(ព្រៃវែង)៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធបទល្មើសរំលោភសេពសន្ថវៈទៅលើក្មេងស្រីអនីតិជន នៅឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវកម្លាំងនគរបាលខេត្តព្រៃវែង សម្រេចឃាត់ខ្លួននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោយស្រាវជ្រាវរកបានភស្ដុតាងដាក់បន្ទុក និងតាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក ប៊ូ ប៊ុនហាង។
យោងតាមសេចក្ដីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលរក្សជ័យ នៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានទទួលពាក្យបណ្តឹងមួយច្បាប់ពីឈ្មោះ នួន មាង ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិតាពេជ្រខាងត្បូង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ពីបទរំលោភសេពសន្ថវៈ លើកូនស្រីរបស់គាត់អាយុ១១ឆ្នាំ បានចំនួន០៥ដង (ថ្ងៃខែមិនចាំ) ក្នុងឆ្នាំ២០១៩ ក្រោយពេលបានទទួលពាក្យបណ្ដឹង សមត្ថកិច្ចយើងបានកោះហៅឈ្មោះ ពិន ប៊ន មកសាកសួរតែគាត់បដិសេធថា មិនបានរំលោភលើក្មេងស្រីនោះទេ។
ដូច្នេះតាមការស្រាវជ្រាវរបស់សមត្ថកិច្ចឃើញថា ពុំទាន់មានភស្តុតាង និងការឆ្លើយបំភ្លឺរបស់ជនសង្ស័យបដិសេធ ដូច្នេះព្រះរាជអាជ្ញា មិនទាន់ឲ្យធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើទេ ដោយពុំមានភស្តុតាងគ្រប់គ្រាន់ ក្នុងការដាក់បន្ទុករង់ចាំលទ្ធផលឯកសារពិនិត្យការរំលោភផ្លូវភេទ របស់មន្ទីរពេទ្យខេត្តព្រៃវែង ហើយក៏បានអនុញ្ញាតិឲ្យគាត់ទៅផ្ទះវិញ ដោយមានការធានាពីប្រពន្ធ និងកូន។ ដូច្នេះមិនមានការដោះលែងជនសង្ស័យខាងលើឡើយ។
មកដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការកោះហៅឈ្មោះ ពិន ប៊ន មកសាកសួរម្តងទៀតតែប្រពន្ធ និងកូនជនសង្ស័យប្រាប់ថា គាត់មានជំងឺបេះដូង ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យភ្នំពេញ។
លុះដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ឈ្មោះ ពិន ប៊ន បានចូលខ្លួនមកបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរក្សជ័យ ហើយសមត្ថកិច្ចបានសាកសួរបំភ្លឺបន្ថែម បូករួមទាំងលទ្ធផលឯកសារពិនិត្យការរំលោភផ្លូវភេទវិជ្ជមាន ដែលចេញដោយមន្ទីរពេទ្យខេត្ត កម្លាំងនគរបាលក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យតាមបញ្ជារបស់លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។ បច្ចុប្បន្នបានបញ្ជូនសំណុំរឿង និងជនសង្ស័យទៅស្ថាប័នអយ្យការ ដើម្បីចាត់ការតាមនីតិវិធី៕