្គការ JMAS របស់ជប៉ុន បានចុះកិច្ចព្រមព្រៀងជាមួយ អង្គភាពស៊ីម៉ាក់របស់កម្ពុជា ដើម្បីផ្តល់ជំនួយគាំទ្រដល់សហគមន៍រងគ្រោះ ដោយសារតំបន់គ្រាប់មីន តាមរយៈគម្រោងកសាងភូមិសុវត្ថិភាព ដែលមានថវិកាគាំទ្រគម្រោងចំនួន១២៩,០៨០ដុល្លារ។
គម្រោងនេះមានរយ:ពេលពេល១២ខែ (០១ ខែមេសា ឆ្នាំ២០១៩ ដល់ ៣១ ខែមីនា ឆ្នាំ២០២០ ) ដែល អនុវត្តទៅលើស្រុកចំនួន២ គឺស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុក បាណន់ ខេត្តបាត់ដំបង។
គំរោងនេះគាំទ្រថវិកាដោយក្រុមហ៊ុន Kumatsu ជប៉ុន ហើយកន្លងមកបានជួយកសាងសាលារៀននៅទីជនបទ ចំនួន៩ខ្នង ស្រះទឹកខ្នាតធំចំនួន៥២ និងផ្លូវជនបទមួយចំនួន៕